ពលរដ្ឋ និងNGO មិនទាន់ជឿ ចំពោះការសន្យា ដោះស្រាយផលប៉ះពាល់ គម្រោងសាងសង់ផ្លូវ អាកាសពីលើផ្លូវដែក

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីគម្រោងសាងសង់ ផ្លូវអាកាសលើផ្លូវដែក ចាប់ពីចំណត រាជាយស្ម័យយាន ជិតទីស្តីការគណៈរដ្ឋមន្ត្រី ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងអង្គការសង្គមស៊ីវិល (NGO) ថាអត់មានជំនឿ ១០០ភាគរយ ទៅលើក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសន្យាធានាដោះស្រាយបញ្ហាឲ្យបានចប់រួចរាល់សិន ទើបអនុញ្ញាតឲ្យក្រុមហ៊ុនទទួលបានការវិនិយោគ សាងសង់នូវគម្រោងមួយនេះនោះទេ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹក ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក នាង ផានិត តំណាងសហគមន៍ផ្លូវរថភ្លើង ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវអាកាសនេះ បានឲ្យដឹងថា មិនទាន់ទុកចិត្តការសន្យារបស់ក្រសួង ១០០ភាគរយនៅឡើងទេ ព្រោះការសន្យានេះ មិនទាន់ឃើញចេញជាផ្លែផ្កាអ្វីនៅឡើយ ដោយការសន្យានេះគ្រាន់តែជាការសន្យាតែមាត់ ដែលបញ្ហានេះមិនទាន់ទទួលយកបានទេ។

 លោកលើកឡើងថា “សន្យាជាមួយពួកខ្ញុំហើយ អត់ទាន់ធ្វើអ្វីទាំងអស់ ព្រោះគ្រាន់តែជាការសន្យា អីចឹងតាមទំនុកចិត្តរបស់ខ្ញុំ ខ្ញុំអត់ទុកចិត្តគាត់ គឺខ្ញុំអត់ទាន់ទុកចិត្តគាត់ទាំងស្រុងទេ”។

 មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា ប្រទេសនីមួយៗតែងតែមានការអភិវឌ្ឍ ប៉ុន្តែសំខាន់ឲ្យមានការចូលរួម និងផ្ដល់សំណងដល់ប្រជាពលរដ្ឋឲ្យអាចទទួលយកបាន ហើយទើបចាប់ផ្តើមធ្វើការសាងសង់គម្រោងនេះ គឺមិនមានឧបសគ្គ ហើយប្រជាពលរដ្ឋក៏ទទួលបានផលដែរ។

លើកបានបន្តថា “ខ្ញុំនៅមិនទាន់មានជំនឿចិត្តច្បាស់លាស់នៅឡើយទេ ហើយយើងរង់ចាំមើលក្នុងការដោះស្រាយទៅលើគម្រោងនេះជាបន្តសិន ប៉ុន្តែទោះយ៉ាងណាក្តីសង្ឃឹមថា រដ្ឋាភិបាល នឹងធ្វើតាមការសន្យារបស់ខ្លួន”។

ទោះជាយ៉ាងនេះក្តី លោក អំ សំអាត ក៏បានសម្តែងនូវការគាំទ្រនូវការសន្យារបស់ក្រសួង និងសូមធ្វើទៅតាមការសន្យានេះ ដែលមានន័យថា ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់ ហើយចាប់ផ្តើមធ្វើការសាងសង់ ព្រោះថាគ្មានអ្នកណាមួយជំទាស់នឹងការអភិវឌ្ឍនោះទេ។

នាយកលេខាធិការដ្ឋានក្រុមការងារពិសេស ទទួលបន្ទុកផ្នែកសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ បានឲ្យដឹងថា ការសន្យារបស់ក្រសួងសាធារណការនេះ គឺជាជម្រើសល្អ ជាការចាប់ផ្ដើមមួយដែលអាចនឹងធ្វើឲ្យប្រជាពលរដ្ឋស្ងប់ចិត្តចំពោះការអភិវឌ្ឍ។ ប៉ុន្តែ មុននឹងឈានទៅអនុត្តន៍នូវគម្រោងនេះ សូមលើកទឹកចិត្តដល់ក្រសួង ក៏ដូចជាអ្នកពាក់ព័ន្ធគួរធ្វើការសិក្សាពីផលប៉ះពាល់ហ្នឹងឲ្យបានតម្លាភាព និងមានការចូលរួមពីប្រជាពលរដ្ឋ។

 លោកបានលើកឡើងថា “បើមិនសិក្សាពីផលប៉ះពាល់ឲ្យបានតម្លាភាព និងមានការចូលរួមពីប្រជាពលរដ្ឋទេនោះ អាចនឹងមានបញ្ហាមិនប្រក្រតីនៅថ្នាក់ក្រោម ធ្វើឲ្យខាតបង់នូវការអភិវឌ្ឍហ្នឹង ដូចជាបទពិសោធន៍នៅកន្លែងផ្សេងៗអីចឹងដែរ”។

ទាំងប្រជាពលរដ្ឋ និងទាំងអង្គការសង្គមស៊ីវិល ក៏បានលើកឡើងថា ពួកគេនឹងទៅចូលរួមបញ្ចេញមតិយោបល់នៅក្នុងវេទិការបស់ក្រសួងសាធារណការ ដែលនឹងធ្វើឡើងក្រោយផ្តល់សិទ្ធិវិនិយោគទៅលើក្រុមហ៊ុនណា មុននឹងធ្វើការសាងសង់នូវគម្រោងមួយនេះ បើសិនជាមានការអនុញ្ញាតពីក្រសួង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ ក្រសួងសាធារណករ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានសន្យាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងសាងសង់ផ្លូវអាកាសលើផ្លូវដែកមួយខ្សែនេះ ឲ្យបានចប់រួលរាល់ និងក្រសួងនឹងបើកឲ្យមានវេទិកាបញ្ចេញមតិយោបល់ ពីសហគមន៍រងផលប៉ះពាល់ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាមុនសិន ទើបចាប់ផ្តើមអនុវត្តន៍នូវគម្រោងមួយនេះ៕

ពលរដ្ឋ និងNGO មិនទាន់ជឿ ចំពោះការសន្យា ដោះស្រាយផលប៉ះពាល់ គម្រោងសាងសង់ផ្លូវ អាកាសពីលើផ្លូវដែក