ផឹកស្រា​ស្រវឹង​ទៅ​កាយ​យក​កាំភ្លើង​ពី​ក្នុង​ដី​មក​បាញ់​មេឃ​សំដែងឫទ្ធិ​បារមី ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​

ខេត្តមណ្ឌលគិរី​៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ក្រោយពី​រូបគេ​ស្រវឹងស្រា​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ទី​២ ដោយសារតែ​ចង់​សម្ញែង​ឫក​ដាក់​គេ​បាន​យក​កាំភ្លើង​ដែល​ខ្លួន​លាក់ទុក​តាំងពី​យូរ​មកហើយ សល់​តាំងពី​ជំនាន់​សង្គ្រាម មក​បាញ់​មេឃ​អស់​ជាច្រើន​គ្រាប់ នៅ​ចំណុច​អូរ​ប៉ា​ម ភូមិ​ស្រែអំពិល ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ផ្អើល​ពេញ​ភូមិ ហើយ​ត្រូវបាន​ឃាត់ខ្លួន​នា​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ ២០១៦​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​យក​កាំភ្លើង​ទៅ​បាញ់​មេឃ​បង្ក​ការភ័យខ្លាច និងរ​ភ្ញាក់ផ្អើល​នោះ​មានឈ្មោះ សេង វណ្ណា អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កកោះ ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​។ សមត្ថកិច្ច​បាន​បន្តថា កាំភ្លើង​ដែល​ដកហូត​បាន​ពី​ជនល្មើស ម៉ាក​អាកា​ស្វាយ​បត់​១​ដើម បង់​ចំនួន​មួយ និង​គ្រាប់​ចំនួន​៩​គ្រាប់​។​

​បើតាម​ច​ម្លើ​សារភាព​ពី​ជនល្មើស​និយាយថា កាំភ្លើង​នោះ​ខ្លួន​បានទទួល​ពី​ឈ្មោះ ថា​ន់ រស់ នៅ​ភូមិ​ស្រែអំពិល ហើយ​កាំភ្លើង​នោះ គេ​បាន​លាក់​ទុកជា​យូរណាស់​មកហើយ ហើយ​នៅ​ថ្ងៃកើតហេតុ​ដោយសារតែ ខ្លួន​ស្រវឹងស្រា​ទើប​ទៅយក​មក​បាញ់​លេង ។ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជន​បាញ់បោះ​សេរី​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​ចំណែក​ម្ចាស់​កាំភ្លើង​ដែលមាន​ឈ្មោះ ថា​ន់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាម ច្បាប់​ផងដែរ ៕ សែន​មនោ​រម្យ

KA-10-02-2016-02 KA-10-02-2016-07 KA-10-02-2016-08