ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) និង​ក្រុមហ៊ុន Cleantech Solar Corporation បាន​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ក្នុង​ការ​បង្កើន​ការ​ចម្រាញ់​ថាមពល​ស្អាត​នៃ​ឧស្សាហកម្ម ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថាមពល​ក្នុង​សង្វា​ក់​ឧស្សាហកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ។

លោក Stephen Evans តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​លោក Arnaud Ayral នាយក​អភិវឌ្ឍន៍​អាជីវកម្ម​ប្រចាំ​តំបន់​នៃ​សាជីវកម្ម​ក្រុមហ៊ុន Cleantech Solar Corporation បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​រៀបចំ​ប្រព័ន្ធ​ស្រូប​ថាមពលព្រះអាទិត្យ​ថ្មី​មួយ ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុង​ខែមេសា ឆ្នាំ​២០១៦ នេះ ។

លោក Stephen Evans បាន​មាន​ប្រសាសន៍​ថា ៖ « តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ជា​ក្រុមហ៊ុន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម ហើយ​តែង​ស្វែងរក​វិធី​ដើម្បី​ជួយ​សន្សំ​សំចៃ​ថវិកា​របស់​អតិថិជន ។ ជា​លទ្ធផល បាន​រក​ឃើញ​លទ្ធភាព​នៃ​ការ​ដំឡើង​ផ្ទាំង​កញ្ចក់​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​តំបន់​ធម្មជាតិ ហើយនឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​នេះ ។ ក្រុមហ៊ុន​សូ​ឡា Cleantech គឺ​ផ្តល់​ជូន​កញ្ចប់​ស្រូប​ពន្លឺព្រះអាទិត្យ​ល្អ​បំផុត ដែល​មាន​ទាំង​បច្ចេកវិទ្យា តម្លៃ​សមរម្យ ការ​ដឹក​ជញ្ជូន និង​សេវាកម្ម​ក្រោយ​ការ​ដំឡើង ។ យើង​រំពឹង​ថា ក្រុមហ៊ុន​នេះ​នឹង​ក្លាយជា​ដៃគូ​ដ៏​ល្អ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​របស់​យើង » ។

ចំណែក​លោក Arnaud Ayral នាយក​អភិវឌ្ឍន៍​អាជីវកម្ម​ប្រចាំ​តំបន់​នៃ​សាជីវកម្ម​ក្រុមហ៊ុន Cleantech Solar Corporation ឱ្យ​ដឹង​ដែរ​ថា ៖ « តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹង​ធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​នេះ ព្រមទាំង​បង្កើត​អគ្គិសនី​ដោយ​ខ្លួនឯង ។ យើង​បាន​ជួល​សម្ភារ​បរិក្ខារ​ឱ្យ​អតិថិជន​របស់​យើង និង​ធ្វើ​ឱ្យ​ប្រាកដ​ថា វា​ត្រូវ​បាន​រចនា និង​ដំឡើង​យ៉ាង​ត្រឹមត្រូវ ហើយ​យើង​នឹង​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​អតិថិជន​របស់​យើង ដោយ​មិន​ចាំបាច់​បារម្ភ​ពី​ហានិភ័យ » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​សូ​ឡា Cleantech គឺជា​សហគ្រាស​សិង្ហ​បុរី ដែល​មាន​ប្រតិបត្ដិការ​នៅ​ប្រទេស​ចំនួន​៦​ក្នុង​តំបន់​អាស៊ី ។ ក្រុមហ៊ុន​បាន​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ថាមពល​ពន្លឺព្រះអាទិត្យ ជា​ពិសេស សម្រាប់​អតិថិជន​ផ្នែក​ឧស្សាហកម្ម ។

លោក Arnaud Ayral បញ្ជាក់​ថា ៖ « តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​គិត​ទុកជា​មុន ដោយ​ការ​ជ្រើសរើស​ដំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ និង​មានការ​ចាប់ អារម្មណ៍​ជា​ច្រើន​នៅ​លើ​ទីផ្សារ ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​សម្រេចចិត្ត​ដំឡើង ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​រៀបចំ​ខ្លួន​នៅ​លំដាប់​ជួរ​មុខ​សម្រាប់​អាជីវកម្ម​របស់​ពួក​គេ ព្រមទាំង​សម្រាប់​សហគមន៍ និង​បរិស្ថាន ដែល​នេះ​គឺជា​ជំហាន​ដ៏​សំខាន់ » ៕