ធា នុរាជ សុំសងសឹក Rithy Chhai រីឯធី តុងហ៊ីប៉ះSuper Chhai សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លំាង ធា នុរាជ ក្លិប ពោធិជ័យ កីឡា សុំសងសឹកអ្នកប្រដាល់ថៃ Rithy Chhai  ក្នុងប្រភេទទម្ងន់ ៦៥ គ.ក្រ រីឯអ្នកប្រដាល់ជើងខ្លំាង ធី តុងហ៊ី ក្លិបសាលវ័ន្តកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃ Super Chhai ក្នុងប្រភេទទម្ងន់៦៧ គ.ក្រ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខនេះនៅលើសង្វៀន SEATV ក្នុងព្រឹត្តិការការប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែរលក្ខណៈមិត្តភាពអន្តរជាតិ។

តាមសំដីលោក ញៀន សុធី អ្នករៀបចំការប្រកួតប្រចាំសង្វៀន SEA-TV បាននិយាយថា ធា នុរាជ ជាអ្នកប្រដាល់ជើងចាស់ ដែលមានកម្លាំងសម្រុកខ្លាំង មានស្នៀតប្រដាល់ល្អ និងថែមទាំងមានល្បិចកលក្នុង ការប្រកួតច្រើនថែមទៀត។ ស្នៀតពិសេសរបស់ធានុរាជនោះ គឺការទាត់បកក្រោយ និងទាត់ផ្កាប់ចាន ដែលស្នៀតនេះ នុរាជ ធ្លាប់ទទួលបានជោគជ័យ លើអ្នកប្រដាល់ជាច្រើន នាក់មកហើយ។

ចំពោះ អ្នកប្រដាល់ថៃ Rithy Chhai វិញ មកប្រកួតនៅស្រុកខ្មែរជាលើកទី២ហើយលើសង្វៀនSEATV កាលលើកទី១ បានវាយឈ្នះធា នុរាជដោយពិន្ទុតែម្តង ហើយអ្នកប្រដាល់រូបនេះខ្លាំង ថែមទាំងមានមានរបៀបវ៉ៃលើសង្វៀនល្អជាងនុរាជ។ ធា នុរាជ ធ្លាប់ប្រកួតបាន ៧៨ លើក ឈ្នះ៥៥លើក ចាញ់ ១៨ និងស្មើ ៥លើក រីឯRithy Chhai ធ្លាប់ប្រកួតបាន៦៩លើក ឈ្នះ៥៨លើក ចាញ់១០ និងស្មើ១លើក។

សម្រាប់ ធី តុងហ៊ី ជាអ្នកប្រដាល់ដែលមានអំណោយផលល្អខាងកាយសម្បទា គឺខ្ពស់ ១,៧០ម៉ែត្រ ដៃវែង ជើងវែង ធ្វើឲ្យគេខ្លាំងកែង ជង្គង់ និងទាត់ធាក់ ហើយអ្នកប្រដាល់រូបនេះមិនធ្លាប់ជួបប្រកួតជាមួយថៃទេកន្លងមក ប៉ុន្តែធ្លាប់តែជួបប្រកួតជាមួយអ្នកប្រដាល់ អង់គ្លេសម្តងគត់ ដោយចាញ់ក្នុងទឹកទី១ ។ លើកនេះ តុងហ៊ី ប្រហែលមិនសូវជាជួបការលំបាកប៉ុន្មានទេ ព្រោះត្រូវជួបអ្នកប្រដាល់ថៃ Super Chhai ដែលមិនពិបាកវាយដូចពួកអឺរ៉ុបដែលធំ និងខ្ពស់ជាងនោះទេ។ អ្នកប្រដាល់ថៃលើកនេះមានកម្ពស់ប្រហែលគ្នាទម្ងន់ស្មើគ្នា ហើយមានប្រវត្តិប្រកួតច្រើនជាងតុងហ៊ីទៀត ។

តាមលោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំនៅ SEA-TV បានឲ្យដឹងថា Super Chhai មានកម្ពស់១,៧០ម៉ែត្រ និងជាអ្នកប្រដាល់ មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ Super Chhai អាចបញ្ចេញបានភ្លាមៗ ស្របជាមួយដៃ តែបើគូប្រកួតខ្លាំងដែរ។ ចំពោះ Super Chhai ប្រកួតបាន១១៩ដង ឈ្នះ១០៣ចាញ់១៥ និងស្មើ១ រីឯ ធី តុងហ៊ី ប្រកួតបាន៩៦ដង ឈ្នះ៧៦ដង ចាញ់១៧ដង និងស្មើ៣ដង ៕

ធា នុរាជ សុំសងសឹក Rithy Chhai រីឯធី តុងហ៊ីប៉ះSuper Chhai សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ធា នុរាជ សុំសងសឹក Rithy Chhai រីឯធី តុងហ៊ីប៉ះSuper Chhai សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ