លោកយ៉ែម បុញ្ញឬទ្ធិ៖ រៀបចំសង្គមមួយ ត្រូវចាប់ផ្ដើមចេញ ពីការអប់រំមនុស្សជាមុន

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា ការរៀបចំសង្គមមួយ ដែលចង់បានឲ្យល្អ  គឺត្រូវចាប់ផ្ដើម ពីការរៀបចំអប់រំមនុស្ស ដែលជាសមាជិកនៃសង្គម។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ដូច្នេះគេត្រូវគិតដល់ លក្ខណៈសម្បត្តិ របស់មនុស្ស ដែលជាកត្តាធ្វើ ឲ្យកើតទៅជារដ្ឋទំនើប ជឿនលឿនល្បីល្បាញ ទាំងវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយ គឺដោយសារមនុស្សដែលមានតម្លៃ សីលធម៌ថ្លៃថ្នូរល្អ ឧត្តមគតិស្នេហាជាតិពិត មោទនភាពជាតិពិត ពោលការផ្ដល់តម្លៃដល់មនុស្សឧត្តមភាពរបស់មនុស្ស។

លោកលើកឡើងទៀតថា គោលដៅធំនៃជីវិត ពុំមែនត្រឹមតែទ្រឹស្ដីចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាព ចូលរួមដោះស្រាយបញ្ហា និងកសាងសង្គម ថ្លៃថ្នូរ ជាកត្តាខានពុំបាន។ ដំណើរការនៃការរៀបចំសង្គម ទៅតាមលំដាប់លំដោយ ច្បាស់លាស់ ដែលពលរដ្ឋថ្លៃថ្នូរគ្រប់រូបខិតខំប្រឹងប្រែងអនុវត្ត ដើម្បីធ្វើឲ្យមានការរីកចម្រើនកាន់តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបញ្ជាក់ថា«ការអភិវឌ្ឍន៍ខ្លួនយើងផ្នែក បេះដូង ចិត្ត មនោគតិ សីលធម៌ គុណធម៌ ដោយមិនត្រឹមតែ គិតពីប្រយោជន៍ផ្ទាល់ខ្លួន តែមានការគិត ជួយផ្ដល់នូវការរីកចម្រើន ដល់អ្នកដ៏ទៃ ដល់សង្គម ហើយដើម្បីឲ្យមនុស្សមានសុជីវធម៌ សីលធម៌ គុណធម៌ គឺចាប់ផ្តើមពីការអប់រំ…»។

លោកថាពលរដ្ឋថ្លៃថ្នូរដែលកើតមានពីការអប់រំតាមរយៈ គ្រួសារ សាលា សាសនា និងសង្គម យល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការចូលរួមសកម្មភាព ជាជាងមានការភ័យខ្លាច ឈរមើល ស្ដីបន្ទោសបន្ថែមលើអ្នកធ្វើហើយដែលរងគ្រោះយ៉ាងអយុត្តិធម៌ ពីព្រោះភាពជោគជ័យ កសាងបាន សង្គមដែលយើងចង់បាន ជាតិរឹងមាំ សង្គមសីលធម៌ សង្គមយុត្តិធម៌ សង្គមប្រជាធិបតេយ្យសេរី មិនកើតឡើងដោយចៃដន្យទេ៕

លោកយ៉ែម បុញ្ញឬទ្ធិ៖ រៀបចំសង្គមមួយ ត្រូវចាប់ផ្ដើមចេញ ពីការអប់រំមនុស្សជាមុន