លេបថ្នាំ​ពន្យារកំណើត​យូរ​ គ្មាន​លទ្ធភាព​មានគភ៌ ?

Doliprane TVC

​មុខងារ​ចម្បង​របស់​ថ្នាំ​ពន្យារកំណើត​គឺ​ទៅ​បង្អាក់​សកម្មភាព​បញ្ចេញ​ពង​ពី​អូវែរទើប​មិន​ផ្តល់ឱកាស​ឱ្យ​មេជី​វិត​បុរស​មកជួប​ប្រសព្វ​ជាមួយ​ពង​ស្ត្រី ដូចនេះ​ការបង្ក​កំណើត​ត្រូវបាន​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព ។ ប្រសិនជា​អ្នក​ភ្លេច​មិនបាន​លេបថ្នាំ​ពន្យារកំណើត​ឱ្យបាន​ទៀងទាត់ ដំណើរការ​អ័រម៉ូន​នឹង​ផ្លាស់ប្តូរ​ភ្លាមៗ​ធ្វើឱ្យ​មានឱកាស​ទម្លាក់​ពង​ពី​អូវែរ ជាហេតុ​ធ្វើឱ្យ​ស្ត្រី​ប្រឈម​នឹង​ការ​មានគភ៌​ដោយ​មិនបាន​ត្រៀម​ទុក ។ ប៉ុន្តែស្ត្រី​ភាគច្រើន​បារម្ភ​យ៉ាងខ្លាំង ព្រោះ​គិតថា​បើ​ប្រើ​ថ្នាំ​ពន្យារកំណើត​រយៈ ពេល​យូរ​អាចធ្វើឱ្យ​លទ្ធភាព​នៃ​ការ​មានគភ៌​ជួប​ផលវិបាក ។ ជាក់ស្តែងទោះជា​អ្នក​ប្រើ​ថ្នាំ​ពន្យារកំណើត​បាន​ត្រឹម ១០ សបា្តហ៍ ១០ ខែ ឬ លើស ពី ១៥ ឆ្នាំ អ្នក​ក៏​នៅតែ​អាច​មានគភ៌​ប្រសិន​អ្នក​ឈប់​លេបថ្នាំ​ពន្យារកំណើត ព្រោះ​នៅពេល​អ័រម៉ូន​ការពារ​ដែល​បានមកពី​ថ្នាំ​ពន្យារកំណើត​មិនបាន​រក្សា​ឱ្យនៅ​ថេរ​អ័រម៉ូន​ដែល​ជំរុញ​ឱ្យ​ការទម្លាក់​ពង​នឹង​កើនឡើង ។​

​ជាទូទៅ​ក្រោយពី​ឈប់​លេបថ្នាំ​ពន្យារ​កំ​ណើ​រ​ការទម្លាក់​ពង​ពី​អូវែរ​នឹងមាន​ដំណើរការ​ឡើងវិញ​ក្នុង​រយៈពេល ២ ទៅ ៣ សបា្តហ៍ ។ សម្រាប់​ស្ត្រី​ខ្លះ​ក្រោយពី​បញ្ឈប់​ប្រើ​មធ្យោបាយ​ពន្យារកំណើត​ដោយ​ថ្នាំ​គ្រាប់ ពួកគេ​ច្រើន តែ​ប្រឈម​នឹង​ការ​មក​រដូវ​មិន​ទៀងទាត់ ឈឺចាប់​មុន និង ក្នុងពេល​មក​រដូវ ។ អ្នក​ប្រហែលជា​មិនទាន់​ដឹង​ទេ ថា គុណប្រយោជន៍​របស់​ថ្នាំ​ពន្យារកំណើតមិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ជួយ​ការពារ​មិនឱ្យ​មានគភ៌​ទេ វា​ថែមទាំង​បំបាត់​អា​ការមិន​ស្រួលខ្លួន​មុន និង កំលុងពេល​មក​រដូវ​ធ្វើឱ្យ​រដូវ​មក​ទៀងទាត់ ការពារ​មហារីក​អូវែរ និង មហារីក​ស្បូន ៕​