ជប៉ុន អាមេរិក កូរ៉េខាងត្បូង ទទួចឲ្យយូអិន ពន្លឿនដំណោះស្រាយ ទណ្ឌកម្មលើ កូរ៉េខាងជើង

តូក្យូ៖ ប្រធានាធិបតីជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ បានព្រមព្រៀងគ្នាជាមួយថ្នាក់ដឹកនាំកំពូលអាមេរិក និងកូរ៉េខាងត្បូង ក្នុងគោលបំណង ពន្លឿនការអនុម័តដំណោះស្រាយ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ ចំពោះសកម្មភាពធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីល នាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីរបស់រដ្ឋមន្រ្តី ក្រសួងការពារជាតិជប៉ុន បន្ដទៀតថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នឹងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីកូរ៉េខាងលោកស្រី ផាក គឹនហេ។ លោក អាបេ បានបញ្ជាក់ពីសេចក្ដីសម្រេចឯកភាព ទាំងស្រុងនៃកិច្ចសន្ទនាត្រីភាគី លើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្ដិសុខ ចំពោះសកិម្មបង្កជម្លោះ និងចលាចលរបស់កូរ៉េខាងជើង។

ក្នុងកិច្ចសន្ទនា ៣៥នាទីជាមួយនឹងលោក អូបាម៉ា លោក អាបេ បាននិយាយថា “ការបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប របស់កូរ៉េខាងជើង គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះជប៉ុន និងអាមេរិក”។

យោងតាមការលើកឡើងរបស់រដ្ឋលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន បានឲ្យដឹងថា “សហគមន៍អន្ដរជាតិ ត្រូវតែប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាង ចំពោះសកម្មភាពបង្កគ្រោះថ្នាក់” ដូចជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី០៦ ខែមករា និងការបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនេះ៕

ជប៉ុន អាមេរិក កូរ៉េខាងត្បូង ទទួចឲ្យយូអិន ពន្លឿនដំណោះស្រាយ ទណ្ឌកម្មលើ កូរ៉េខាងជើង