សកលវិទ្យា​ល័យ និង​មហា​វិទ្យា នៅ​អាមេរិក​ចំនួន​១៦ មក​តាំងពិព័រណ៍ នៅ​ភ្នំពេញ​

ភ្នំពេញ: ស្ថានទូត​អាមេរិក បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់ មាន​សកល​វិទ្យាល័យ និង​មហាវិទ្យាល័យ នៅ​អាមេរិក ចំនួន​១៦ នឹង​មក​តាំង​ពិ​ព័រ​ណ៌ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់ឱកាស ដល់​និស្សិត​នៅ​កម្ពុជា ក៏ដូចជា ឪពុកម្តាយ​របស់គេ បានដឹង​ពី​ជម្រើស​នានា ក្នុងការ​សិក្សា នៅ​សហរដ្ឋអាមេរិក​។​
​    ​
​សម្រាប់​និស្សិត និង​មាតាបិតា ដែលមាន​បំណង​ចង់​ឲ្យ​កូន ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក គឺអាច​អញ្ជើញ​ចូលរួម ទស្សនា​ពិព័រណ៍​នេះ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ នៅ​សណ្ឋាគារ​អ៊ិន​ធើ កុងទីណង់តាល់ (Inter Continental) ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៧ យប់​។​

​យោងតាម​វេ​ប​សាយ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយ ថ្ងៃទី​៩ ខែ កុម្ភៈ ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា កម្មវិធី​ពិព័រណ៍ Education USA ត្រូវបាន​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ដោយបាន​ផ្តល់ឱកាស សម្រាប់​ឲ្យ​សិស្ស និស្សិត នៅ​កម្ពុជា និង​ឪពុកម្តាយ របស់គេ​បានដឹង​ពី​ជម្រើស​នានា ក្នុងការ​សិក្សា នៅ​សហរដ្ឋអាមេរិក​។​

​ប្រភព​ដដែល បាន​បន្តថា កម្មវិធី​ពិព័រណ៍ Education USA សម្រាប់​ឆ្នាំ​២០១៦ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៧ យប់ នៅ​សណ្ឋាគារ InterContinental ក្នុង​ទីក្រុង​ភ្នំពេញ​។ កម្មវិធី​នេះ​គឺ​បើក​សម្រាប់​សាធារណជន​ទូទៅ ដោយ​មិនមាន​ការចុះឈ្មោះ​ជាមុន​ទេ​។​

​ប្រភព​ខាងលើ បាន​បញ្ជាក់ថា សកលវិទ្យា​ល័យ និង​មហាវិទ្យាល័យ នៅ​សហរដ្ឋអាមេរិក ដែល​នឹងចូលរួម​មាន​៖
1.  Aviation Institute of Maintenance (Atlanta, GA; Dallas, TX; Houston, TX;...)
2.  San Jose State University (San Jose, CA)
3.  Concordia University Wisconsin (Mequon, WI)
4.  Edmonds Community College (Lynnwood, WA)
5.  Highline College (Des Moines, WA)
6.  Hult International Business School (Cambridge, MA; San Francisco, CA; New York, NY;...)
7.  Miami University (Oxford, OH)
8.  Northeast Wisconsin Technical College (Green Bay, WI; Marinette, WI; & Sturgeon Bay, WI)
9.  NYU Tandon School of Engineering (Brooklyn, NY)
10.  Orange Coast College (Costa Mesa, CA)
11.  Randolph-Macon College (Ashland VA)
12.  San Mateo County Community College District (San Mateo, CA)
13.  State University of New York at Plattsburgh (Plattsburgh, NY)
14.  The University of Arizona (Tucson, AZ)
15.  University of Oregon American English Institute (Eugene, OR)
16.  Virginia Commonwealth University (Richmond, VA)

​លោកស្រី ម៉ៅ កូ​ឡាប ទីប្រឹក្សា EducationUSA បាន​មានប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​ថា តំណាង​សកល​វិទ្យាល័យ និង​មហាវិទ្យាល័យ នៅ​សហរដ្ឋអាមេរិក នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ​។​

​លោកស្រី បាន​បន្តថា នា​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភ មុននឹង​ការតាំងពិព័រណ៍ តំណាង​សកល​វិទ្យាល័យ និង​មហាវិទ្យាល័យ នៅ​សហរដ្ឋអាមេរិក​ទាំងអស់ នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​សាលារៀន​មួយ ដែលមាន​ឈ្មោះថា CIA នៅតាម​បណ្តោយ​ផ្លូវ​២០៤ នៅក្បែរ​សាលារៀន ណដ​ប្រ៊ី​ដ បន្ទាប់មក​នឹងមាន​អាហារ​សាមគ្គី​ថ្ងៃត្រង់ ជាមួយ​តំណាង​សាលា​កម្ពុជា និង​តំណាង​សកលវិទ្យា​ល័យ និង​មហាវិទ្យាល័យ នៅ​សហរដ្ឋអាមេរិក​។ ក្រោយពី​អាហារ​ថ្ងៃត្រង់​រួច តំណាង​សកល​វិទ្យាល័យ និង​មហាវិទ្យាល័យ នៅ​សហរដ្ឋអាមេរិក នឹង​អញ្ជើញ​ទៅ​សណ្ឋាគារ អ៊ិន​ធើ​កុងទីណង់តាល់ ដើម្បី​រៀបចំ​ដំណើរការ​តាំងពិព័រណ៍​។​

​លោកស្រី បាន​បញ្ជាក់ថា តំណាង​សកល​វិទ្យាល័យ និង​មហាវិទ្យាល័យ នៅ​សហរដ្ឋអាមេរិក នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។ អ្នកមួយ​ចំនួន នឹង​បន្តទៅ​ប្រទេស​ផ្សេង តាម​កាលវិភាគ​របស់​គេ និង​មួយចំនួនទៀត នឹង​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​។ រាល់​ការចំណាយ​ទាំងអស់ ជា​បន្ទុក​របស់​សកល​វិទ្យា និង​មហាវិទ្យាល័យ​នីមួយៗ​។

​ដោយឡែក ចំពោះ​ការរៀបចំ​ពិព័រណ៍​វិញ ជាការ​ឧបត្ថម្ភ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា សហការ​ជាមួយ EducationUSA​។​

​លោកស្រី ម៉ៅ កូ​ឡាប បានបង្ហាញ​នូវ​ក្តី​រំពឹងថា ការតាំងពិព័រណ៍​ខាងមុខនេះ រំពឹងថា នឹងមាន​អ្នកចូលរួម​ប្រមាណ​ជា ១.០០០ នាក់​។​

​លោកស្រី ក៏បាន​អំពាវនាវ​ផងដែរ ដល់​និស្សិត និង​មាតាបិតា​ទាំងអស់ ដែលមាន​បំណង​ឲ្យ​កូន​ទៅ​សិក្សា នៅ​សហរដ្ឋអាមេរិក សូម​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍​កុំបី​ខាន ព្រោះ​វា​ជា​ឱកាស​មួយ សម្រាប់​ពិចារណា​ថា តើ​ត្រូវ​សិក្សា​នៅ​សកលវិទ្យា​ល័យ និង​មហាវិទ្យាល័យ មួយណា​ដែល​ល្អ​៕V​/S

សកលវិទ្យា​ល័យ និង​មហា​វិទ្យា នៅ​អាមេរិក​ចំនួន​១៦ មក​តាំងពិព័រណ៍ នៅ​ភ្នំពេញ​