នៅរសៀលនេះ តុលាការ និងប្រកាសសាលក្រម សំណុំរឿង ប្រធានអង្គការផ្ទះយើង ពាក់ព័ន្ធនឹងអំពើអាស លើអនីតិជន ជាច្រើននាក់

ភ្នំពេញ ៖ តាមការគ្រោងទុក ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅម៉ោង ២ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ពាក់ព័ន្ធនឹងសំណុំរឿងរបស់ ប្រធានអង្គការផ្ទះយើង ដែលត្រូវចោទ ប្រកាន់ ពីបទអំពើអាសប្រឆាំង នឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ជាច្រើននាក់។ 

បើតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងទៅ សំណុំរឿងនេះ មានការចោទប្រកាន់គ្នា ទៅវិញទៅមក រវាងជនជាប់ចោទ និង ដើមបណ្ដឹង តែទោះបីយ៉ាងណា លទ្ធផលនឹង ដឹងនៅរសៀលនេះ បន្ទាប់ពីប្រធាន ក្រុមប្រឹក្សាជំនុំជម្រះនៃ សាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម លោក គឹម រ័ត្នណារិន ប្រកាសសាលក្រម។

គួររំលឹកថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាកា ជំនុំជម្រះ លើជនជាប់ចោទ ឈ្មោះ ហង្ស វិបុល ជាអតីតនាយកអង្គការ ផ្ទះយើង ដែលជាប់ពាក់ព័ន្ធពីបទ អំពើអាសប្រឆំាង នឹងអនីតិជនក្រោមអាយុ ១៥ឆ្នាំ ជាច្រើននាក់ តែសវនាកានេះ ត្រូវបានលោកចៅក្រម គឹម រ័ត្នណារិន ពន្យាពេល ដោយលើកយកមកប្រកាសនៅថ្ងៃទី១០ ខែកុម្ភៈនេះ។

ជនជាប់ចោទ ហង្ស វិបុល ភេទប្រុស អាយុ ៤៦ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីថ្ងៃ ទី២ ខែមីនា ឆ្នាំ២០១៥ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធ នឹងករណីបៀតបៀនផ្លូវភេទ លើកុមាររងគ្រោះជាច្រើននាក់ ស្នាក់នៅក្នុងមណ្ឌលអង្គការផ្ទះយើង។ ទង្វើដែលជនជាប់ចោទ ហង្ស វិបុល បានប្រព្រឹត្តត្រូវបានគេរាយការណ៍មកថា ជនជាប់ចោទរូបនេះ បាន ហៅកុមារ រងគ្រោះទាំងនោះ ចូលក្នុងបន្ទប់ ដោយបង្គាប់ឲ្យក្មេងៗ ចាប់លេងប្រដាប់ភេទរបស់ខ្លួន រហូតដល់សម្រេចចេញទឹកកាម បន្ទាប់មក ក៏បានចាប់ស្ទាប លេងប្រដាប់ភេទរបស់កុមាររងគ្រោះនោះវិញផងដែរ។

យ៉ាងណាក៏ដោយ លោក ស៊ុយ សុខុន មេធាវីការពារក្តីរបស់ លោក ហង្ស វិបុល បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់តំណាងអយ្យការ ថាកូនក្តីរបស់ខ្លួន មិនបានប្រព្រឹត្តអ្វី ដូចការឆ្លើយដាក់របស់កុមាររងគ្រោះនោះទេ ហើយថា តាមពិតរឿងក្តីនេះ គឺជារឿងគំនុំ និង ការទាស់ទែងគ្នា រវាងកូនក្តីរបស់លោក ហង្ស វិបុល ជាមួយនឹងនាយករងអង្គការរបស់គាត់ម្នាក់ និងបុរសជនបរទេសបានរៀបចំផែនការ ដើម្បីធ្វើការទម្លាក់កំហុស៕

នៅរសៀលនេះ តុលាការ និងប្រកាសសាលក្រម សំណុំរឿង ប្រធានអង្គការផ្ទះយើង ពាក់ព័ន្ធនឹងអំពើអាស លើអនីតិជន ជាច្រើននាក់