បច្ចុប្បន្ន កសិណទឹក អង្គរធំ-តូច មានទឹកគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ប្រាសាទ

ភ្នំពេញ៖ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បច្ចុប្បន្ននេះ កសិណទឹកអង្គរធំ និងអង្គរតូច នៅតែមានទឹកគ្រប់គ្រាន់ដែលអាចធានាបាន ក្នុងការទ្រទ្រង់ប្រាសាទអង្គវត្ត ក្នុងរដូវក្តៅនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ តាមការវាស់ស្ទង់របស់ អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងមួយថ្ងៃៗ កសិណទឹកអង្គរធំ និងអង្គរតូច ស្រករហូតដល់មួយសង់ទីម៉ែត្រ។

លោក ឡុង កុសល មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៦នេះថា អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនជាស្រេច ក្នុងការរក្សា និងស្តុកទឹកទុកសម្រាប់ជួយផ្គត់ផ្គង់ ឲ្យប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ពិសេសអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជូលទឹកគ្រប់គ្រាន់ផងដែរ ក្នុងនៅកសិណទឹកអង្គរធំ និងអង្គរតូច ហើយបច្ចុប្បន្ននេះកសិណទឹកទាំងពីរនេះ មានទឹកគ្រប់គ្រាន់នៅឡើយសម្រាប់ទ្រទ្រង់ប្រាសាទ ពោលគឺអាចធានាបានក្នុងរដូវប្រាំងនេះ។

លោកបន្តថា “តាមការវាស់ស្ទង់របស់អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងមួយថ្ងៃៗ កសិណទឹកអង្គរធំ និងអង្គរតូច ស្រករហូតដល់ ១សង់ទីម៉ែត្រ។តែយ៉ាងណាក៏ដោយ យើងសង្ឃឹមថា ទឹកដែលយើងរក្សាទុកនេះ និងអាចឆ្លងផុតការខ្វះខាតទឹកក្នុងរដូវប្រាំងនេះ”៕

បច្ចុប្បន្ន កសិណទឹក អង្គរធំ-តូច មានទឹកគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ប្រាសាទ