​តុលាការ​​ខេត្ត​មណ្ឌលគិរី​ចេញ​ដីកា​ទី២​​​​​ចាប់​អតីត​មន្ត្រី​​កងរាជ​​អាវុធហត្ថ​ម្នាក់​ទាក់​ទិន​នឹង​ការ​បាញ់​​​

កាលពី​ថ្ងៃ​សុក្រ ​តុលាការ​ខេត្ត​​មណ្ឌលគិរី​​​បាន​ចោទ​​​ប្រកាន់​អតីតមន្ត្រី​កង​រាជអាវុធ​ហត្ថ​​​​ដែល​រត់​គេច​ខ្លួន​ម្នាក់​ពីបទ​ប្រើ​អាវុធ​ខុស​ច្បាប់​ ​​ដោយ​បន្ថែម​ទៅ​នឹង​ដីកា​​ឆ្នាំ​២០១៤ ដែល​ចេញ​បន្ទាប់ពី​​ជន​សង្ស័យ​រូប​នេះ​​បាន​​យក​កាំភ្លើង​ភ្ជង់​​អភិបាល​ស្រុក​។

លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញា​រង​​អម​សាលា​ដំបូង​ខេត្ត​​បាន​និយាយ​ថា តុលា​ការ​បាន​ចោទ​ប្រកាន់​​ឈ្មោះ ស៊ូ ម៉ារិទ្ធ ​អាយុ​៣៧​ឆ្នាំ ពីបទ​ប្រើ​អាវុធ​ខុស​ច្បាប់​កាលពី​ថ្ងៃ​សុក្រ​ដោយ​​កំបាំង​មុខ​ បន្ទាប់​ពី​គាត់​បាន​បាញ់​​ទៅ​លើ​មួយ​គ្រាប់​។

លោក​ សុវណ្ណថេត បាន​និយាយ​ថា យោង​​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ និង​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា ”​ជន​ល្មើស​​បាន​បាញ់​​ទៅ​លើ​មួយ​គ្រាប់​នៅ​ពេល​ក្រុម​អ្នក​ជំនាញ​មក​ពី​រដ្ឋបាល​ព្រៃឈើ​ និង​​​កងកម្លាំង​រាជអាវុធហត្ថ​ស្រុក​កែវសីមា​ បាន​​ទៅ​ផ្ទះ​របស់​គាត់​ ហើយ​បាន​ឮ​ស្នូរ​កាំភ្លើង​​បាញ់​ចេញពី​ផ្ទះ​របស់​គាត់​”។

លោក​បាន​បន្ថែម​ថា “​ខ្ញុំ​មិន​ប្រាកដ​ថា នរណា​​​បាន​បាញ់​ទេ។ ប៉ុន្តែ​ស្នូរ​បាញ់​នោះ​បាន​ចេញ​ពី​ផ្ទះ​របស់​​ ស៊ូ ម៉ារិទ្ធ”។

ក្រោយ​ពី​បាញ់​​កាំភ្លើង​រួច​ លោក ម៉ារិទ្ធ បាន​​​​រត់​​ចេញ​ពី​ផ្ទះ​​ ហើយ​កំពុង​គេច​ខ្លួន​នៅ​ឡើយ។

លោក​ សុវណ្ណថេត បាន​និយាយ​ថា “​ឥឡូវ​​​នេះ​យើង​កំពុង​​​តាម​ចាប់​ជន​ល្មើស​ ហើយ​យើង​នឹង​ដឹង​ច្បាស់​​បន្ទាប់ពី​ចាប់​បាន​​ជន​នេះ​​មក​សាកសួរ​”។

លោក​​​​និយាយ​ថា ​លោក​មិន​ដឹង​មូល​ហេតុ​​​​​ដែល​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​កង​រាជ​អាវុធ​​​​ហត្ថ​ចុះ​មក​ផ្ទះ​​ជន​នេះ​​ទេ។

យោង​តាម​លោក ស៊ុន ប៊ុនធឿន ​អធិការ​នគរ​បាល​ស្រុក​​បាន​ឲ្យ​ដឹង​ថា ​កាលពី​ឆ្នាំ​២០១៤ តុលាការ​ខេត្ត​មណ្ឌលគិរី​​បាន​ចេញ​​ដីកា​មួយ​​សម្រាប់​លោក ម៉ារិទ្ធ បន្ទាប់ពី​គាត់​បាន​យក​កាំភ្លើង​​​ភ្ជង់​ក្បាល​​លោក ស៊ិន វ៉ាន់វុធ អភិបាល​​​​​ស្រុក​កែវសីមា។

​លោក ប៊ុនធឿន ​បាន​និយាយ​ថា “​ជន​ល្មើស​​​បាន​​យក​កាំភ្លើង​ភ្ជង់​​​អភិបាល​ស្រុក​ ពីព្រោះ​គាត់​ខឹង​នៅ​ពេល​ដែល​អភិបាល​ស្រុក​រូប​នេះ​​​បាន​ចេញ​បញ្ជា​ឲ្យ​​ឃាត់​រថយន្ត​ឡង់គ្រីស័រ​របស់​គាត់​​ ដែល​ដឹក​ឈើប្រណីត​”។

លោក​​ ស៊ិន វា៉ន់វុធ ​បាន​និយាយ​នៅ​ពេល​នោះ​​​ថា “​[លោក ម៉ារិទ្ធ] បាន​គំរាម​ខ្ញុំ​ ដោយ​និយាយ​ថា គាត់​នឹង​មិន​ឲ្យ​ខ្ញុំ​រស់​បាន​សុខ​ទេ​។ ប្រសិន​បើ​រក​គាត់​ឃើញ​ គាត់​នឹង​ត្រូវ​ចាប់​ខ្លួន”។

​យោង​តាម​លោក ប៊ុនធឿន បាន​​ឲ្យដឹង​ថា ​ក្រោយ​មក លោក​ ម៉ារិទ្ធ ​​ត្រូវ​បានប​​ណ្ដេញ​​​ចេញ​ពី​​មុខ​តំណែង​​​​ដែល​គាត់​មាន​នៅ​ពេល​​នោះ​ ប៉ុន្តែ​មិន​ដែល​ចាប់​ខ្លួន​បាន​តាម​ការ​ចោទ​​​ប្រកាន់​​នៅ​ឆ្នាំ​២០១៤​ទេ៕ និត​

The post ​តុលាការ​​ខេត្ត​មណ្ឌលគិរី​ចេញ​ដីកា​ទី២​​​​​ចាប់​អតីត​មន្ត្រី​​កងរាជ​​អាវុធហត្ថ​ម្នាក់​ទាក់​ទិន​នឹង​ការ​បាញ់​​​ appeared first on ខេមបូឌា ដេលី.