លោក សោម សម្បត្តិ បង្ហាញ ៧ ចំណុចបញ្ជាក់​​​ពី​គុណភាព​​​នៃភាព​ជា​អ្នក​ដឹកនាំ

លោក សោម សម្បត្តិ បង្ហាញ ៧ ចំណុចបញ្ជាក់​​​ពី​គុណភាព​​​នៃភាព​ជា​អ្នក​ដឹកនាំ

លោក សោម សម្បត្តិ ជា​បុគ្គល​ជោគជ័យ​មួយ​រូប ដែល​ខំ​ប្រឹង​តស៊ូ​តាំង​ពី​ជីវភាព​ខ្សត់ខ្សោយ រហូត​ក្លាយ​ជានាយក​ប្រតិបត្តិ​ នៃ​​សហគ្រាស ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint ដ៏​ល្បី​ឈ្មោះក្នុង​វិស័យ​ជំនួញ​ និង​លេច​មុខ​ជាវាគ្មិន ក្នុង​​​កម្មវិធី​ជាច្រើន​នៅ​កម្ពុជា។ យ៉ាងណា ក្នុង​សិក្ខាសាលាមួយ​​ស្ដី​ពី “សិល្បៈ​នៃ​ការ​ដឹក​នាំ” កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៤ ខែ​កមរា ឆ្នាំ​២០១៦​ ក៏​មាន​វត្តមាន​កូន​ច្បង់​គ្រួសារ​ដែល​មាន​កម្រិត​វប្បធម៌ ត្រឹម​ថ្នាក់​ទី ៦ រូប​នេះដែរ ដោយ​លោក​បាន​បង្ហាញចំណុច​សំខាន់ៗចំនួន ៧ ​បញ្ជាក់​​​ពី​គុណភាព​​​នៃ​ភាព​ជា​អ្នក​ដឹកនាំ ដល់​អ្នកចូលរួមជាងមួយ​រយ​នាក់។ ៧ ចំណុច​​​ដែល​លោក​បាន​បង្ហាញ​រួម​មាន៖ ​

 

លោក សោម សម្បត្តិ បង្ហាញ ៧ ចំណុចបញ្ជាក់​​​ពី​គុណភាព​​​នៃភាព​ជា​អ្នក​ដឹកនាំ

 

 

១. ទស្សនវិស័យ ៖ បើ​អ្នក​មិន​អាច​មើល​ឃើញ​ថា អ្នក​ក្លាយ​ជា​អ្នកណា អ្នក​នឹង​មាន​អនាគត​មួយ ដែល​មិន​ប្រាកដប្រជា។ ដូច្នេះ​អ្នក​ត្រូវ​មាន​ទស្សនៈ​វិស័យ​ច្បាស់​លាស់។

 

២. ក្លាហាន (ហ៊ាន) ៖ អ្នក​ខ្លះ​​ខ្លាច​រហូត​ដល់​ថា គ្រាន់​តែ​គិត​ក៏​មិន​ហ៊ាន​គិត​ដែរ។ ការពិត​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ គ្រាន់​តែ​ជា មនុស្ស​ដែល​ហ៊ាន​គិត​នូវ​អ្វី ដែល​អ្នក​ធម្មតា​មិន​ហ៊ាន​គិត ហ៊ាន​សម្រេច​នូវ​អ្វី​ដែល​អ្នក​ធម្មតា មិន​ហ៊ាន​សម្រេច ហើយ​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ធម្មតា មិន​ហ៊ាន​ធ្វើ។ អ្វី​ដែល​ខុស​គ្នា​រវាង​មនុស្ស​ធម្មតា និង​មនុស្ស​មិន​ធម្មតា​ធំ​បំផុត គឺ​ហ៊ាន​នឹង​មិន​ហ៊ាន។

៣. សុចរិត ៖ អ្វី​ដែល​ពិបាក​ជាង​រក​ប្រាក់​គឺ​មិន​ចេះ​ស្មោះត្រង់ “សុចរិត​ភាព”។ សួរ​ថា​បើអ្នក​​មាន​ប្រាក់ យើង​រក​ស៊ី​ជាមួយ​មនុស្ស​មិន​ស្មោះត្រង់​ទេ? តើ​អ្នក​​អាច​សម្រេច​កិច្ច​ការ​ធំដុំ​បាន​ ដោយ​សហការ​ជាមួយ​មនុស្ស មិន​ស្មោះត្រង់​ទេ? “សុចរិត​ភាព​គឺ​ជា​ប្រភព​ទន់​ដ៏​សំខាន់”។

 

៤. ការ​ឱនលំទោន ៖ របាំង​ដែល​នាំ​ឱ្យ​មនុស្ស​រីកចម្រើន​បាន​តិច មក​ពី​ឆាប់​ធ្វើ​ចេះ​ពេក។ មនុស្ស​ដែល​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ​តិច មក​ពី​ឆាប់​វាយឫក​ពេក។ អ្នក​​និយាយ​មិន​បាន​ល្អ មក​ពី​អ្នក​មិន​សូវ​ចេះ​ស្ដាប់។ អ្នក​​ដឹកនាំ​ដែល​មិន​ល្អ មក​ពី​មិន​ចេះ​ធ្វើ​ជា​អ្នក​បម្រើ​ល្អ។ ទី​បំផុត​អ្នក​នឹង​ខាត​បង់ ដោយសារ​អ្នក​មិន​ចេះ​ឱនលំទោន។ អ្នក​មិន​ដាក់​ខ្លួន​ឱ្យ​តម្លៃ​អ្នកដទៃ អ្នកដទៃ​​ក៏​មិន​ដាក់​ខ្លួន​ឱ្យ​តម្លៃ​អ្នក​វិញ​ដែរ។ ពេល​ខ្លះ​យើង​ធ្វើ​ចេះ​មិន​កើត ពេល​ខ្លះ​ចេះ​​ធ្វើ​ល្ងង់​នាំ​ឱ្យ​អ្នក​កាន់​តែ​ចេះ។

 

៥. យុទ្ធសាស្ត្រ ៖ មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់​បាន​ជោគជ័យ ប៉ុន្តែ​តិច​ណាស់​អ្នក​ដែល​ធ្វើ​ការ​​នាំ​ឱ្យ​ទទួល​បាន​ជោគជ័យ។ អ្នក​ខ្លះ​ចំណាយ​ពេល​រៀន​រាប់​ឆ្នាំ ថែម​ទាំង​ធ្វើ​ការ​រាប់​ឆ្នាំ ប៉ុន្តែ​ខ្វះ​គំនិត​ច្នៃប្រឌិត ខ្វះ​គំនិត​ថ្មី និង​មិន​ចេះ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ។

 

៦. ការ​ផ្ដោត ៖ គិត​ឱ្យ​យូរ ចិត្ត​ឱ្យ​ស៊ូ អារម្មណ៍​ស្ងប់​ ជៀសវាង​កុំ​ចាប់​នេះ​កុំ​ចាប់​នោះ មិន​ច្បាស់​ត្រង់​ណា។ បើ​ខ្វះ​ការ​ផ្ដោត នឹង​នាំ​ឱ្យ​អ្នក​​ធ្វើ​កិច្ចការ ៨០ យក​លទ្ធផល ២០ ជំនួស​ឱ្យ​ធ្វើ​ការ ២០ យក​លទ្ធផល ៨០។

 

៧. ការ​សហការ ៖ សុខដុម​បាន​មក​ពី​មនុស្ស​ចង់​រស់នៅ និង​ធ្វើ​ការ​ជាមួយ​គ្នា។ បញ្ហា​ធំ​បំផុត​នោះ គឺ​មនុស្ស​​មិន​អាច​​អាច​រស់​នៅ និង​​ធ្វើការ​ជាមួយ​គ្នា​បាន។ កិច្ច​សហការ​រវាង​មនុស្ស គឺ​ជា​សមត្ថភាព​របស់​អ្នក​ដឹកនាំ​ដែល​រួម​មាន គិត​ត្រូវ សម្រេច​ត្រូវ ធ្វើ​ត្រូវ ទៀងត្រង់ ស្មោះត្រង់ និង​ព្រហ្មវិហារ​ធម៌៕

 

ចុចអាន៖ CEO វ័យក្មេង សេង ពិសិដ្ឋ ប្រាប់​ពី​យុទ្ធសាស្ត្រ រក្សា​បុគ្គលិក​ល្អ​ឱ្យ​នៅ​ធ្វើការ​បាន​យូរ ​

ចុចអាន៖ ជា សុផល្លា៖ បុគ្គលិក​ត្រូវ​ធ្វើ ១២ ចំណុច​​​នេះ បើ​ចង់​ឱ្យ​កន្លែង​ធ្វើការ​មាន​ភាព​​ល្អ​ប្រសើរ

 

អត្ថបទ៖ អ៊ុំ សុភក្តិ ​