នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធលួចម៉ូតូ និងទទួលផលចោរកម្ម

បាត់ដំបង៖ សមត្ថកិច្ចនគរបាល ការិយាល័យជំនាញស្នងការ ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ និង រឹបអូសបានម៉ូតូ៥គ្រឿង ពាក់ព័ន្ធករណីលួច និងអ្នកទិញម៉ូតូពីចោរបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ៨ និងទី៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ ក្រោមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យ៣នាក់ ដែលបង្រ្កាបបានក្នុងករណីឆបោក ចំនួន ០៣ នាក់ មាន ០១នាក់ ជាជនដៃដល់ និង ០២ នាក់ ទៀតជាអ្នកទទួលផលចោរកម្ម( អ្នកទិញម៉ូតូ ) ព្រមទាំងដកហូត បានម៉ូតចំនួន ០៦ គ្រឿង ក្នុងនោះ ម៉ូតូប្រភេទ សេ ១២៥ ចំនួន ០៥ គ្រឿង និងម៉ាកគ្លីកចំនួន ០១ គ្រឿង ។

មន្ត្រីនគរបាល បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះរួមមាន ទី១-ឈ្មោះ នួន ខួច ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិនិមិត្តថ្មី ឃុំគោកនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ( ជនប្រព្រឹត្តិផ្ទាល់ ) ទី២-ឈ្មោះមុំ វ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ប៉ាដាក ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
( ទទួលផល ចោរកម្ម ) និងទី៣-ឈ្មោះ ខែម រ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិ អូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ទទួលផលចោរកម្ម ) ។  

មន្ត្រីនគរបាល បានបញ្ជាក់ទៀតថា  វត្ថុតាង និងជនសង្ស័យនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿង បញ្ជូន ទៅតុលាកាខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការ អំពាវនាវចំពោះប្រជាពលរដ្ឋ មេត្តប្រុងប្រយត្ន័ចំពោះសកម្មភាពឆបោក គ្រប់យ៉ាងរបស់ជនល្មើស ដែលពួកគេតែងតែ ធ្វើសកម្ម ភាពនៅពេលណាដែល ម្ចាស់ទ្រព្យទុកចិត្ត និងសូមមេត្តាដល់ជនរងគ្រោះដាក់ពាក្យបណ្តឹង និងរាយការណ៍បានទាន់ពេលវេលា មកសមត្ថកិច្ច ដែលនៅជិតបំផុតតាមដែលអាចធ្វើទៅបាន៕

នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធលួចម៉ូតូ និងទទួលផលចោរកម្ម