លោក អ៊ុំ សំអាន ប្រកាស​វិល​មក​កម្ពុជា​វិញ ដោយ​ជឿថា​រដ្ឋាភិបាល​មិន​ចាប់​លោក​ឡើយ​

​តំ​ណា​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បានប្រកាសថា រូបលោក​នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ខែមេសា ឆ្នាំ​២០១៦​នេះ ក្រោយពី​បាន​ចាក​ចេញទៅ​ក្រៅប្រទេស​ជាច្រើន​ខែ​មកនេះ ដោយសារតែ​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​រឿង​ផែនទី និង​ព្រំដែន ដែល​ត្រូវបាន​រដ្ឋាភិបាល​ព្រមាន​ថា​នឹង​ចាប់ខ្លួន​អ្នក​រិះគន់​។ តែ​លោក អ៊ុំ សំអាន ជឿជាក់ថា​រដ្ឋាភិបាល​នឹងមិន​ចាប់ខ្លួន​លោក ដោយសារតែ​ការរិះគន់​រឿង​ផែនទី​ឡើយ​។​

​បើទោះជា​មិនទាន់​ឈាន​ជើង​ជាន់​ទឹកដី​កម្ពុជា​ក៏ដោយ តែ​លោក អ៊ុំ សំអាន ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​រឿង​ផែនទី និង​ព្រំដែន​កន្លងមកនេះ អះអាងថា លោក​មិនមាន​ការព្រួយបារម្ភ​ខ្លាច​រង​ការចាប់ខ្លួន ពី​សំណាក់​រដ្ឋាភិបាល​ឡើយ​។ លោក អ៊ុំ សំអាន បង្ហាញ​សុ​ទិ​ដ្ឋ​និយម​ថា រដ្ឋាភិបាល​នឹងមិន​ចាប់ទោស​កំហុស ហើយ​ចាប់​លោក​ឃុំខ្លួន ដោយសារតែ​គ្រាន់​និយាយ​រឿង​ផែនទី និង​ព្រំដែន​នេះ​ទេ ព្រោះ​លោក​រិះគន់ ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ និង​ការពារ​ដីស្រែ​ជូន​ពលរដ្ឋ​។ 

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ទូរស័ព្ទ​ពី​សហរដ្ឋអាមេរិក​នោះ លោក អ៊ុំ សំអាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ត្រៀម​ត្រឡប់​ទៅ​កម្ពុជា​នៅ​ស​ប្ដា​ហ៏​ទី​១ ឬ​ទី​២​ខែ មេសា ខាងមុខ​។ ខ្ញុំ​មិន​ព្រួយបារម្ភ​ពី​ការចាប់ខ្លួន​ខ្ញុំ​នោះទេ ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​។​ខ្ញុំ​គ្រាន់តែ​លើក​ពី​បញ្ហា​ផែនទី និង​ព្រំដែន​នេះ ក្នុងនាម​តំណាងរាស្ត្រ​ចេញមុខ​ជំនួស​ប្រជាពលរដ្ឋ ដើម្បី​ការពារ​ដីស្រែ​ជូន​ពលរដ្ឋ​មិន​ឲ្យ​បាត់បង់​ប៉ុណ្ណោះ​។ ខ្ញុំ​ជឿថា រដ្ឋាភិបាល​នឹង​យល់ ហើយ​មិន​ចាប់ទោស​កំហុស​ខ្ញុំ និង​មិន​ដាក់ទោស​ខ្ញុំ​ដែរ »​។​

​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​កំពុង​ឃុំខ្លួន​ពាក់ព័ន្ធ​និង​ការបកស្រាយ​និង​បញ្ហា​ផែនទី​នេះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លើ​បទចោទប្រកាន់​ចំនួន​៣ គឺ​បទ​ក្លែង និង​ប្រើ ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​ម​ជ្ឈឹ​ម​។

​តែ​ត្រង់ចំណុច​នេះ​លោក អ៊ុំ សំអាន អះអាងថា ករណី​លោក និង​លោក ហុង សុខ​ហួរ គឺ​មិន​ដូចគ្នា​ទេ ។ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់ថា លោក ហុង សុខ​ហួរ បាន​លើក​អំពី​ការរំលាយ​ព្រំដែន​ប្រទេស​កម្ពុជា​-​វៀតណាម​នា​ឆ្នាំ​១៩៧៩ តាមរយៈ​សន្ធិសញ្ញា​នា​សម័យ​នោះ ដែល​ត្រូវ​រដ្ឋាភិបាល​ចោទប្រកាន់​វិញ និង​ចាប់ខ្លួន​។ តែ​លោក​គ្រាន់តែ​រិះគន់​លើក​ពី​បញ្ហា​ផែនទី និង​ព្រំដែន ដោយ​តាម​ព្រះរាជឱង្ការ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ប៉ុណ្ណោះ​។​«​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ខុស​ទេ​។​ករណី​ខ្ញុំ​និង​លោក ហុង សុខ​ហួរ ខុសគ្នា ព្រោះ​លោក ហុង សុខ​ហួរ ចោទ​រដ្ឋាភិបាល​ថា ក្លែង​ឯកសារ​សន្ធិសញ្ញា ដែល​ត្រូវ​រដ្ឋាភិបាល​ចោទប្រកាន់​វិញ​។ តែ​ខ្ញុំ​បាន​លើក​រិះគន់ថា​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​នោះ គឺថា​តាម​សម្ដេច​តា​ដែល​បាន​ប្រាប់​ខ្ញុំ​កាលពី​ឆ្នាំ​២០០៤​ថា លោក វ៉ា គឹមហុង បាន​យក​ឯកសារ​ផែនទី​ក្លែងក្លាយ​មក​ឲ្យ​ទ្រ​ង​ទត តែ​ទ្រង់​បដិសេធថា នេះ​ជា​ផែនទី​ក្លែងក្លាយ ដូចនេះ​ខ្ញុំ​ថា​តាម​សម្ដេច​តា​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុំ សំអាន មុននឹង​លោក​បន្ថែមថា បើ​លោក​ត្រឡប់មក​កម្ពុជា​វិញ​នោះ លោក​នឹងមិន​លើកយក​បញ្ហា​ផែនទី និង​ព្រំដែន​នេះ មក​រិះគន់​រដ្ឋាភិបាល​ទៀត​នោះទេ​។ តែបើ​ពលរដ្ឋ​នៅតាម​ព្រំដែន​មាន​ទុក​លំបាក​បាត់បង់​ដីធ្លី​ទៀត​នោះ គឺ​លោក​នឹង​លើកយក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល ដោយ​មិនមែនជា​ការរិះគន់​ឡើយ​។​

​បើតាម​លោក អ៊ុំ សំអាន ការណ៍​ដែល​លោក​ចេញទៅ​ស្នាក់​ក្រៅប្រទេស​នេះ មិនមែន​ដោយសារ​ខ្លាច​រដ្ឋាភិបាល​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការរិះគន់​រឿង​ព្រំដែន​ឡើយ ពោលគឺ​លោក​ត្រូវបាន​រដ្ឋសភា​ពិន័យ​មិន​ឲ្យ​ចូលរួម​ប្រជុំ​ចំនួន​១៥​ដង និង​កាត់​ប្រាក់ខែ​ខ្លួន ទើបបានជា​លោក​មាន​ពេលវេលា​ទៅ​ស្នាក់នៅ​ក្រៅប្រទេស ដើម្បី​សិក្សា​រក​ឯកសារ​ផែនទី​កម្ពុជា​ដែល​តម្កល់ទុក​នៅតាម​បណ្ណាល័យ​នៅ​ទីនោះ ដែល​លោក​ចង់ដឹង​ច្បាស់​បន្ថែមទៀត​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា បើទោះជា​លោក អ៊ុំ សំអាន បានគេច​ខ្លួន​ទៅ​ក្រៅប្រទេស ហើយ​ចង់​ត្រឡប់​កម្ពុជា​វិញ​នេះ គឺ​សិទ្ធិ​របស់លោក អ៊ុំ សំអាន ។ លោក ផៃ ស៊ី​ផាន បន្ថែមថា រដ្ឋាភិបាល​មិនទាន់មាន​ចំណាត់ការ​បែបណា​ទៅលើ​លោក អ៊ុំ សំអាន នោះឡើយ ដោយ​លោក​ថា បញ្ហា​រិះគន់​របស់លោក អ៊ុំ សំអាន មកលើ​រដ្ឋាភិបាល​នេះ គឺ​ទុក​ឲ្យ​តុលាការ​ជា​អ្នកសម្រេច​។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​មើល​នៅក្នុង​ពាក្យរិះគន់​នោះ តើ​ការរិះគន់​នោះ​ជាការ​រិះគន់​បែប​ប្រឌិត ក្លែង​ឯកសារ បំភ្លៃ​ការពិត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរាំងស្ទះ​ដំណើរការ​អភិវឌ្ឍ​រប​ស់​រដ្ឋាភិបាល​ដែរ​ឬ​អត់​។​ហើយ​ខ្ញុំ​ក៏​មិនដឹងថា​រដ្ឋាភិបាល​មាន​វិធានការ​បែបណា​ដែរ ព្រោះ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​សម្រេច​ទេ​។ ហើយ​បញ្ហា​នេះ​ទុក​ឲ្យ​តុលាការ​ជា​អ្នកសម្រេច​»។

​គួរ​បញ្ជាក់ថា កន្លងមក​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានប្រកាស​មិន​ឲ្យ​អ្នកណាម្នាក់​រិះគន់​លើ​បញ្ហា​ផែនទី និង​ព្រំដែន ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​នេះឡើយ​។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចាប់ខ្លួន​ផងដែរ ចំពោះ​អ្នកណា​ដែល​នៅតែ​បន្ត​រិះគន់ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​