ក្រសួងអប់រំ នឹងទប់ស្កាត់ សកម្មភាព មិនប្រក្រតី នៅថ្ងៃទិវាបុណ្យ នៃក្ដីស្រឡាញ់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានលោកបណ្ឌិត ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តី នឹងចេញវិធានការទប់ស្កាត់ នូវរាល់សកម្មភាព មិនប្រក្រតីមួយចំនួន ក្នុងថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ  ឆ្នាំ២០១៦ ដែលជាឱកាសសិស្សានុសិស្សមួយ ចំនួនយល់ច្រឡំថា ថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបរវាងគូស្នេហ៍។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ  នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “ទិវានេះ ពុំមែនជាពិធីបុណ្យប្រពៃណី របស់ជនជាតិខ្មែរយើងទេ ហើយពីអតីតកាលក៏គ្មានការរៀបចំបុណ្យបែបនេះដែរ។ ប៉ុន្ដែនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ទិវានេះ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវ័យភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្លូន និងក្រុមគ្រួសារផងដែរ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរទៀតផង”។

ដើម្បីពង្រឹងការអនុវត្ត បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ សូមណែនាំវិធានការ ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់ នៅគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុសអំពីអត្ថន័យ នៃទិវាបុណ្យនៃក្ដីស្រឡាញ់។

ពង្រឹងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈ ឲ្យបានម៉ឹងម៉ាត់ ជាពិសេសលើការគ្រប់គ្រង សីលធម៌ និងវិន័យ តាមដានអវត្តមាន របស់សិស្សជាប្រចាំ។ ត្រូវជំរុញក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។ ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយ មាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ត ដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំណែនាំ កែលម្អសិស្សានុសិស្សបានទាន់ពេលវេលា៕

ក្រសួងអប់រំ នឹងទប់ស្កាត់ សកម្មភាព មិនប្រក្រតី នៅថ្ងៃទិវាបុណ្យ នៃក្ដីស្រឡាញ់

ក្រសួងអប់រំ នឹងទប់ស្កាត់ សកម្មភាព មិនប្រក្រតី នៅថ្ងៃទិវាបុណ្យ នៃក្ដីស្រឡាញ់