អ្នក​តស៊ូ​មតិ​សុំ​អាមេរិក​ដាក់​សម្ពាធ​មេដឹកនាំ​អាស៊ាន​ឱ្យ​បើក​ទូលាយ​សិទ្ធិ​បញ្ចេញ​មតិ

អ្នក​តស៊ូ​មតិ​សុំ​អាមេរិក​ដាក់​សម្ពាធ​មេដឹកនាំ​អាស៊ាន​ឱ្យ​បើក​ទូលាយ​សិទ្ធិ​បញ្ចេញ​មតិ

រូបថត​ឯកសារ៖ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា នៃ​សហរដ្ឋ​អាមេរិក​ចាប់​ដៃ​មេដឹកនាំ​ម៉ាឡេស៊ី វៀតណាម ថៃ និង​មេ​ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​​​ក្នុង​អំឡុង​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ក្រុង​កូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។សេរីភាព​សារព័ត៌មាន​ ត្រូវ​បាន​គាបសង្កត់ តាម​រយៈ​ច្បាប់​និង​បទប្បញ្ញត្តិ​ថ្មីៗ ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ភាគច្រើន​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ។ នេះ​បើ​យោង​តាម​អង្គការ​ Freedom House។ វ៉ាស៊ីនតោន—

ខណៈ​ដែល​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំ​គ្នា​ជាមួយ​មេដឹកនាំ​អាមេរិក​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័ញ៉ា​នៅ​ថ្ងៃ​ទី​១៥ និង​១៦ ខែ​កុម្ភៈ​នេះ ក្រុម​អ្នក​តស៊ូ​មតិ​ខាង​សារព័ត៌មាន​ឯករាជ្យ​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក នឹង​ចាប់​យក​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន‍~អាមេរិក​នេះ ដើម្បីដាក់​សម្ពាធ​លើ​មេដឹកនាំអាស៊ាន​ទាំង​នេះ​ ឲ្យអនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ក្រុម​អ្នក​តស៊ូ​មតិ​ខាង​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​លើក​ឡើង​ថា មន្ត្រី​អាមេរិក​ គួរ​ចាប់​យក​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អាមេរិក​នៅសប្តាហ៍​ក្រោយ​នេះ ដើម្បី​ជំរុញ​មេដឹកនាំ​អាស៊ាន ឲ្យ​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

លោក ហ្សន គ្រីស្ពីន (Shawn Crispin) តំណាង​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​គណៈកម្មការ​ការពារ​អ្នកកាសែត (ឬ​ Committee to Protect Journalists) បាន​មាន​ប្រសាសន៍​បែប​នេះ ពី​ទីក្រុង​បាងកក នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ជាមួយ​ VOA ​កាល​ពី​ពេល​ថ្មីៗ​នេះ។

«យើង​សង្ឃឹម​ថា លោក​ប្រធានាធិបតី​ អូបាម៉ា នឹង​ផ្តល់​អាទិភាព​លើ​តម្រូវ​ការ​ ខាង​សេរីភាព​សារព័ត៌មាន​ដ៏​ទូលំទូលាយ​ជាង​នេះ នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ» ។

មេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ ជាមួយ​មេដឹកនាំ​អាមេរិក​ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ថ្ងៃ​ទី​១៥​និង​១៦​ខែ​កុម្ភៈ​នេះ ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន​រួម​ទាំង​ពាណិជ្ជកម្ម​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ។

ប៉ុន្តែ​លោក ហ្សន គ្រីស្ពីន នៃ​គណៈកម្មការ​ការពារ​អ្នក​កាសែត ថ្លែង​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​កាន់តែ​ស៊ី​ជម្រៅ​រវាង​ភាគី​ទាំង​ពីរ​(អាស៊ាន​និង​អាមេរិក) គួរ​តែ​ត្រូវ​បាន​កំណត់​ ទៅ​លើ​ការ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ដោយ​ផ្អែក​លើ​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​តាម​បែប​អាមេរិកាំង។

«នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ងាក​មក​រក​តំបន់​អាស៊ីអាគ្នេយ៍​ម្ដង​ទៀត ដោយ​សារ​តែ​សារសំខាន់​ខាង​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​នៃ​តំបន់​នេះ ជាពិសេស ដើម្បី​ឲ្យ​មាន​លំនឹង​ជាមួយ​ចិន នៅ​ក្នុង​ល្បែង​ ប្រកួត​ប្រជែង​គ្នា​រវាង​មហាអំណាច​ទាំង​ពីរ​នេះ យើង​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក នឹង​រក្សា​អាទិភាព​លើ​បញ្ហា​ដូចជា សេរីភាព​សារព័ត៌មាន និង​ច្បាស់​ណាស់ ​ក្នុង​ន័យ​ទូលំទូលាយ​ជាង​នេះ គឺ​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទាំង​នេះ»។

សេរីភាព​សារព័ត៌មាន​ ត្រូវ​បាន​គាបសង្កត់ តាម​រយៈ​ច្បាប់​និង​បទប្បញ្ញត្តិ​ថ្មីៗ ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ភាគច្រើន​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ។ នេះ​បើ​យោង​តាម​អង្គការ​ Freedom House។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដដែល​នេះ បាន​លើកឡើង​ថា ទោះបីជា​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​កំណត់​និង​ការ​ពារ​ការងារ​របស់​អ្នក​សារព័ត៌មាន​ក៏​ដោយ ក៏​ច្បាប់​នៅ​ក្នុង​ប្រទេស​ឡាវ និង​វៀតណាម បាន​តម្រូវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើរ​តួ​ជា​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​ផ្ទាល់​ពី​រដ្ឋាភិបាល​ឬ​គណបក្ស​តែ​មួយ​ ដែល​គ្រប់គ្រង​ប្រទេស​ទាំង​នេះ។

លោក ហ្សន គ្រីស្ពីន នៃ​គណៈកម្មការ​ការពារ​អ្នក​កាសែត ​ថ្លែង​ថា ការ​ចូល​ពាក់ព័ន្ធ​របស់​អាមេរិក​ ទៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ គួរ​តែ​សំអាង​លើ​ការ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន​ច្រើន​ជាង​មុន​នៅ​ក្នុង​តំបន់​នេះ និង​ការ​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ ដែល​កំពុង​ជាប់​ពន្ធនាគារ ដោយ​សារ​ការ​បំពេញ​ការងារ​សារព័ត៌មាន​របស់​ពួកគេ តួយ៉ាង​ដូច​ជា អ្នក​សរសេរ​ព័ត៌មានតាម​គេហទំព័រ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម​ជាដើម។

«នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក ចូល​ប្រឡូក​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ យើង​សង្ឃឹម​ថា​ សហរដ្ឋ​អាមេរិក ​នឹង​ធ្វើការ​ទាមទារ មិន​ត្រឹម​តែ ឲ្យ​មាន​ការ​ដោះលែង​អ្នក​សារព័ត៌មាន​ ដែល​ជាប់​ពន្ធនាគារ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​តាម​បណ្ដាញ​អ៊ីនធឺណិត និង​តាម​គ្រប់​ទម្រង់​ទាំង​អស់ ​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​រលក​ធាតុអាកាស​ផង​ដែរ» ។

លោក ហ្សន គ្រីស្ពីន មាន​ប្រសាសន៍​បន្ថែម​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គ្រប់គ្រងដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច ហើយ មាន​សារព័ត៌មាន​បោះពុម្ព​ និង​ផ្សាយ​តាម​វិទ្យុ​តិចតួច​ប៉ុណ្ណោះ ដែល​មាន​ឯករាជ្យ​ភាព ហើយ​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មានរិះគន់​រដ្ឋាភិបាល​លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

ប៉ុន្តែ អ្នក​វិភាគ​ខ្លះ លើកឡើង​ថា គេ​រំពឹង​ថា មេដឹកនាំ​នៃ​ភាគី​ទាំង​ពីរ​គឺ​អាស៊ាន​និង​អាមេរិក នឹង​ផ្តល់​អាទិភាព​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​តំបន់ ជាជាង​បញ្ហា​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ពួកគេ​នៅ​សប្តាហ៍​ក្រោយ​នេះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហ្សន គ្រីស្ពីន នៃ​គណៈកម្មការ​ការពារ​អ្នក​កាសែត ​លើកឡើងថា ទោះបី​ជា​មេដឹកនាំ​ទាំង​នេះ នឹង​ផ្តោត​សំខាន់​ទៅលើ​កំណើន​សេដ្ឋកិច្ច​ក៏ដោយ ក៏​ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ ពួកគេ ចាំបាច់ ​ត្រូវ​តែ​ផ្តល់​អាទិភាព​ដល់​បញ្ហា​សេរីភាព​សារព័ត៌មាន​និងសារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ ដើម្បី​ធានា​ថា កំណើន​សេដ្ឋកិច្ច​ដែល​ប្រទេស​ទាំង​នេះ សម្រេច​បាន​ គឺ​មាន​តម្លាភាព​និងស្ថិរភាព​យូរ​អង្វែង៕