ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដើរ​វង្វេងវង្វាន់​សួរ​រក​ម៉ូតូ​របស់​ខ្លួន ​សង្ស័យ​​ត្រូវ​គេ​ដាក់​ថ្នាំ​យក​ម៉ូតូ​ទៅ​បាត់ ហើយ​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​តាម​ផ្លូវបង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​កុ​ម្ភៈ ​នៅ​​កែង​​ផ្លូវ​លេខ​២១៤​​និង​លេខ​​លេខ​១១១ ទល់មុខ​ក្រុមហ៊ុន5D ស្ថិត​ក្នុង​សង្កាត់​បឹងព្រលឹ​ត ខណ្ឌ​៧​មក​រា ។

​តាម​សម្ដី​​​បុរស​សន្តិសុខ​​​ម្នាក់​នៅ​​ក្បែរ​កន្លែង​កើតហេតុ​​បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ គាត់​​ឃើញ​យុវជន​ម្នាក់​ដើរ​ចុះ​ដើរ​ឡើង​ហើយ​សួរ​រក​ម៉ូតូ​របស់​គេ ដែល​មើលទៅ​ដូច​​ជា​វង្វេងវង្វាន់​ស្មា​រតី ហើយ​ពេល​នោះ​គាត់​ក៏​សួរនាំ​យុវជន​នេះ​មានរឿង​បានជា​ដើរមក​រក​ម៉ូតូ​នៅ​កន្លែង​នេះ តែ​គេ​និយាយ​លែង​ដឹង​អី​ដូច​​​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ​​ ។ ដោយ​ឃើញ​បែប​នេះ​ គាត់​អាណិត​ក៏​ឱ្យ​យុវជន​​​ម្នាក់​​នេះ​​សម្រាក​​កន្លែង​របស់​គាត់​សិន រង់​​ចាំ​​​ទាក់​ទង​​ទៅ​សមត្ថកិច្ច​ជា​ក្រោយ ។ ភ្លាម​ៗ​គាត់​ក៏​បាន​​ទូរស័ព្ទ​ចូល​វិទ្យុ​ABC ដើម្បី​សុំ​ឱ្យ​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ ។ ​

បន្ទាប់​​មក សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​ធ្វើការ​សាកសួរ​យុវជន​​រូប​នេះ​ ហើយ​យុវជន​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា គេ​ឈ្មោះ លី ​យៀងខា អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ គេ​បាន​មក​ដើរ​លេង​នៅ​ផ្សារ​​អុីអន ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិក​ តែ​មិន​ចាំ​ពណ៌​ និង​ស្លាក​លេខ​ទេ​ដោយ​និយាយ​មិនដឹង​ក្បាល​កន្ទុយ ហើយ​សមត្ថកិច្ច​​សង្ស័យ​ថា​យុវជនរូប​​នេះ​បែក​ថ្នាំ​ ។ ​សមត្ថកិច្ច​​ រង់​​ចាំ​ដល់​ព្រឹក​​​នឹង​ទាក់​ទង​​​ទៅ​រក​ក្រុម​គ្រួសារឱ្យ​មក​ទទួល​យុវជន​នេះ​ទៅ​វិញ ៕