បាញ់​កាំជ្រួច៖ អ.ស.ប. ប្រកាស​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង និង​ត្រៀម​ទណ្ឌកម្ម​បន្ថែម

ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានកោះប្រជុំជាបន្ទាន់ កាលពី​ថ្ងៃ​អាទិត្យ នៅ​នឹង​ស្នាក់ការ​កណ្ដាល​របស់​ខ្លួន នាក្រុង ញ៉ូយក បានសម្រេចធ្វើការផ្ដន្ទាទោស យ៉ាងម៉ឺងម៉ាត់ ទល់នឹងសកម្មភាព​របស់​ប្រទេស​កូរ៉េខាងជើង ដែល​បាន​សាក​ល្បង បាញ់​កាំជ្រួចរយៈឆ្ងាយ ក្នុងព្រឹកថ្ងៃដដែល។
បាញ់​កាំជ្រួច៖ អ.ស.ប. ប្រកាស​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង និង​ត្រៀម​ទណ្ឌកម្ម​បន្ថែម
កាំជ្រួចផ្កាយរណប របស់ប្រទេសកូរ៉េខាងជើង ដែលគ្រោងដាក់បង្ហោះ កាលពីឆ្នាំ២០១២។ (រូបថត AFP)

ប្រតិកម្មរបស់សហគមន៍អន្តរជាតិ ប្រឆាំងនឹងសកម្មភាពរបស់ក្រុងព្យុងយ៉ាង បានធ្លាក់ចុះមកជាបន្តបន្ទាប់។ ប៉ុន្តែ​ប្រតិកម្មដែលចេញ ពីអង្គការសហប្រជាជាតិ ដែលជាអង្គការដ៏កំពូល របស់ពិភពលោក បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ នៃការបាញ់សាងល្បង កាំជ្រួចរយៈឆ្ងាយ របស់ប្រទេសកូរ៉េខាងជើង។

ក្រោយពីត្រូវបានកោះប្រជុំ ជាបន្ទាន់ភ្លាមៗ នៅស្នាក់ការកណ្ដាលរបស់ខ្លួន នាក្រុង ញ៉ូយក សហរដ្ឋអាមេរិក ក្នុងរសៀលថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០១៦នេះរួច ក្រុមប្រឹក្សាសន្តិសុខ​របស់អង្គការសហប្រជាជាតិ បាន​សម្រេចធ្វើការផ្តន្ទាទោស ដោយម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងប្រទេសកុម្មុយនីស ហើយបានអះអាងជាថ្មីថា ពី​បំណង​របស់អង្គការដ៏ធំ របស់ពិភពលោក ក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីការឆ្លើយតប ទៅនឹង​គម្រោង​ការ​អភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ។

តំណាងអចិន្ត្រៃយ៍ របស់ប្រទេសវេណេហ្សុយអេឡា នៅអង្គការសហប្រជាជាតិ លោក «Rafael Dario Ramirez Carreno» ដែលដឹកនាំការប្រជុំជាបន្ទាន់នោះ បានអះអាងថា ការបាញ់កាំជ្រួចជាថ្មីនេះ បានរំលោភខ្លាំងក្លា ទៅ​លើ​ដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានដាច់ចេញ កាលពីពេលកន្លងមក។

សម្រាប់សហគមន៍អ៊ឺរ៉ុបវិញ បានបរិហារពីការប្រើប្រាស់បច្ចេកវិទ្យា ទាក់ទងនឹងកាំជ្រួច របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ តំណាងជាន់ខ្ពស់របស់សហគមន៍អ៊ឺរ៉ុប លោក «Federica Mogherini» បានថ្លែងនៅក្នុងឱកាសនេះ ដើម្បី​ធ្វើការ​អំពាវនាវ ឲ្យមានការជជែកពិភាក្សាគ្នាឡើងវិញ។ ប្រតិកម្មខាងលើនេះ ក៏មិនខុសគ្នាប៉ុន្មាន ពីការ​លើក​ឡើង របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (Nato/ Otan) នោះដែរ។ អង្គការអន្តរជាតិមួយនេះ បាន​អំពាវនាវ​ទៅ​ក្រុង​ ព្យុងយ៉ាង ឲ្យបញ្ឈប់នូវសកម្មភាព«បង្ករឿង» តទៅទៀត។

កាលពីថ្ងៃអាទិត្យ ទូរទស្សន៍ជាតិរបស់ប្រទេសកូរ៉េខាងជើង បានអះអាងថា ការបាញ់កាំជ្រួច​របស់​ប្រទេស​ផង​ខ្លួន បានអនុញ្ញាតឲ្យប្រទេសនេះ ដាក់ឲ្យដំណើរការនូវប្រព័ន្ធផ្កាយរណប ឈ្មោះ «Kwangmyong» ទី៤ ដើម្បី​ឃ្លាំ​ពិនិត្យ​មើលមក​ផែនដី។ របបកុម្មុយនីសក្រុង ព្យុងយ៉ាង បានបញ្ជាក់ទៀតថា កម្មវិធីអវកាសរបស់ខ្លួន មាន​លក្ខណៈ​បម្រើ​ឲ្យ«វិទ្យាសាស្ត្រ»សុទ្ធសាធ ដែលផ្ទុយពីការលើកឡើង របស់ការលើកឡើង របស់ប្រទេស​ជិត​ខាង និង​អ្នក​ឃ្លាំ​មើល​សភាពការណ៍ នៅក្នុងតំបន់។

ក្រុមអ្នកជំនាញ បានបង្ហាញការបារម្ភ របស់ពួកគេ ថាការបាញ់កាំជ្រួច របស់កូរ៉េខាងជើងនេះ អាចជាជំហាន ទៅ​រកការសាកល្បងអាវុធរយៈឆ្ងាយ និងជាការបន្ថែមសមត្ថភាព ទៅក្នុងវិស័យយោធារបស់ខ្លួន ក្នុង​ការ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក។

ចំពោះឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ អ្នកស្រី សាមនថា ផាវ័រ (Samantha Power) បាន​ថ្លែងឡើងថា៖ «យើងនឹងរងចាំមើល ពីអ្វីដែលក្រុមប្រឹក្សាសន្តិសុខកំណត់ ក្នុងការដាក់ទណ្ឌកម្ម ដ៏ចាំបាច់​មួយ»។ គួររំលឹកដែរថា បន្ទាប់ពីការសាកល្បងគ្រាប់បែក របស់កូរ៉េខាងជើង នៅថ្ងៃទី៦ ខែមករា កន្លងមកនេះ សហរដ្ឋ​អាមេរិក និងប្រទេសចិន បានព្រមព្រៀងគ្នា ស្ដីពីការដាក់ទណ្ឌកម្មថ្មីៗ បន្ថែមទៀត ទៅលើ​ប្រទេស​កូរ៉េ​ខាង​ជើង ដែលជាមិត្តយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រ របស់ប្រទេសចិន៕