លោកគាត ឈន់ ដឹកនាំកិច្ចប្រជុំ អន្តរក្រសួង លើគោលនយោបាយ និវេសនដ្ឋានទេសចរណ៍

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក  គាត ឈន់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយ និវេសនដ្ឋានទេសចរណ៍” (ផ្ទះទី ២)នាថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៦  នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ ក៏មានការចូលរួមពីរដ្ឋមន្រ្តី ចំនួន០៤រូបទៀតដូចជា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនី-យកម្ម និងសំណង់ លោកអ៊ឹម ឈុនលឹម, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន , រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុន , រដ្ឋមន្រ្តីក្រសួងសាធារណការ លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី លោក សុខ ចិន្តាសោភាផងដែរ។

លោក គាត ឈន់ បានវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ដែលបានខិតខំផ្តួចផ្តើមរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយនេះ និងបានដាក់ពិភាក្សា ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាច្រើននាពេលកន្លង ។

លោកបន្តថា ឯកសារគោលនយោបាយ និវេសនដ្ឋានទេសចរណ៍នេះ គឺជាឧបករណ៍គោលនយោបាយថ្មីមួយទៀត សម្រាប់រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកគាត ឈន់បញ្ជាក់បន្ថែមថា « វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង បានចាត់ទុកថាជា មាសបៃតង ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការផ្តល់ឱកាសការងារ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ »។

សូមបញ្ជាក់ថា  គោលនយោបាយនិវេសនដ្ឋាន ទេសចរណ៍នេះ ផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ តាមរយៈវិស័យទេសចរណ៍ដោយ ជំរុញអភិវឌ្ឍប្រកបដោយ បរិយាប័ន្ន ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច/សង្គម ដោយបង្កើតឡើងនូវផលិតផលទេសចរណ៍ថ្មី កំណត់រៀបចំប្រែក្លាយតំបន់សក្កានុពលទៅជាតំបន់និវេសនដ្ឋានទេសចរណ៍ ដោយអនុញ្ញាតផ្តល់ជូនទេសចរបរទេសឱ្យមានសិទ្ធិចេញ/ចូលច្រើនដង ស្នាក់នៅរយៈពេលយូរ និងចូលរួមវិនិយោគ ព្រមទាំងមានភាពជាម្ចាស់ នៃទ្រព្យសម្បត្តិនៃ និវេសនដ្ឋានទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ និងលក្ខខណ្ឌដែលបានកំណត់ជាក់លាក់៕

លោកគាត ឈន់ ដឹកនាំកិច្ចប្រជុំ អន្តរក្រសួង លើគោលនយោបាយ និវេសនដ្ឋានទេសចរណ៍

លោកគាត ឈន់ ដឹកនាំកិច្ចប្រជុំ អន្តរក្រសួង លើគោលនយោបាយ និវេសនដ្ឋានទេសចរណ៍