ចូល​ឆ្នាំ​ចិន​២​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ស្លាប់​៣០​នាក់ របួសធ្ងន់​ស្រាល​១០២​នាក់

ចូល​ឆ្នាំ​ចិន​២​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ស្លាប់​៣០​នាក់ របួសធ្ងន់​ស្រាល​១០២​នាក់

រាជធានី​ភ្នំពេញ ៖ រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​៧​និង​៨ ខែកុម្ភៈ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​បាន​កើតឡើង​ចំនួន​៥៤​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣០​នាក់ របួសធ្ងន់​ស្រាល​ចំនួន​១០២​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ទាំង​ស្លាប់​និង​របួស​មានការ​កើនឡើង​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សា​ធា    រណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន វៀតណាម បើ​ប្រៀបធៀប​នឹង​ឆ្នាំ​០១៥ គឺ​កើនឡើង​១០​លើក​ស្មើនឹង​២៣% បណ្តាល​ឲ​យ​ស្លាប់​ចំនួន​៣០​នាក់​កើនឡើង​១៦​នាក់ ស្មើនឹង​១១៤% របួសធ្ងន់​ចំនួន​៦៨​នាក់ កើនឡើង​៦​នាក់​ស្មើនឹង​១០% របួសស្រាល​ចំនួន​៣៤​នាក់​ថយ​ចុះ​មួយ​នាក់ ស្មើ​៣% ។  មូលហេតុ​គ្រោះថ្នាក់​ត្រូវ​បាន​រក​ឃើញ​ថា បើក​យានយន្ដ​លឿន​១៨​លើក​ធៀប​នឹង​ឆ្នាំ​២០១៥​កើន​៨​លើក ស្មើ​៨០% (​ស្លាប់​៩​នាក់​) ស្រវឹង​១៣​លើក​ស្មើនឹង​ឆ្នាំ​២០១៥(​ស្លាប់​១០​នាក់​) ជែង​២​លើក ថយ​ចុះ​មួយ​លើក​ស្មើ​៣៣%(​ស្លាប់​២​នាក់​) ។ មិន​គោរព​សិ​ទិ្ធ​៧​លើក​កើន​២​លើក ស្មើ​៤០%(​ស្លាប់​ម្នាក់​) មិន​ប្រកាន់​ស្តាំ​៨​លើក ថយ​ចុះ​មួយ​លើក​ស្មើ​១១%(​ស្លាប់​៦​នាក់​) បត់​ក្នុង​គ្រោះថ្នាក់​៥​លើក​កើន​២​លើក​ស្មើ​៦៧%(​ស្លាប់​២​នាក់​) កត្តា​យានយន្ត​១​លើក​ស្មើនឹង​ឆ្នាំ​២០១៥ ។

ចំពោះ​រាជធានី ខេត្ត ដែល​កើត​មាន​គ្រោះថ្នាក់់​ច្រើន គឺ​ខេត្ត​រតនគីរី​៤​លើក​ស្លាប់​៦​នាក់​របួស​សរុប​៥​នាក់ រាជធានី​ភ្នំពេញ​៣​លើក​ស្លាប់​៤​នាក់ របួស​សរុប​៦​នាក់ ខេត្តព្រៃវែង​៣​លើក​ស្លាប់​៤​នាក់ ខេត្តកណ្តាល​៣​លើក ស្លាប់​៣​នាក់ របួស​សរុប​៦​នាក់ ខេត្តកំពត​៤​លើក ស្លាប់​៣​នាក់ របួស​សរុប​៨​នាក់ និង​ខេត្តបន្ទាយមានជ័យ​៥​លើក ស្លាប់​២​នាក់ របួស​សរុប​៧​នាក់ ។

គួរ​រំឭក​ថា ក្នុង​រយៈពេល​មួយ​ខែ​ដើមឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​៣១៥​លើក ស្លាប់​១៨២​នាក់ របួសធ្ងន់​ស្រាល​៦២២​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ដើមឆ្នាំ​២០១៥​ក្នុង​រយៈពេល​ដូច​គ្នា គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ តែ​មនុស្ស​ស្លាប់​បែរជា​មានការ​កើនឡើង ៕