​ប្រាសាទព្រះវិហារ សីតុណ្ហភាព ១៣ អង្សា​សេ ខណៈពេលដែល​សៀមរាប មាន​កម្រិត​១៦​អង្សា​សេ​

​​សៀមរាប: សេចក្តីរាយការណ៍​ពី តំបន់​ប្រាសាទព្រះវិហារ បាន​ឲ្យ​ដឹងថា នៅ​ពេលយប់​ប្រមាណ ថ្ងៃ​ជាប់ៗ​គ្នា​នេះ សីតុណ្ហភាពបាន​ធ្លាក់​មក​នៅ​កំរិត ១៣ អង្សា​សេ​។ ខណៈពេល​ដូចគ្នា​នោះដែរ នៅ​ទីក្រុង​សៀមរាបមាន​សីតុណ្ហភាព ១៦ អង្សា​សេ​។ ចំនួន​សីតុណ្ហភាព​បែបនេះ ធ្វើ​ឲ្យ​កម្ពុជាជួប​នូវ​ភាព​ត្រជាក់​ដ៏​ខ្លាំងក្លា​មួយ​។
​    ​
​សេចក្តីរាយការណ៍​ពី តំបន់​ប្រាសាទព្រះវិហារ​ដដែល ចាប់ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៨​ព្រឹក សីតុណ្ហភាពធ្លាក់​មក​កំរិត​ទាប​គឺ ១៣​អង្សា​សេ​។ កំរិត​អង្សា​សេ ដែល​ទាប​បំផុត​នេះ​គឺ ធ្វើ​ឲ្យ​តំបន់​នោះមាន​ភាព​ត្រជាក់​ខ្លាំង ហើយ​ពិបាក​ទ្រាំ​មួយ សម្រាប់​ប្រជាពលរដ្ឋ​។
​    ​
​សេចក្តីរាយការណ៍​បន្ទា​ប់​ទៀតថា នៅពេល​ថ្ងៃ​ចាប់ពី​ម៉ោង ៩ ព្រឹក ទៅដល់​ពេល​រសៀល គឺ​កំរិត​អង្សា មិន​ធ្លា​ក់ទាប​ពេក​នោះទេ គឺមាន ១៦ ទៅ​១៧​អង្សា​សេ ដែល​ចំនួន​នេះ មិនធម្មតា​ដែរសំរាប់​ប្រជាជន​កម្ពុជា​ទូទៅ គឺ​ពិតជា​ពិបាក​ទ្រាំ ដែល​ចាំបាច់​ប្រជាពលរដ្ឋ មួយចំនួនត្រូវ​ដុត​ភ្លើងអាំង និង​មួយចំនួនទៀតត្រូវ​គ្រង​ឯកសណ្ឋាន អាវរ​ងា​ជាប្រចាំ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថាប់ សារិទ្ធ មេបញ្ជាការរង នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ បាន​បញ្ជាក់ថា នៅ​តំបន់​ប្រាសាទព្រះវិហារ ពិតជា​ត្រជាក់​ដូចសេចក្តីរាយការណ៍​ពិតប្រាកដ​មែន​។ លោក​បញ្ជាក់ថា នគរបាលជាតិ​របស់​យើង មិនមាន​អ្វី​រំខាន​ដល់ ការរស់នៅ​នោះទេ ព្រោះថាពួកគេ មាន​ឯកសណ្ឋាន មាន​អាវ​រងាដែល​ផ្តល់​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សំរាប់​ទប់ទល់​នឹង​ភាពរងានេះ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​និយាយទៀតថា ក្រៅពី​រងារ ទីនោះ គឺមាន​ភ្លៀងខ្យល់​លាយឡំ មកជា​មួយ​ផងដែរ​។ លោក​បញ្ជាក់ថា កំរិត​ត្រជាក់ បាន​កើតមាន​ជាច្រើន​ថ្ងៃ​មកហើយ ខុសពី​តំបន់​ដទៃ ព្រោះថា​តំបន់​នោះ ពេលដែល​តំបន់​មួយចំនួន មិនរ​ងារ​ខ្លាំង តែ​ទីនោះ បែរជារ​ងារ​ខ្យល់​ទៅ វិញ​។
​    ​
​ដោយឡែក សេចក្តីរាយការណ៍​ពី ខេត្តសៀមរាប បាន​បញ្ជាក់ដែរថា ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ទីក្រុង​សៀមរាប ក៏​ធ្លា​ក់មក​កំរិត​ត្រជាក់​ខ្លាំង​ដែរ គឺមាន​កំរិត ១៦ អង្សា​សេ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ពិបាក​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ពិបាក​ទ្រាំ នូវ​ភាព​ត្រជាក់​នេះ​។

​នៅពេល​ថ្ងៃ សីតុណ្ហភាព បាន​ឡើងមក​កំរិត​ខ្ពស់​បន្តិច ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ នៅពេល​យប់ វា​មាន​ភាព​ត្រជាក់​ខ្លាំង ដោយ​សីតុណ្ហភាពធ្លាក់​មក​នៅ ១៦ អង្សា​សេ ជា​មធ្យម ហើយ​លាយ​ជាមួយ​ខ្យល់​ផងដែរ​៕V/S

​ប្រាសាទព្រះវិហារ សីតុណ្ហភាព ១៣ អង្សា​សេ ខណៈពេលដែល​សៀមរាប មាន​កម្រិត​១៦​អង្សា​សេ​

​ប្រាសាទព្រះវិហារ សីតុណ្ហភាព ១៣ អង្សា​សេ ខណៈពេលដែល​សៀមរាប មាន​កម្រិត​១៦​អង្សា​សេ​

​ប្រាសាទព្រះវិហារ សីតុណ្ហភាព​១៣​អង្សា​សេ ខណៈពេលដែល​សៀមរាប​មាន​កំរិត​១៦​អង្សា​សេ​(រូបៈ ច័ន្ទគារ)