សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខ​សញ្ញា​អ្នក​ប្លុង​គ្រាប់​បែក​ក្បែរ​ផ្ទះ​គ្រូ​បង្រៀន​នៅ​ពោធិ៍សាត់

សមត្ថកិច្ច​នគរបាល​ខេត្ត​ពោធិ៍សាត់ មិន​ទាន់​អាច​កំណត់​មុខសញ្ញា​ជន​មិន​ស្គាល់​មុខ​ដែល​ប្លុង​គ្រាប់​បែក​ពីរ​គ្រាប់​នៅ​ក្បែរ​ផ្ទះ​គ្រូ​បង្រៀន​ម្នាក់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ នៅ​ឡើយ​ទេ។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ចង់​ឲ្យ​សមត្ថកិច្ច​វែក​រក​មុខ​ជនសង្ស័យ​ដើម្បី​ជម្រះ​មន្ទិល ខណៈ​គ្រូ​បង្រៀន​ដែល​រង​ការ​គំរាម​​ដោយ​គ្រាប់​បែក​រូប​នោះ​មិន​បារម្ភ​ពី​សុវត្ថិភាព និង​ចង់​បញ្ចប់​រឿង​នេះ។

ក្រុម​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ដោយ​មិន​កំណត់​រយៈពេល​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ នៃ​ការ​ប្លុង​គ្រាប់​បែក​ក្រឡា​ទៀប​ផលិត​នៅ​សហភាព​សូវៀត ដែល​គេ​ខ្ចប់​ក្រណាត់​ដាក់​ចោល​ក្បែរ​ផ្ទះ​គ្រូបង្រៀន​កម្រិត​វិទ្យាល័យ​ម្នាក់ ឋិត​នៅ​ភូមិ​អន្លង់វិល ឃុំ​ស្យា ស្រុក​កណ្ដៀង។ សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋានឲ្យ​ដឹង​ថា អ្នក​ជំនាញ​បាន​ចុះ​ធ្វើ​កំណត់​ហេតុ និង​បញ្ជូន​សំណុំ​រឿង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​រួច​ហើយ។

អធិការ​នគរបាល​ស្រុក​កណ្ដៀង លោក លីវ សេងហ៊ីម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ថា​​ នៅ​ពេល​ស៊ើប​អង្កេត​បឋម​មិន​ឃើញ​មាន​តម្រុយ​អ្វី​នោះ ទើប​សមត្ថកិច្ច​ជំនាញ​បញ្ជូន​សំណុំ​រឿង​ទៅ​ថ្នាក់​លើ ដើម្បី​ជួយ​ចាត់ការ​បន្ត។

លោក​ថា ឈ្មោះ ចាវ រ៉ូ ភេទ​ប្រុស វ័យ​ជាង ៥០​ឆ្នាំ​ជា​គ្រូ​បង្រៀន​មិន​ដែល​មាន​ទំនាស់ ឬ​បញ្ហា​ខាង​នយោបាយ​ជាមួយ​នរណា​ដែល​ឈាន​ដល់​ការ​គុំកួន​សម្លាប់​នោះ​ទេ៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​កំពុង​ស៊ើបអង្កេត ថា​មូលហេតុ​អី​បាន​ជា​គេ​យក​គ្រាប់​បែក​មក​ដាក់​ក្រោយ​ផ្ទះ​គាត់។ បើ​កាល​ណា​អត់​ទាន់​រក​ឃើញ យើង​នៅ​តែ​រក​អ្នក​ដែល​ដាក់​គ្រាប់​នោះ​អត់​កំណត់​ថ្ងៃ​បាន​ទេ»

ចំណែក​គ្រូ​បង្រៀន និង​ជា​ម្ចាស់​ផ្ទះ​ដែល​ជន​មិន​ស្គាល់​មុខ​ប្លុង​គ្រាប់​បែក​​​ គឺ​លោក ចាវ រ៉ូ ថា​លោក​ជា​គ្រូ​បង្រៀន​ក្រីក្រ និង​សាមញ្ញ​មិន​មែន​ជា​សកម្មជន​គណបក្ស​នយោបាយ​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ឈ្នានីស ឬ​ការ​និន្ទា​ពី​​ជន​ណា​នោះ​ទេ ទើប​លោក​មិន​បាន​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

លោក​បាន​ប្រគល់​គ្រាប់បែក និង​តួនាទី​នេះ​ទៅ​ឲ្យ​សមត្ថកិច្ច ​ហើយ​លោក​ក៏​មិន​ចង់​គិត​អ្វី​ទៀត​ដែរ៖ «ពេល​បងប្អូន​គាត់​សែន​ហ្នឹង! ខ្ញុំ​ទៅ​នោម​ក្បែរ​ជង្ហុក​មាន​ឃើញ​កញ្ចប់​ហ្នឹង​ក៏​យក​ស្រាយ​មើល​ទៅ​ឃើញ។ មិន​ដឹង​ថា​មក​ពី​ណា​ផង (គ្រាប់​បែក) នៅ​ឆ្ងាយ​ពី​ខ្ញុំ​ប្រហែល​ជាង ២០​ម៉ែត្រ»

ទាក់ទង​បញ្ហា​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថា​លោក​មិន​អាច​សន្និដ្ឋាន​ករណី​នេះ​ជា​ការ​គំរាមកំហែង ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​គួរ​វែក​រក​មុខ​អ្នក​ដែល​ប្លុង​គ្រាប់​បែក​នោះ​ឲ្យ​ឃើញ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

លោក​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១៥ មាន​ករណី​ស្រដៀង​គ្នា​នេះ​កើត​ឡើង ហើយ​សមត្ថកិច្ច​ប៉ូលិស​បាន​រក​មុខ​ជនល្មើស​ឃើញ ប៉ុន្តែ​តុលាការ​មិន​បាន​ឲ្យ​ជនល្មើស​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នោះ​ទេ ដោយ​គ្រាន់​តែ​ដាក់​ឲ្យ​ជនល្មើស​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។