ជួល​ឃាតករ​តាម​បាញ់​គូទំនាស់​មុខ​ហាង​យ៉ាំង​ចូ​វ ប្លាត​គ្រាប់​ត្រូវ​សន្តិសុខ​និង​អ្នក​បើករថយន្ត​របួស​៣នាក់

ជួល​ឃាតករ​តាម​បាញ់​គូទំនាស់​មុខ​ហាង​យ៉ាំង​ចូ​វ ប្លាត​គ្រាប់​ត្រូវ​សន្តិសុខ​និង​អ្នក​បើករថយន្ត​របួស​៣នាក់

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ឈ្លោះប្រកែក​គ្នា សង្ស័យ​ភាគី​ម្ខាង​បាន​ជួល​ខា្ម​ន់​កាំភ្លើង​តាម​បាញ់ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ បែរជា​ប្លាត​គ្រាប់​ទៅ​បង្ក​របួស​សន្តិសុខ​ហាង​និង​អ្នក​បើករថយន្ត​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ កុម្ភៈ តាម បណ្តោយ​ផ្លូវ​២៥២ នៅ​ចំណុច​ហាង​ម៉ាស្សា​២៥២ ក្បែរ​ហាង​យ៉ាំង​ចូ​វ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ ១.​ឈ្មោះ ណា​ន ដា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ  ជា​សន្តិសុខ​យាម​ហាង​ម៉ាស្សា​២៥២ រង​របួស​បៀម​គ្រាប់​ជាប់ដៃ​ខាងឆ្វេង ២.​ឈ្មោះ ស្នា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ រង​របួស​បញ្ឆិត​លើ​ដោះ​ខាងឆ្វេង និង​៣.​ឈ្មោះ ក្តី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នកបើកបរ រង​របួស​បញ្ឆិត​ពោះ ។

តាម​សម្តី​របស់​សាក្សី​ឈ្មោះ មាស ម៉ា​និ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ទាក់​សំដី​គ្នា​ជាមួយ​ប្តី​ប្រពន្ធ​ពីរ​នាក់ ប្តី​មានឈ្មោះ បុល និង​ប្រពន្ធ​ឈ្មោះ ល័​ក្ខ នៅ​ចំណុច​ផ្លូវ​៦៣ ម្តុំ​ស្រែអំបិល នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ បន្ទាប់​មក​ស្ដ្រី​ឈ្មោះ ល័​ក្ខ ដែល​ត្រូវជា​ប្រពន្ធ​នោះ​បាន​គំរាម​គាត់​ថា ប្រយ័ត្ន​ខ្លួន​បន្តិចទៀត​ដឹង​គ្នា​ហើយ តែ​គាត់​មិន​បាន​តបត​អី​នោះ​ទេ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ ហើយ​ចូល​ទៅ​ហូប​អី​នៅ​ហាង​ទា​អាំង​យ៉ាំង​ចូ​វ ។

ក្រោយ​ពី​ហូប​អាហារ​រួច​ហើយ​ក៏​បាន​ដើរ​ចេញ​មក​យក​ម៉ូតូ​ដែល​ផ្ញើ​នៅ​មុខ​ហាង ។ ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​បី​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បាន​ជិះ​មក​ដល់ ហើយ​ជន​ដៃដល់​ដែល​អង្គុយ​កណ្តាល​បាន​ដក​កាំភ្លើងខ្លី បាញ់​សំដៅ​មក​លើ​រូប​គាត់​ចំនួន​៤​គ្រាប់ តែ​បាញ់​អត់​ត្រូវ​បែរជា​ប្លាត​ទៅ​ត្រូវ​សន្តិសុខ​ម្នាក់​យាម​នៅ​មុខ​ហាង​របួសធ្ងន់ និង​អ្នក​បើករថយន្ត​២​នាក់​ទៀត​របួសស្រាល ហើយ​ខ្មាន់កាំភ្លើង​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​រត់គេច​ទៅ​ដល់​ផ្លូវ​២៥២​កែង​ផ្លូវ​៦៣ បាន​ដក​កាំភ្លើង​បាញ់​ភ្ជុ​ច​ដី​ចំនួន​២​គ្រាប់​ទៀត ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​អត់​មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ទំនង​ជាប់រវល់​សែន​ចិន​ផង​ក៏​មិនដឹង ។

ក្រោយ​ពេល​កើតហេតុ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ទៅ​ដល់ ភ្លាម​ៗ​រក​ឃើញ​សំបក​គ្រាប់​ចំនួន​៣ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ស្នា នឹង​ក្តី ត្រូវ​បាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ។ រីឯ​ម្នាក់​ទៀត​ត្រូវ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។

តាម​សាក្សី​ដដែល​ថា ខ្មាន់កាំភ្លើង​ទាំងនេះ​សង្ស័យ​ស្ដ្រី​ដែល​គំរាម​លោក​ជា​អ្នក​ជួល​ឱ្យ​បាញ់​សម្លាប់​លោក បែរជា​គ្រាប់​ទៅ​ត្រូវ​អ្នក​ដទៃ ។ គេ​មិន​បាន​ទទួល​ព័ត៌មាន​លំអិត​នោះ​ទេ​ពី​ជម្លោះ​គ្នា​ដោយសារ​អ្វី ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​កំរិត​ណា ទើប​រហូត​មាន​ជួល​ឃាតករ​មក​បាញ់​សម្លាប់​គូប​ដិ​បក្ស​នេះ ។ ទោះបីជា​បែប​ណា​មិន​អាច​ស្វែងរក​ករណី​ជាប់ចោទ​មក​ធ្វើការ​បំភ្លឺ​បាន​នោះ​ទេ​នៅ​ថ្ងៃ​៩ កុម្ភៈ ៕