ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន  ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​រស់នៅ​ក្បែរ​​មាត់​​អូរ ​​មាន​ទឹក​អាច​​ប្រើប្រាស់​​កើត កំពុង​​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​​ចំពោះ​សុខ​ភាព ខណៈ​សង្កេត​ឃើញ​​ស្តង់​ដំឡូង​មី​ជា​ច្រើន​​កន្លែង ដែល​ឈ្មួញ​ខ្មែរ​-​ថៃ ធ្វើ​អត់​មាន​លក្ខណៈ​ស្តង់ដារ ព្រោះ​ស្តង់​ខ្លះ​ ធ្វើ​អាង​ស្តុក​​ទឹក​ស្អុយ​​ដែរ តែ​ដាក់​លូ​បង្ហូត​ជាតិពុល​ចូល​ក្នុង​អូរ​​ដដែល ហើយ​ស្តង់​ខ្លះ​ទៀត​ អត់​មាន​កន្លែង​ស្តុក​ជាតិ​ពុល​ស្អុយ​ដំឡូង​មី​សម​រម្យ​នោះ​ទេ ។

​ជាក់ស្តែង​ បើ​គេ​ពិនិត្យ​មើល​ក្នុង​ស្តង់​ដំឡូង​មី ​មាន​ម្ចាស់​ឈ្មោះ​សុ​ន ឡាយ ហៅ​តា​​ប៉ោង អាយុ​៤៨​ឆ្នាំ និង​ស្តង់​ដំឡូង​មី​​ជនជាតិ​ថៃ​មួយ​​កន្លែង​យីហោ «​ជោគជ័យ​» មាន​ម្ចាស់​ឈ្មោះ​សៀ​ក វិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្ថិត​នៅ​ភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន ខណៈ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ បណ្តាល​ឱ្យ​ទឹក​ស្អុយ​មាន​ជាតិពុល​ដំឡូង​មី ហូរ​ចូល​ក្នុង​អូរ បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ដែល​ប្រើ​ទឹកអូរ ហើយ​ក៏​ហូរ​ធ្លាក់​ទៅ​ដល់​ភូមិ​មួយ​ចំនួននៃ​ខេត្តបាត់ដំបង ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ប៉ៃលិន​ផង​ដែរ ។