ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អា​ល្លឺ​ម៉​ង់ លោក ALEXANDER DOBRINDT ក្រោយ​ពី​ទៅ​កាន់​កន្លែង​រថភ្លើង​២​បុក​គ្នា​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់ កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ថ្លែង​ថា រថភ្លើង​ទាំង​២​នោះ​បាន​បុក​គ្នា​ចំ​ពី​មុន​តែ​ម្តង ពេល​កំពុង​រត់លឿន ។

យោង​តាម​សេចក្តី​ប្រកាស​ចុង​ក្រោយ​របស់​ប៉ូលិស​មូលដ្ឋាន​ថា ការ​បុក​គ្នា​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ វេលា​ម៉ោង​៦​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក​ត្រង់​កំណាត់​ផ្លូវ​តែ​មួយ​ក្នុង​តំបន់ BAVIERE ភាគ​ខាងត្បូង​អា​ល្លឺ​ម៉​ង់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់ របួសធ្ងន់​១៨​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​៩០​នាក់​ទៀត​ក៏​រង​របួស​ដែរ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក DOBRINDT ថ្លែង​ថា នៅ​កន្លែង​កើត​មាន​គ្រោះថ្នាក់​មើលទៅ​គួរ​ឱ្យ​រន្ធត់​ខ្លាំង​ណាស់ ដោយ​រថភ្លើង​មួយ​បាន​បុក​ជាប់​នឹង​រថភ្លើង​មួយ​ទៀត ។

លោក DOBRINDT បន្ត​ថា ផ្លូវដែក​បំពាក់​ដោយ​ប្រព័ន្ធ​ធ្វើ​ឱ្យ​រថភ្លើង​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​ផ្លូវ​មាន​បញ្ហា ។ ពេល​នេះ​គេ​ពិបាក​ក្នុង​ការ​កំណត់​ថា​តើ​គ្រោះ​មហន្ត​រាយ​​នេះ​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស ឬ​ការ​ខុសឆ្គង​ខាង​បច្ចេកទេស​មួយ ។ ប្រអប់​ខ្មៅ​៣​នឹង​ជា​កម្មវត្ថុ​នៃ​ការ​សិក្សា​យ៉ាង​ស៊ីជម្រៅ​មួយ ។

យោង​តាម​ប្រមុខ​ប៉ូលិស​តំបន់ BAVIERE លោក ROBERT KOPP ថា មនុស្ស​ប្រមាណ​ជា​១៥០​នាក់ ធ្វើ​ដំណើរ​តាម​រថភ្លើង​ទាំង​២​នោះ​ពេល​បុក​គ្នា ។ មនុស្ស​២​នាក់​បាន​បាត់​ខ្លួន ។

សារព័ត៌មាន​អា​ល្លឺ​ម៉​ង់​មួយ​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ថា ការ​សម្រេចចិត្ត​ខុស​របស់​អ្នក​ប្តូរ​ផ្លូវ​រថភ្លើង​អាច​ជា​ប្រភព​នៃ​ការ​បុក​គ្នា ៕