ទីបំផុត ​កម្មករ​រោងចក្រកាត់ដេរ​បួននាក់​នៅ​ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​ដោះលែង​នៅ​ក្រៅឃុំ

កម្មករ​រោង​ចក្រ​កាត់​ដេរ​បួន​នាក់ដែល​​ត្រូវ​​​បាន​ចាប់ខ្លួន​អំឡុង​​កូដ​កម្ម​ និង​កុបកម្ម​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​ក្នុង​ខេត្ត​ស្វាយ​រៀង​កាលពី​ខែ​ធ្នូ ត្រូវ​បាន​ដោះលែង​ឲ្យ​​នៅ​ក្រៅ​ឃុំ​​​​កាល​ពី​ល្ងាច​ម្សិល​មិញ បួន​ថ្ងៃ​​បន្ទាប់​ពី​ត្រូវ​បាន​​​​សម្រេច​ឲ្យ​នៅ​​ក្រៅ​ឃុំ​ដោយ​​​សាលា​ឧទ្ធរណ៍​។

​វ៉ាន់ វិចិត្រ អាយុ​២៤​ឆ្នាំ ផលឌី សុមា៉លីដា ​​អាយុ​២៧​ឆ្នាំ សុខ គង់ អាយុ​​​២៨​ឆ្នាំ និង​ ឆេង សុផា អាយុ​៣៥​ឆ្នាំ ​ដែល​សេចក្តីសម្រេច​លើក​​​​មុន​​មិន​ឲ្យ​ពួកគេ​​នៅ​ក្រៅឃុំ​ ត្រូវ​បាន​បដិសេធ​​កាលពី​ថ្ងៃ​សុក្រ ដោយ​​​ទាត់​ចោល​​​​សំណើ​របស់​​សមាគម​រោង​​​​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​​​ដែល​កុំ​ឲ្យ​ដោះ​លែង​ពួកគេ​​ ព្រោះ​ខ្លាច​មាន​ការ​ធ្វើ​កូដ​កម្ម​​​​​ទៀត​។

​​ការ​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅឃុំ​ដំបូង​​​​​បាន​​លើ្មស​កិច្ច​ព្រម​​ព្រៀង​​រវាង​អាជ្ញាធរ​ខេត្ត និង​សហជីព​ដែលបាន​បញ្ចប់​ដោយ​សន្តិវិធី​​នូវ​កុបកម្ម​ដែល​បាន​គប់ដុំថ្ម​លើ​សួន​ឧស្សា​ហ​កម្ម​ចំនួន​ពីរ​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​​ដែល​បង្ក​ឡើង​ដោយ​​ការ​ទាម​ទារ​​​ដំឡើង​ប្រាក់​ខែ​នៅ​រោងចក្រ​​ Kingmaker Cambodia។

លោកស្រី ហេង បុង ​​មេធាវី​តំណាង​កម្មករ​​​ទាំង​បួន​នាក់​បាន​មាន​ប្រសាសន៍ថា “​កម្មករ​ទាំង​​​​បួន​នាក់​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​​នៅ​ម៉ោង​ប្រហែល​៧និង​៣០​នាទី​យប់​”។

​លោកស្រី​​ថ្លែង​ថា “​ឥឡូវ​នេះ​វា​ជា​ឱកាស​ល្អ​សម្រាប់ពួកគេ​ទៅ​ជួប​ជុំក្រុម​គ្រួសារ​វិញ”។ ​​លោកស្រី​បាន​បន្ថែម​ថា ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​​​​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី១៧ និង​១៨ ខែធ្នូមក​។

លោកស្រី​បាន​មាន​​​ប្រសាសន៍​ថា លោក​ស្រី​​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​​ចំណាយ​ពេល​យូរ​ក្នុង​ការ​ដោះលែងពួក​គេ​ ប៉ុន្តែ​បាន​លើក​ឡើង​​​​​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​​​​​​ប្រហែល​ជា​បាន​ពន្យារ​​​​ពេល​ដល់​ការ​រៀបចំ​ឯកសារ​ចាំបាច់​​។ ​លោក​ស្រី​​​បាន​បន្ថែម​ថា សូម្បី​នៅ​ថ្ងៃ​នេះ​​ការ​ដោះ​លែង​​​​​ត្រូវ​បាន​ពន្យារពេល​ដល់ទៅ​២ម៉ោង​ខណៈ​ដែល​​​​សេចក្ដី​សម្រេច​របស់​តុលាការ​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​​រួច​ដោយ​មន្ត្រី​ពន្ធនាគារ​។

លោកស្រី ហេង បុង ​​ថ្លែង​ថា លោក​ស្រី​​ក៏​​​​​​មិន​ដឹង​ដែរ​ ថា​នៅ​ពេល​​​ណា​នឹង​បើក​សវនា​​ការរឿង​ក្តីនេះ។ ​អ្នក​ទាំង​បួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់ ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទាក់​ទិន​កុប​កម្ម​​​នៅ​តំបន់​សេដ្ឋកិច្ច​​ពិសេស​​តាយសេង និង​មេនហាតធេន។

លោក ឃួន រ៉ា ក្រឡាបញ្ជី​សាលា​ដំបូង​ខេត្ត​​​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ល្ងាច​ម្សិល​មិញ។ ​​​លោក​ សុខ គង់ ​បាន​និយាយ​ថា គាត់​​សប្បាយ​ចិត្ត​ណាស់​ដែល​ត្រូវ​បានដោះលែង ប៉ុន្តែ​បាន​​​​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​ និង​ការ​ឃុំខ្លួន​ដំបូង​មិន​យុត្តិធម៌​ទេ។

គាត់​បាននិយាយ​ថា “ការ​ចាប់​​ខ្ញុំ​ដាក់​ពន្ធនា​គារ​មិន​យុត្តិធម៌​ទេ ពីព្រោះ​ខ្ញុំ​មិន​បាន​ចូល​រួម​ការ​តវ៉ា​នៅ​រោងចក្រ​នេះ​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ចេញពី​រោងចក្រ​ទៅ​យក​​ប្រពន្ធ​របស់​ខ្ញុំ​ពីកន្លែង​ធ្វើការ​ទៅ​ផ្ទះ​ប៉ុណ្ណោះ ស្រាប់​តែ​មន្ត្រី​​​នគរ​បាល​ជាង​១០​នាក់​បាន​ចាប់​​ខ្លួន​ខ្ញុំ ​ដោយ​អះអាង​ថា ខ្ញុំ​​ចូល​រួម​កុបកម្ម​នៅ​រោងចក្រ​នេះ”៕ សារុន​​

The post ទីបំផុត ​កម្មករ​រោងចក្រកាត់ដេរ​បួននាក់​នៅ​ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​ដោះលែង​នៅ​ក្រៅឃុំ appeared first on ខេមបូឌា ដេលី.