ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ យោង​តាម​មន្ត្រី​នគរបាល​ជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ទូ​ទាំង​ខេត្តសៀមរាប មាន​ស្រះ​និង​បែរ​ចិញ្ចឹម​ត្រី​ឆោ្ដ​រ​ជិត​២០០​កន្លែង កំពុង​តែ​ចិញ្ចឹម​ត្រី​ឆ្តោរ​យ៉ាង​គ​គ្លើ​ន ខណៈ​កម្លាំង​ប៉ូលិស​ចុះ​បង្ក្រាប រីឯ​ជំនាញ​ជលផល​មិន​ចង់​សហការ​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំងនោះ​ទេ ។

ប្រភព​ពី​មន្ត្រី​នគរបាល​ដដែល​បាន​បន្ថែម​ថា គ្រាន់តែ​ស្រុក​ជីក្រែង​និង​ស្រុក​សូទ្រនិគម មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​រាប់​សិប​កន្លែង ។​ចំណែក​ក្រុង​សៀមរាប​វិញ ក៏​មាន​ជាង​៣០​ស្រះ​ផង​ដែរ ប៉ុន្តែ​គ្មាន​ឃើញ​ជំនាញ​ចេញ​មុខ​បង្ក្រាប​សោះឡើយ គ្រាន់តែ​ចុះ​បង្ក្រាប​ម្តងម្កាល ដើម្បី​យក​ស្នាដៃ​ជូន​មេ​តែ​ប៉ុណ្ណោះ​។ ចំណែក​មេខ្លោង​នៅ​ខាងលើ​ដូច​ជា​ស្ងៀមស្ងាត់​ណាស់ ។

បើ​តាម​ការ​សិក្សា​ពី​អ្នកជំនាញ​ចិញ្ចឹម​ត្រី​ឆ្តោរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ក្នុង​១​ថ្ងៃ​ៗ ត្រូវ​ចំណាយ​កូន​ត្រី តូច​ៗ​រាប់​សិប​តោន ដើម្បី​ជា​ចំណី​ឱ្យ​ត្រី​ឆ្ដោ​ស៊ី ហើយ​កូន​ត្រី​ទាំងនោះ បាន​មក​ពី​ការ​ដាក់​ឆ្នុក​ដោយ​ល្មើសច្បាប់ ដោយ​ប្រើ​អួន ឬ​ស្បៃ​មង​ក្រឡា​ញឹក ដាក់​យក​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​ជាដើម ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា យោង​តាម​លិខិត​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​ខេត្ត មិន​ឱ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្ដោរ ត្រី​រ៉ស់ ដែល​ជា​ប្រភេទ​ត្រី​ស៊ីសាច់ ជា​អាហារ​នេះ​ជា​ដាច់ខាត បើ​ទោះ​បី​ជា​ការ​ចិញ្ចឹម​ត្រី​ទាំងនេះ ជា​លក្ខណៈ​គ្រួសារ​ក៏​ដោយ ។​ចំណែក​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ភាគច្រើន​មានការ​សង្ស័យ​ថា ជំនាញ​​ជលផល​អាច​ជា​អ្នក​បើកភ្លើង​ខៀវ​ឱ្យ​ជនល្មើស​ចិញ្ចឹម​ត្រី​ខាងលើ​នេះ ។

ពលរដ្ឋ​បន្ត​ថា លោក​ព្រិ​ន្ទ សា​វិ​ន ទទួល​បន្ទុក​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​ខេត្តសៀមរាប​ជិត​១០​ឆ្នាំ បាន​ធ្វើ​ឱ្យ​បទល្មើស​នេសាទ មិន​អាច​កាត់​បន្ថយ​នោះ​ទេ តែ​ថែម​ទាំង​រឹតតែ​កើតឡើង​ទ្វេរ​ដង​នៅ​ទូ​ទាំង​ខេត្តសៀមរាប ដូច​ទឹកបាក់​ទំនប់ ។

ជុំវិញ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​ជលផល​ខេត្តសៀមរាប មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០៩ កុម្ភៈ នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ បើ​និយាយ​ពី​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោរ សម្រាប់​ខេត្តសៀមរាប លោក​ព្រិ​ន្ទ សា​រិ​ន សម​ណាស់​បាន​មេដាយមាស ជា​កិត្តិយស​លើកទឹកចិត្ត​ឱ្យ​លោក​ប្រឹងប្រែង​បង្កើន​ស្នាដៃ​ចិញ្ចឹម​ថែម​ទៀត ។ គេ​និយាយ​ថា ជំនាន់​លោក​ណៅ ធួ​ក ធ្វើ​មេ​ជលផល​ទូ​ទាំង​ប្រទេស ដូច​ជា​មិន​ស្ទក់​ដូច​មេ​ក្រោយ​នេះ​ទេ ។