ស្ត្រី​អ្នក​យាម​គុក​លួច​លែង​អ្នក​ទោស រួច​រត់​​ទៅ​តាម​គ្នា​បាត់!

ជនជាតិស៊ីរីមួយរូប ដែលកំពុងជាប់ពន្ធនាគារ នៃក្រុងហ្សូរីស ប្រទេសស្វីស ពីបទចាប់រំលោភ បាន​លួចរត់​ចេញ បាន​សម្រេច​ពីមន្ទីរឃុំឃាំង កាលពីយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារនេះ ដោយសារ«ខ្មោចក្នុងឲ្យដៃ»។ «ខ្មោចក្នុង»​មួយ​នេះ ជា​ស្ត្រី​អ្នក​យាម​គុក​មួយ​រូប ដែលទំនងជាបានរត់គេចខ្លួន ទៅជាមួយនឹង​អ្នកទោស​រូប​នោះ។
ស្ត្រី​អ្នក​យាម​គុក​លួច​លែង​អ្នក​ទោស រួច​រត់​​ទៅ​តាម​គ្នា​បាត់!
ជនអនុវត្តន៍ទោស ឈ្មោះ ហាសាន់ គីកូ (ខាងឆ្វេង) និងបុគ្គលិករបស់ពន្ធនាគារ នាង អង់ជឺឡា ម៉ាឌីស៊ី។ (រូបថតនគរបាលស្វីស)

នគរបាលក្រុង ហ្សូរីស (Zurich) ប្រទេសស្វីស បានចេញប្រកាស តាមស្វែងរកចាប់ខ្លួនមកវិញ នូវអ្នកទោស​ជាតិស៊ីរីមួយរូប ឈ្មោះ ហាសាន់ គីកូ (Hassan Kiko) អាយុ២៧ឆ្នាំ និងចាប់ខ្លួន​ស្ត្រីមួយរូបទៀត ឈ្មោះ អង់ជឺឡា ម៉ាឌីស៊ី (Angela Magdici) អាយុ៣២ឆ្នាំ ដែលជាបុគ្គលិក របស់ពន្ធនាគារ «Limmattal» នៅ​ក្នុង​ក្រុង «Dietikon» ជាយក្រុង ហ្សូរីស។ នាង អង់ជឺឡា បានរងការចោទប្រកាន់ ថាបានលួចដោះលែងអ្នកទោស ជាតិ​ស៊ីរី​ខាងលើ ដែលត្រូវបានអនុវត្តទោស ចំនួន៤ឆ្នាំ ក្នុងពន្ធនាគារ ពីបទចាប់រំលោភ និងបានរត់គេចខ្លួន ទៅ​ជាមួយ​អ្នក​ទោសរូបនេះ កាលពីយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។

បេះដូងមនុស្ស...

បើតាមអាជ្ញាធរ បានលើកយកភស្តុតាងមួយចំនួន មកបញ្ជាក់ថា អ្នកទាំងពីរទំនង​ជាបានជិះ​រថយន្ដ ធុន «BMW» របស់នាង អង់ជឺឡា ចូលទៅដល់ទឹកដី នៃប្រទេសអ៊ីតាលីរួចទៅហើយ។ អ្នកនាំពាក្យការិយាល័យ គ្រប់គ្រង​ពន្ធនាគារស្វីស អ្នកស្រី «Rebecca de Silva» បានថ្លែងឲ្យដឹងថា៖ «វាពិតហើយ ថាបេះដូងរបស់​មនុស្ស បានដើរតួយ៉ាងសំខាន់ នៅក្នុងរឿងនេះ។ រាល់ស្ត្រីអ្នកយាមគុក ត្រូវតែមានទំនាក់ទំនង ជាមួយ​អ្នក​ជាប់​ឃុំ​ទាំងអស់ និងត្រូវគ្រប់គ្រងចាត់ចែង ទៅលើពួកគេ។ ហើយភាពជិតដិត ក៏បានកើតឡើងដែរ នៅក្នុង​ចំណោម​ពួក​គេ​ខ្លះ ជាមួយនឹងអ្នកទោស។»

យ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់​បានអះអាងទាំងស្រុង ថាអ្នកទាំងពីរ បាន​បង្កើត​នូវទំនាក់ទំនងស្នេហា រវាងគ្នានោះនៅឡើយ។ ប៉ុន្តែការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីរកពន្លឺ នៃ​ការ​លួច​រត់គេច ចេញពីពន្ធនាគាររបៀបនេះ ជាពិសេសទៅលើកង្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ​បំពាក់ នៅក្នុងពន្ធនាគារ ដែលទើបនឹងបំពាក់ និងដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០១០នេះប៉ុណ្ណោះ ខណៈ​ពន្ធនាគារ មានវ័យចំណាស់រាប់សិបឆ្នាំមកហើយ។

អ្នកស្រីអ្នកនាំពាក្យ បានបញ្ជាក់បន្តថា៖ «ការលួចរត់ចេញពីគុក របស់អ្នកជាប់ឃុំ បានកើតឡើង​យ៉ាង​កម្រ​ជា​ទីបំផុត ពីពន្ធនាគារនេះ។ ក្នុងរយៈពេល១២ឆ្នាំចុងក្រោយ ករណីរត់ចេញពីគុក មានតែពីរដងគត់ នៅឆ្នាំ​២០១០។ ករណីទីមួយ ជនជាប់ឃុំបានត្រឡប់ ចូលមកពន្ធនាគារវិញ បន្ទាប់ពីលួចចេញទៅ អស់រយៈពេល​មួយ​សប្ដាហ៍។ រីឯករណីទី២ ជនជាប់ទោស ត្រូវបានរកឃើញ និងចាប់ខ្លួនមកវិញ នៅ១ខែក្រោយ។»៕