ខាត់ សុ​ឃីម និយាយ​ពី​ឧបសគ្គ​ជីវិត​គ្រា​នាង​ជា​ម្ដាយ​មិន​បាន​រៀបការ


ខាត់ សុ​ឃីម និយាយ​ពី​ឧបសគ្គ​ជីវិត​គ្រា​នាង​ជា​ម្ដាយ​មិន​បាន​រៀបការ

តារា​ចម្រៀង និង​ជា​ពិធី​ការិនី​ល្បី​ឈ្មោះ​អ្នក​នាង ខាត់ សុ​ឃីម ទម្លាយ​ពី​ឧបសគ្គ​ខ្លះៗ​ក្នុង​ដំណើរ​ជីវិត​លើ​វិថី​សិល្បៈ និង​ជីវិត​ឯកជន​របស់​នាង​។ ​អ្នកនាង ខាត់ សុ​ឃីម បាន​រំឭក​ពី​ឧបសគ្គ​ក្នុង​ជីវិត និង​កត្តា​ប្រឈម​ការ​ដែល​នាង​មាន​បុត្រ​ដោយ​មិន​បាន​រៀបការ​។​

 

តារា​ដែល​មិន​ធ្លាប់​បាត់​មុខ​ពី​សិល្បៈ​ចាប់​តាំង​ពី​ចាប់​អាជីព​សិល្បៈ​រូប​នេះ​ បាន​ប្រាប់​កម្មវិធី “​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​” របស់​ស្ថានីយ​ទូរទស្សន៍ PNN ដែល​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ម៉ោង​៨:៣០​នាទី​ ថា ការ​មាន​បុត្រ​ដោយ​មិន​ទាន់​រៀប​ការ​ពិត​ជា​រឿង​ដ៏​ប្រឈម​មួយ​នៅ​ក្នុង​ជីវិត​។ នាង​ថា ជា​ម្ដាយ​ដែល​មិន​បាន​រៀបការ​ នាង​តែង​ត្រូវបាន​គេ​រិះគន់​ជា​រឿយៗ​នៅ​ក្នុង​សង្គម​។

 

ខាត់ សុ​ឃីម និយាយ​ពី​ឧបសគ្គ​ជីវិត​គ្រា​នាង​ជា​ម្ដាយ​មិន​បាន​រៀបការ

 

​លើស​ពី​នោះ​ទៅ​ទៀត ខាត់ សុ​ឃីម បាន​លើកឡើង​ថា ការ​ដែល​នាង​ត្រូវ​មើល​ថែ​កូន​ដោយ​ផ្ទាល់​ដៃ​តែ​ម្នាក់ឯង​គឺ​ពិត​ជា​រឿង​មួយ​ដ៏​លំបាក​។

 

“​សម្រាប់​នាង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មាន​កូន ហើយ​កូន​ទី​១​នោះ​គេ​ចាត់​ទុក​ថា​ជា​កូន​អត់​ឪពុក ចឹង​ទៅ​យើង​រង​នឹង​ពាក្យ​និន្ទា​គេ​ច្រើន ដែល​គេ​ថា​យើង​មាន​កូន​អត់​ប្ដី​អ៊ីចឹង​…”

 

​ខាត់ សុ​ឃីម និង​ស្វាមី​របស់​នាង ​លោក អ៊ិន សុ​បញ្ញា បាន​និយាយ​ថា សុ​ឃីម រង​ការរិះគន់​សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​ប្រកាស​ថា​នឹង​រៀបការ​។ គូ​ស្វាមី​ភរិយា​នេះ​និយាយ​ថា អ្នក​ខ្លះ​រិះគន់​ព្រោះ​តែ​លោក បញ្ញា នៅ​ក្មេង​ពេក មិន​ទាន់​ចាស់ទុំ​អាច​ធ្វើ​ជា​ប្ដី​ល្អ​បាន​។

 

“​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ថា ការ​ស្រលាញ់​គ្នា​របស់​ពួក​ខ្ញុំ​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ខ្លាំង ​ហើយ​ធ្វើ​ឲ្យ​អ្នក​រិះ​គន់​ខ្លាំង​ ហើយ​មាន​អ្នក​ដាក់​ទោស​ខ្ញុំ​ច្រើន ខ្ញុំ​មិន​នឹក​ស្មាន​ដល់ ព្រោះ​ការ​ស្រលាញ់​គ្នា​គ្មាន​កំហុស​ទេ​”។

 

ខាត់ សុ​ឃីម និយាយ​ពី​ឧបសគ្គ​ជីវិត​គ្រា​នាង​ជា​ម្ដាយ​មិន​បាន​រៀបការ

 

រហូត​មក​ទល់​នឹង​ពេល​នេះ​មិនមែន​តែ​អ្នកនាង ខាត់ សុ​ឃីម ទេ​ដែល​បាន​និយាយ​ពី​រឿងរ៉ាវ​ជីវិត​ពិត​របស់​ខ្លួន​នៅក្នុង​កម្មវិធី “​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​” ។ កាល​ពី​វគ្គ​មុន​ពិធី​ការិនី​ល្បី​ឈ្មោះ​កញ្ញា ថន លក្ខិណា បាន​ទម្លាយ​រឿងរ៉ាវ​គ្រួសារ​ឲ្យ​មហាជន​បាន​ដឹង​។ ពិធី​ការិនី​រូបនេះ​បាន​សម្រក់​ទឹកភ្នែក​ពេល​ដែល​រំឭក​ពី​អតីតកាល​របស់​គ្រួសារ​នាង​។ តារា​ផ្សេងទៀត​ក៏​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នេះ​ដែរ មាន​ដូចជា ចាន់ គង់​កា នេន ទុំ និង​អ៊ុន សុធា​ជាដើម​។

 

កម្មវិធី​ផ្សាយ​ថ្មី​របស់ PNN បាន​ដាក់​បញ្ចូល​កម្មវិធី​កម្សាន្ត​ជាច្រើន​ដែល​ក្នុងនោះ​រួម​មាន​កម្មវិធី ស៊ី​អារម្មណ៍ ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង និង​ដំណើរការ​កម្មវិធី​ដោយ​លោក ប៉ែន ចំរ៉ុង​។

 

​ដោយ​មាន​ការស្នើ​ពី​ក្រសួង​ព័ត៌មាន PNN បាន​ផ្លាស់​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ភាគ​ថៃ​នៅ​ម៉ោង​៦​ល្ងាច និង​ម៉ោង​៩​យប់​វិញ​។ ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់ គឺជា​ការផ្សាយ​ព័ត៌មាន និង​កម្មវិធី​កម្សាន្ត​៕

 

អត្ថបទ៖ ពាណិជ្ជកម្ម