Zika ទៅដល់​ចិន​ហើយ​ ​

 ​អាជ្ញាធរ​ចិន​បានបញ្ជាក់​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ថា នៅពេលនេះ​មេរោគ Zika ដែល​កំពុងតែ​រាលដាល​ពេញ​តំបន់​អាម​រិ​ក​ឡាទីន ត្រូវបាន​រកឃើញ​លើ​ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ការរកឃើញ​នេះ​គឺជា​ករណី​ថ្មី​បំផុត​ដែល​បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ថា មេរោគ Zika កំពុងតែ​រីកសាយ​ទៅ​តំបន់​ផ្សេងៗ​លើ​ពិភពលោក​ហើយ ខណៈ​វីរុស​នេះ​កំពុងតែ​វាយលុក​ពេញ​តំបន់​អាមេរិក​ឡាទីន​។​

​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា ប្រទេស​ចិន​បាន​រកឃើញ​មេរោគ​ប្រភេទ​ថ្មី Zika ដែល​ឆ្លង​លើ​ខ្លួន​បុរស​ម្នាក់​។ នេះ​មានន័យថា វីរុស​ប្រភេទ​ថ្មី​កំពុង​រីកសាយ​ភាយ​ទៅកាន់​តំបន់​ផ្សេងៗ​យ៉ាង​ឆាប់រហ័ស ដ្បិត​ប្រភព​នៃ​ការចម្លង​របស់ Zika ដំបូង​គឺ​នៅលើ​ទឹកដី​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​តំបន់​អាមេរិក​ឡាទីន​ឯណោះ​។

​បើតាម​មន្ត្រី​នៅ​ប្រទេស​ចិន បុរស​វ័យ​៣៤​ឆ្នាំ​ខាងលើ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ឆ្លង​មេរោគ​នេះ​បន្ទាប់ពី​គេ​បាន​វិល​ត្រលប់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ថ្ងៃទី​២៨ ខែមករា​កន្លងទៅ ហើយ​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​ពី​ពេលនោះ​។ រូបគេ​ក៏ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ដើម្បី​ទទួល​ការព្យាបាល ពីព្រោះ​រូបគេ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទី​ក្រុង​ហុងកុង​និង​ស៊ិន​ជិន​ដែល​ធ្វើ​ឲ្យ​ព្រួយបារម្ភ​ក្រែង​មានការ​ចម្លង​ដល់​អ្នកដទៃ​។​

​លើសពីនេះ ការចម្លង​មេរោគ​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ថ្វីត្បិតតែ​គេ​សង្កេតឃើញ​មាន​ករណី​វីរុស Zika នៅ​តំបន់​អាស៊ី​នៅមានកម្រិត​តិចតួច​ប៉ុណ្ណោះ​។  ជាមួយគ្នានេះ អង្គការ​សុខភាព​ពិភពលោក​ក៏បាន​ប្រកាសថា ការ​រាលដាល​នៃ​មេរោគ Zika នៅ​ទ្វីបអាមេរិក​ជា​គ្រោះអាសន្ន​សម្រាប់​សុខភាព​ពិភពលោក​ទាំងមូល​។ ក្រៅពី​ទ្វីបអាមេរិក មេរោគ​ដ៏​គ្រោះថ្នាក់​នេះ នឹង​អាច​បន្ត​រីក​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត​លើ​ពិភពលោក បើសិនជា​គ្មាន​វិធានការ​ត្រឹមត្រូវ​ទេ​។ មកទល់ពេលនេះ មាន​ប្រទេស​ចំនួន​២៦ បានបញ្ជាក់​ពី​ករណី​ឆ្លង​មេរោគ​នេះ​។

​ដោយឡែក ជំងឺ​ដែល​បង្ករ​ដោយ​វីរុស Zika នេះ​មាន​រោគសញ្ញា ដូចជា គ្រុនក្ដៅ​ស្រាល ឈឺក្បាល កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក ឈឺសន្លាក់ ហើយ​ភាគច្រើន​ជា​វិញ​ពី​២​ទៅ​៧​ថ្ងៃ​។ សម្រាប់​អត្រា​ស្លាប់​ដែល​បណ្ដាល​ដោយ​ជំងឺ​នេះ​មាន​កម្រិត​តិចតួច ប៉ុន្តែ​វីរុស​នេះ​អាច​វិវត្តន៍​ទៅជា​ទន់​ដៃជើង ទារក​អាច​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ និង​ក្បាល​ទារក​តូច​ជាដើម​។

​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ វីរុស​នេះ ក៏​មិនទាន់មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​សម្រាប់​ការពារ​នៅឡើយ​នោះទេ​។ ចំណែក​ការព្យាបាល គឺត្រូវធ្វើ​តាម​ការ​របៀប​គាំទ្រ​វេជ្ជសាស្ត្រ​។ ដើម្បី​បង្ការ​ជំងឺ​នេះ គឺ​ត្រូវ​បំផ្លាញ​ជំរក​មូល និង​ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ​។​

​គួរ​បញ្ជាក់ដែរថា មេរោគ​នេះ​រកឃើញ​ដំបូង​នៅលើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស​ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស​អ៊ូ​ហ្ក​ង់​ដា​នៃ​ទ្វីបអាហ្វ្រិក​។ មេរោគ Zika រាតត្បាត​ខ្លាំង​ឡើង​បន្ទាប់ពី​ការទា​ត់បាល់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ ហើយ​វា​ធ្លាប់បាន​ផ្ទុះឡើង​នៅ​ទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​៕
 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​