ត្រឹមតែ ជាង១ខែ ជនភៀសខ្លួន មានទៅដល់ ៧៦០០០នាក់ ហូរចូល តំបន់អ៊ឺរ៉ុប តាមច្រកសមុទ្រ

Geneva:  សារព័ត៍មាន ស៊ិនហួរ នៅថ្ងៃនេះ បានចុះផ្សាយឲ្យដឹងថា តួលេខជនភៀសខ្លួន ដែលអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេស International Organization for Migration (IOM)ដែលបានបង្ហាញឲ្យដឹងថា មានទៅដល់ ៧៦២៦៣នាក់ ដែលបានភៀសខ្លួនចូលមកដល់ ប្រទេសនៅតំបន់អ៊ឺរ៉ុប តាមច្រកសមុទ្រ គិតត្រឹមរយៈពេល ៦សប្តាហ៍ ដំបូងនៅ ដើមឆ្នាំ២០១៦នេះ។

តួលេខបានបញ្ជាក់ថា មនុស្ស២០០០នាក់ ជារៀងរាល់ថ្ងៃ បានធ្វើដំណើរភៀសខ្លួន មកដល់អ៊ឺរ៉ុប ហើយវាមានទំហំ ដល់ទៅ១០ដង នៃតួលេខចាស់ កាលពីឆ្នាំទៅ។ អង្គការ IOM បានបន្ថែមថា ចំនួនតួលេខមួយនេះ ហាក់ដូចជាមិនបាន មានការស្រាកស្រាន ក្នុងការថយចុះនោះទេ រីឯតួលេខនៃអ្នកស្លាប់ ក៏ចេះតែកើនឡើងផងដែរ។

គួរបញ្ជាក់ផងដែរថា គិតពីដើមឆ្នាំ២០១៦ មកត្រឹមពេលនេះមានចំនូនអ្នកស្លាប់ ដល់ទៅ៤០៩នាក់ ហើយដែលបានស្លាប់ នៅក្នុងពេលដែល កំពុងព្យាយាមធ្វើដំណើរ មកកាន់អ៊ឺរ៉ុប បើធៀបទៅនឹង ២ខែដំបូង ដើមឆ្នាំ២០១៥ មានអ្នកស្លាប់ ៤២៨នាក់៕