សុខភាព &raquo សុខភាព

ការ​ទទួលទាន​របប​អាហារ​ដែល​មាន​តុល្យភាព​សុខភាព​គឺជា​មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ល្អ​ៗ​នានា​ដើម្បី​ការពារ​ខ្លួន​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ ក្នុង​នោះ​បូក​រួម​ទាំង​ការ​ការពារ​ជំងឺមហារីក​សុដន់​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​អាហារ​៧​ប្រភេទ​ដែល​គេ​គួរ​ដាក់​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​មហារីក​សុដន់ ៖

១-​ស្ពៃក្តោប ៖ មនុស្ស​ជា​ច្រើន​ប្រហែលជា​គិត​ថា ស្ពៃក្តោប​គ្មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នោះ​ទេ ប៉ុន្តែ​ប្រសិនជា​មានការ​គិត​បែប​នោះ​មែន​គឺ​ខុស​ទាំងស្រុង ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ស្ពៃ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​បណ្តា​សមាសធាតុ​ដែល​អាច​ជួយ​បង្ការ​ជំងឺមហារីក​សុដន់ ។ ចូរ​ព្យាយាម​ដាក់​បញ្ចូល​ស្ពៃក្តោប​ទៅ​ក្នុង​របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ ។

២-​ប្រេង​អូ​លីវ ៖ ជា​ប្រេង​រុក្ខជាតិ​ដែល​ផ្ទុក​យ៉ាង​ក្រាស់ក្រៃ​នូវ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដែល​មាន​កម្លាំង​ប្រឆាំង​នឹង​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី ។ រ៉ា​ឌី​កាល់​សេរី​គឺជា​មេ​ដើមហេតុ​ដែល​អនុញ្ញាត​ឱ្យ​រចនាសម្ព័ន្ធ​កោសិកា​ដើរតួ​សកម្ម​ក្នុង​ការ​បង្កើត​ជា​ដុំ​សាច់ និង​វិ​វ​ឌ្ឍ​ទៅ​ជា​មហារីក ។ គេ​អាច​ប្រើ​ប្រេង​អូ​លីវ​ប្រឡាក់សាច់​ឬ​ឆា​ជាមួយ​បន្លែ​ជាដើម ។

៣-​ពពួក​បន្លែ​និង​ផ្លែ​ឈើ​មាន​ពណ៌​ក្រហម​លឿង​និង​ពណ៌​ទឹកក្រូច ៖ បន្លែ​ក៏​ដូច​ជា​ផ្លែ​ឈើ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ជំងឺមហារីក​នៅ​កម្រិត​ណាមួយ​ដ្បិត​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ។ ទោះជា​យ៉ាងណា ពពួក​ដែល​មាន​ពណ៌​ក្រហម លឿង​និង​ពណ៌​ទឹកក្រូច​គឺ​ផ្ទុក Carotenoids ច្រើន​ជាងគេ ហើយ​ដូច្នេះ​ធ្វើ​ឱ្យ​ពួក​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្ការ​ជំងឺមហារីក ។ ចូរ​ទទួលទាន​ប្រភេទ​ត្រសក់ស្រូវ cantaloupe ប៉េងប៉ោះ ការ៉ុត ដំឡូងជ្វា និង​ម្ទេស​ទុំ​ជាដើម ។

៤-​អាហារ​ធ្វើ​ពី​ទឹកដោះគោ​មាន​សារធាតុ​ខ្លាញ់​ទាប ៖ បណ្តា​អាហារ​ធ្វើ​ពី​ទឹកដោះគោ​មាន​ខ្លាញ់​ទាប​ផ្ទុក​ទៅ​ដោយ​កាល់ស្យូម​ដែល​ជា​តម្រូវការ​សុខភាព​ឆ្អឹង ។ បន្ថែម​ពីលើ​នេះ វា​ក៏​ផ្ទុក​វីតាមីន D ដែល​អាច​ជួយ​ទប់ស្កាត់​ការ​កើត​មាន​ជំងឺមហារីក​សុដន់​ផង​ដែរ ។ ផ្ទុយ​មក​វិញ បណ្តា​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដូច​គ្នា ប៉ុន្តែ​មាន​ខ្លាញ់​ច្រើន​មិន​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ស្មើនឹង​ពពួក​មាន​ខ្លាញ់​ទាប​នោះ​ទេ ។

៥-​គ្រាប់​ផ្លែ Walnuts ៖ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា គ្រាប់ Walnuts មាន​ប្រសិទ្ធភាព​ជួយ​បន្ថយល្បឿន​រីក​ធំធាត់​ដុំ​សាច់ ។

៦-​ត្រីសូ​ម៉ុង ៖ សូ​ម៉ុង​ជា​ប្រភេទ​ត្រី​សមុទ្រ​ម្យ៉ាង​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ ។ វា​មាន​ប្រសិទ្ធភាព​រារាំង​ការ​រលាក​ដែល​នាំ​ឱ្យ​កើតជា​មហារីក ។ ចូរ​ទទួលទាន​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៧-​បណ្តា​បន្លែ​ស្លឹក​ពណ៌​បៃតង ៖ បន្លែ​ស្លឹក​ពណ៌​បៃតង​ជា​ពិសេស​ស្ពៃ​ស្លឹក​មាន​រសជាតិ​ខ្លាញ់​និង​សម្បូរ​ទៅ​ដោយ​វីតាមីន​B​ដែល​ជួយ​រក្សា DNA ឱ្យ​មាន​សុខភាព​ល្អ ៕