ទុ​ស្សេ​ខ្សែភ្លើង ​ឆេះ​តូប​​លក់​អីវ៉ាន់​​ គ្រឿង​ទេស ​​អស់​ជិត ​​២​ម៉ឺន​ដុល្លារ​ នៅ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់​ ៖​ តូប​លក់​អីវ៉ាន់​គ្រឿង​ទេស​​មួយ​ខ្នង​ បាន​ក្លាយជា​ចំណី​អគ្គិ​ភ័យ​តែ​ក្នុង​មួយប៉ប្រិចភ្នែក​​ ខ​ណៈ​ពេល​ដែល​ម្ចាស់​បិទទ្វារ​ទុក​ចោល​ ទៅ​ដេក​នៅផ្ទះ​ខាងក្រោយ​ ​​កាលពី​វេលា​ម៉ោង ​​៣​និង​២៥​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១០​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​នៅ​ភូមិ​ឃ្លាំងមឿង ​ឃុំ​អន្លង់​ត្នោត ​ស្រុក​ក្រគរ​ ។

​លោក​វ​រៈ​សេនីយ៍​ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា តូប​លក់​​អីវ៉ាន់​គ្រឿង​ទេស​ដែល​ត្រូវ​អគ្គិ​ភ័យ​​ឆេះ​ក្លាយជា​ផេះ​ផង់​នេះ​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ​គុណ​​៨​ម៉ែត្រ​ ​ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី​ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊ី ចាន់​ធា​វី ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​

លោក​អធិការ​បន្ត​​ថា បើ​តាម​ការ​​រៀប​រាប់​​ពី​ស្ត្រី​ម្ចាស់​តូប​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​តូប​នោះ​មាន​​​អីវ៉ាន់​គ្រឿង​ទេស​​ពេញ​ដែល​គាត់​លក់​រាល់ថ្ងៃ​ ។​ តូប​នៅ​ខាង​មុខ​ផ្ទះ ឯ​ផ្ទះ​នៅ​ខាងក្រោយ​ ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​២០​ម៉ែត្រ​ ​​ជា​រៀង​រាល់​យប់​គាត់​មិន​ដែល​ដេក​ក្នុង​តូប​នោះ​ទេ​ គឺ​ចាក់សោទុក​ចោល​ទៅ​ដេក​នៅផ្ទះ​ធំ​ខាងក្រោយ ​​នៅ​​​វេលា​ទៀប​ភ្លឺ​​​កើត​ហេតុ​​នោះ​ ពេល​​​គាត់​និង​ក្រុម​គ្រួសារ​​ដេក​លក់​ស្រាប់តែ​ភ្ញាក់​ឡើង​ឃើញ​ភ្លើង​កំពុង​​ឆេះ​តូប​យ៉ាង​សន្ធោសន្ធៅ​ក៍​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។​ ពុំ​មាន​អ្នក​ជិតខាង អាជ្ញាធរ​មូលដ្ឋាន ឫ​សមត្ថកិច្ច​ជួយ​ពន្លត់​ និង​ជួយ​ជញ្ជូន​អីវ៉ាន់​បាន​ទេ ​គឺ​ឆេះ​អស់ទាំង​ស្រុង​​ ​​សរុប​ការ​ខូចខាត​អស់​ប្រមាណ​១៨.០០០​ដុល្លា​រ​អាមេរិក ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ​នេះ ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ ​នៅ​កន្លែង​កើតហេតុ​ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា អគ្គិ​ភ័យ​នេះ​បណ្ដាល​មក​ពី​​ទុ​ស្សេ​ខ្សែភ្លើង​ដែល​ផ្ដើម​ចេញពី​កន្លែង​ដោត​ព្រី​ហើយ​រាល​ទៅ​ឆេះ​អីវ៉ាន់​ក្នុង​តូប​បន្តិច​ម្ដង​ៗ​​​រហូត​ឆេះ​ពេញបន្ទុក​តែ​ម្ដង​ ។​ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​​​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ដូច​ជា​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន និង​កា​រត​ខ្សែ​ភ្លើង​រញ៉េរញ៉ៃ​ខុស​បច្ចេកទេស​ជាដើម ​។ ​ម្យ៉ាងវិញទៀត​ រដូវ​នេះ​ជា​រដូវរំហើយ រដូវ​រាំង​ស្ងួត មាន​ខ្យល់​បក់ អាច​ងាយ​បង្ក​ជា​គ្រោះ​អគ្គិភ័យ​បំផុត​ ៕ 

ទុ​ស្សេ​ខ្សែភ្លើង ​ឆេះ​តូប​​លក់​អីវ៉ាន់​​ គ្រឿង​ទេស ​​អស់​ជិត ​​២​ម៉ឺន​ដុល្លារ​ នៅ​ស្រុក​ក្រគរ
ទុ​ស្សេ​ខ្សែភ្លើង ​ឆេះ​តូប​​លក់​អីវ៉ាន់​​ គ្រឿង​ទេស ​​អស់​ជិត ​​២​ម៉ឺន​ដុល្លារ​ នៅ​ស្រុក​ក្រគរ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត