ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​យោធា​ម្នាក់ ស្រវឹង​ជោគ​ជាំ​បើកបរ​រថយន្ត​ស៊េរី​ទំនើប​បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដែល​ស្រវឹង​ជោគ​ជាំ​ដូច​គ្នា ខណៈ​បត់​ឆ្វេង​ត្រង់​ចំណុច​ផ្លូវ​កោង​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ចំងាយ​ជាង​៣០​ម៉ែត្រ​ស្លាប់ យ៉ាង​អា ណោ​ច​អាធ័ម​នៅ​នឹង​កន្លែង​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​០៥​នាទី រសៀល​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លូវ​ចូល​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ ឡី សុផល ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជា​លេខាធិការ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-1329 រង​ការ​ខូចខាត​ទាំងស្រុង រស់នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ចំណែក​អ្នកបើកប​រថយន្ត​មាន ឈ្មោះ ដា  ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា ពាក់​សក្តិ​២ នៃ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​507 ដោយ​បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V- 3924 រង​ការ​ខូច​ខា ត​ផ្នែក​ខាង​មុខ និង​អ្នក​រួម​ដំណើរ​ស្រី​ក្មេង​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​អត់​រង​របួស ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ដដែល បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់​ចេញពី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ បាន​ស្រវឹង​ជោគ​ជាំ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​កន្លែង​កើតហេតុ ក៏​បត់​ឆ្វេង​ត្រង់​ផ្លូវ​មុខ​វិទ្យាល័យ បម្រុង​នឹង​ចូល​ផ្ទះ លុះ​ជិត​ផុត​ទៅ​ហើយ​ស្រាប់តែ​មាន បុរស​ម្នាក់​ទៀត​ស្រវឹង​ជោគ​ជាំ​ដែរ បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ក្នុង​ល្បឿន​លឿន ត្រង់​ចំណុច​ផ្លូវ​កោង​បណ្តាល​ឱ្យ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ខ្ទាត​ទៅ​ក្រោយ​ជាង​៥០​ម៉ែត្រ​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សបាន​បន្ថែម​ល្បឿន​ទៅ​ទិស​ខាងកើត​ដើ ម្បី​រត់គេច​ខ្លួន ហើយ​ដឹង​ថា​ខ្លួន ទៅ​ណា​មិន​រួច​ក៏​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។ សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​វាស់វែង​រថយន្ត និង​ម៉ូតូ យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ភាគី​ទាំង​សងខាង​ចូល​មក​ធ្វើកា រ​ដោ​ស្រាយ​នៅ​តុលាការខេត្ត ។

ចំណែក​សព​ជន​រង​គ្រោះ ដែល​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​អង្គភាព​យក​ទៅ​ធ្វើបុណ្យ​នៅ​បញ្ជាការដ្ឋាន​ករង​រាជ​អាវុធហត្ថ​តាម​ប្រពៃណី ។​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​រដូវ​ចូល​ឆ្នាំ​ចិន​វៀតណាម​២០១៦​នេះ ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ បើកបរ​ម៉ូតូ និង​រថយន្ត​ពេល​ស្រវឹង​ធ្លាក់​ភ្នែក​បុក​និង​ប៉ះ​គ្នា ៕