លំនៅ​ឋាន​ពលរដ្ឋ​9​ខ្នង​ក្លាយជា​ចំណី​ព្រះ​អគ្គី នៅ​បាត់ដំបង​ឆេះ​គ្រឿងក្នុង នៅ​កំពង់ចាម​ផ្ទះ​ធំ​១ខ្នង

លំនៅ​ឋាន​ពលរដ្ឋ​9​ខ្នង​ក្លាយជា​ចំណី​ព្រះ​អគ្គី នៅ​បាត់ដំបង​ឆេះ​គ្រឿងក្នុង នៅ​កំពង់ចាម​ផ្ទះ​ធំ​១ខ្នង

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​អស់​ចំនួន​៩​ខ្នង​ទាំងស្រុង ដោយសារ​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​ពេល​កំពុង​ដាំបាយ ។ ក្នុង​គ្រោះ​អគ្គិភ័យ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​អស់​ចំនួន​១០​រថយន្ត​ផង​ដែរ​ទើប​ភ្លើង​រលត់​ទៅ​វិញ​។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ នៅ​ក្បែរ​វត្ត​ឫស្សី​ស្រស់ ក្នុងភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា  មុន​ពេល​កើត​មាន​អគ្គិភ័យ​នេះ គេ​ឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គា​ស​លាន់​ដូច​គ្រាប់បែក​ចំនួន​២​ដង​ចេញពីផ្ទះ​មួយ ដែល​លើក​ទី​មួយ​មិន​មាន​អណ្តាតភ្លើង​ឬ​ផ្សែង​ទេ លុះ​លើក​ទី​ពីរ​ក៏​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ និង​ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​ទ្រលោម​តែ​ម្តង ។

ខណៈ​ឃើញ​មាន​អណ្តាតភ្លើង និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពីផ្ទះ​ខាងលើ​នោះ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកមាន​ទីលំនៅ​ក្បែរ​នោះ នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​ទៅ​ជួយ​បាញ់​ពន្លត់​តែ​មិន​អាច​ពន្លត់​បាន​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​អណ្តាតភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​នោះ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​ដល់ និង​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១០​គ្រឿង ទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ទើប​ភ្លើង​រលត់​ទៅ​វិញ និង​មិន​បាន​ឆេះ​រាលដាល​ទៅ​ដល់​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​តទៅ​ទៀត ។

ជា​សរុប​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ ព្រះ​អគ្គី​បាន​បំផ្លាញ​ផ្ទះ​អស់​ចំនួន​៩​ខ្នង​(​ធំ​៣​ខ្នង និង​តូច​៦​ខ្នង​) និង​ឆេះ​បំផ្លាញ​អស់ទ្រព្យ​សម្បត្តិ​អស់​មួយ​ចំនួន​ធំ​។ ទោះបីជា​បែប​ណា គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

អុជ​ធូប​ទៀន​សែន​កុងម៉ា​បិទទ្វារ​ផ្ទះ​ចោល​បង្ក​អគ្គិភ័យ​ឆេះ​គ្រឿងក្នុង​ផ្អើល​អ្នក​ភូមិ

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ដែល​បង្ក​ឡើង​ដោយ​ភ្លើងទៀន​ដុត​សែន​កុងម៉ា​ថ្ងៃ​សែន​ចិន បាន​ឆេះ​សម្ភារ និង​ទំនិញ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​ខ្មែរ​សែស្រឡាយ​ចិន​មួយ​កន្លែង នៅ​ក្នុងភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែកុម្ភៈ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​ហើយ​ទៅ​លេង​ផ្ទះ​បងប្អូន តែ​សំណាងល្អ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ទាន់​ពេល ។

មន្ត្រី​អាជ្ញាធរ​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ជា​ផ្ទះថ្ម​ល្វែង មាន​ម្ចាស់​ឈ្មោះ អួរ ម៉េ​ង​អ៊ា​ន អាយុ​៦២​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុខ លាង អាយុ​៥៩​ឆ្នាំ ជា​អាជីវករ​លក់​គ្រឿងទេស រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ ។ អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ​ភ្លើងទៀន ធូប ដែល​ម្ចាស់ផ្ទះ​ដុត​សែន​កុងម៉ា ហើយ​បិទទ្វារ​ផ្ទះ​ទុក​ចោល​រួច​នាំ​គ្នា​ចេញ​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ក្បែរ​នោះ​។ លុះ​អ្នកដំណើរ​ប្រទះ​ឃើញ​ផ្សែង​ខ្មួល​ហុយ​ចេញពីផ្ទះ​នេះ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ។

សាក្សី​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​និយាយ​ថា ដំបូង​មាន​ផ្សែង​តិចតួច​ទេ ហុយ​ចេញពី​ក្នុងផ្ទះ ហើយ​គេ​គិត​ថា​ជា​ផ្សែង​ធួ​ប​ដែល​ម្ចាស់ផ្ទះ​ដុត​សែន​កុងម៉ា​ថ្ងៃ​ចូល​ឆ្នាំ​ចិន ។ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាប់តែ​មាន​ផ្សែង​កាន់តែ​ខ្លាំង​ឡើង​ៗ​ហុយ​ចេញពី​ក្នុងផ្ទះ​នោះ ទើប​ដឹង​ថា មាន​ភ្លើង​កំពុង​ឆេះ​នៅ​ខាងក្នុង ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ។ សាក្សី​ដដែល​បញ្ជាក់​ថា គ្រានោះ​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់ ហើយ​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ខណៈ​ម្ចាស់ផ្ទះ​រត់​ទាំង​ភ្នែក​សម​ក​ពី​ផ្ទះ​បងប្អូន ។

មន្ត្រី​ពន្លត់​អគ្គិភ័យ​និយាយ​ថា  នៅ​ក្នុងផ្ទះ​នោះ​មាន​ទំនិញ​គ្រឿងទេស​ដាក់​ក្នុង​កេស​ក្រដាស​រាប់​សិប​កេស ដាក់​ត្រូ​ត​លើ​គ្នា​ពេញ​ក្បែរ​កន្លែង​សែន​កុងម៉ា លុះ​ភ្លើង​ឆេះ​កន្លែង​កុងម៉ា​ក៏​ឆ្លង​ឆេះ​ដល់​កេស​ទំនិញ​ទាំងនោះ​តែ​ម្ដង ។ ទំនិញ​ដែល​ខូចខាត​ច្រើន​ជាងគេ​គឺ មី និង​សាប៊ូ តែ​សំណាងល្អ​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​ទាន់ បើ​មិន​ដូច្នេះ​ទេ​ប្រហែល​ទំនិញ​រាប់​សិប​កេស និង​សម្ភារ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំងអស់​ជា​មិន​ខាន ។

នេះ​ជា​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ដែល​ដុត​ទៀន​ធូប​សែន​កុងម៉ា រួច​បិទទ្វារ​ផ្ទះ​នាំ​គ្នា​ដើរ​ចោល ។ ចំពោះ​ការ​ខូចខាត​បើ​តាម​ម្ចាស់ផ្ទះ​អះអាង​ថា គិត​ជា​ទឹកប្រាក់​គឺ​ប្រហែល​ជាង​២.០០០​ដុល្លារ ។

រវល់​ទៅ​វត្ត​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់​អស់ទាំង​ត្បូង​ពេជ្រ​មាន​តម្លៃ

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​ពលរដ្ឋ​១​ខ្នង​ដែល​មាន​ទំហំ​១២​គុណ​១៥​ម៉ែត្រ​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង​ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ហើយ​ត្រូវ​បាន​លោកស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​ឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ផ្សេង ។

លោក​វរសេនីយ៍ទោ យ៉​ន ឌី​ន នាយការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ឆាបឆេះ​ផ្ទះ​ខាងលើ អធិការ​នគរបាល​ស្រុក​កោះសូទិន​បាន​សុំ​អន្តរាគមន៍​មក​លោកស្នងការ​នគរបាល​ខេត្ត   ដើម្បី​បញ្ជូន​រថយន្ត​ទឹក​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​កុំឱ្យ​ឆេះ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​អ្នក​ផ្សេង​ទៀត  ។ លោកនាយ​ការិយាល័យ បាន​ប្រាប់​បន្ត​ទៀត​ថា គ្រោះ​អគ្គិភ័យ​នេះ​ឆេះ​ចេញពីផ្ទះ​របស់​ឈ្មោះ ឈួ​ន គឹ​ម​ហន ភេទ​ស្រី អាយុ​៧៣​ឆ្នាំ ដោយ​អ្នក​ភូមិ​ផ្ទះ​ជាប់​របង​ជាមួយ​បាន​នាំ​គ្នា​បូមទឹក​ទន្លេ​ដែល​ស្ថិត​នៅ​ក្រោយ​ផ្ទះ​មក​បាញ់​ពន្លត់ តែ​ដោយសារ​អំណាច​ភ្លើង​បាន​ឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ​នោះ​មិន​ងាយ​ថមថយ​ឥទ្ធិពល​នោះ​ទេ គឺ​រឹតតែ​ឆេះ​ខ្លាំង​ឡើង​ៗ​ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ភ្លើង​បាន​លេប​ត្របាក់​ស្ទើរតែ​អស់​ទៅ ហើយ​បាន​ត្រឹមតែ​បាញ់​ទឹក​ការពារ​ទប់ស្កាត់​កុំឱ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​របស់​អ្នក​ផ្សេង​ទៀត​ប៉ុណ្ណោះ ។ លោក​ថា ចំពោះ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន ៖ ចិញ្ចៀនពេជ្រ​៣​វង់​, បន្តោង​ពេជ្រ​២​វង់​, ក្រវិល​ពេជ្រ​២​វង់​, ខ្សែ​.​ក ខ្សែដៃ​៦​តម្លឹង​, ប្រាក់​ជាង​១​លាន​រៀល និង​ប្រាក់​អា​មេ​រិ​ក​៨០០០​ដុល្លារ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​បាន​ក្លាយទៅជា​ចំណី​ភ្លើង​ទាំងអស់  ។

លោក​វរសេនីយ៍ទោ ប្រេង ហ៊ី​ម  អធិការ​នគរបាល​ស្រុក​កោះសូទិន បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​ភ្លើង​ឆេះ​ផ្ទះ​នោះ​ម្ចាស់ផ្ទះ​បាន​ចេញ​មក​វត្ត​បាត់ ដោយ​បាន​ចាក់សោ​ទ្វារ ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នៅ​មិន​ទាន់​ដឹង​ពិតប្រាកដ​ថា​តើ​ការ​ឆេះ​នោះ​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ គឺ​មិនដឹង​ថា បណ្ដាល​មក​ពី​ភ្លើង​ធូប ឬ​ទុ​ស្សេ​ចរន្ត​ភ្លើង សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត ៕