តម្លៃប្រេងធ្លាក់ នៅក្រោម ២៨ដុល្លារ ក្នុង១បារ៉ែល ខណៈ IEA ថានឹងបន្តធ្លាក់ចុះទៀត

ញ៉ូវយ៉ក៖ ថ្វីត្បិតតែតម្រូវការ នៃការប្រើប្រាស់ប្រេងឥន្ធនៈ ពិភពលោកនៅតែមាន តែទីភ្នាក់ងារថាមពល អន្តរជាតិ ហៅកាត់ (IEA) បានព្រមានថា តម្លៃប្រេងនឹងបន្តធ្លាក់ថ្លៃ ជាបន្តបន្ទាប់ទៀត ។

យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ថា តម្លៃប្រេងបន្តធ្លាក់ចុះ នៅក្រោម២៨ដុល្លារ ក្នុងមួយបារ៉ែល នេះបើតាមការអះអាងដោយ ទីតាំងស្តុកប្រេងដ៏ធំ នៅភាគខាងលិចរដ្ឋតិចសាស់ ហៅកាត់ (WTI) បានបញ្ជាក់ថាដូច្នេះ ហើយWTI បានបញ្ជាក់ថា តម្លៃអាចបន្តធ្លាក់ចុះរហូតដល់ខែមីនា ក្នុង១បារ៉ែលធ្លាក់ ចុះ១,៧៥ដុល្លារ ដោយក្នុងមួយបារ៉ែល តម្លៃ២៧,៩៤សេន ។ រីឯ New York Mercantile Exchange នៅក្រុងឡុងដ៏ ប្រទេសអង់គ្លេស ថាតម្លៃប្រេងនៅបន្ត ធ្លាក់ចុះរហូតដល់ ខែមេសា ខណៈតម្លៃប្រេងនៅអឺរ៉ុប ក្នុង១បារ៉ែលនៅ តម្លៃ៣០,៣២ដុល្លារ ដោយនៅថ្ងៃចន្ទ បានធ្លាក់ចុះក្នុង១បារ៉ែល២,៥៣ដុល្លារអាម៉េរិក ។

យោងតាមរបាយការណ៍ មួយចេញដោយ IEA បានបញ្ជាក់នៅថ្ងៃអង្គារថា តាមការព្យាករណ៍ទៅលើប្រេង នៅលើពិភពលោក អាចនឹងកើនឡើងលើស ពីការរំពឹងទុក គិតចាប់ពីពាក់កណ្តាល ឆ្នាំ២០១៦ ហើយអង្គការ អូពិក (OPEC) បានសន្យាថា នឹងទទួលខុសត្រូវសម្រាប់ ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារ ព្រោះថា អារ៉ាប៊ី សាអូឌីត អីរ៉ាក់ និងអ៊ីរ៉ង់ បានដកទណ្ឌកម្មចេញវិញហើយ កាលពីខែមករា កន្លងទៅនេះ ៕

តម្លៃប្រេងធ្លាក់ នៅក្រោម ២៨ដុល្លារ ក្នុង១បារ៉ែល ខណៈ IEA ថានឹងបន្តធ្លាក់ចុះទៀត