ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ​បើ​តាម​ប្រភព​​​បែកធ្លាយ​ពី​​តុលាការ​​ឱ្យ​​ដឹង​​ថា មន្ត្រី​នគរបាល​ក្រុង​​បាត់ដំបង​ចំនួន​២​​នាក់ កំពុង​ប្រឈម​​នឹង​ការ​ប្ដឹង​ចោទ​ប្រកាន់​តាម​ផ្លូវច្បាប់​ពី​បទ​ «​បង្ខាំង​រូបរាង​កាយ បង្អត់អាហារ និង​ជម្រិត​​យក​​ប្រាក់​» ដែល​ប្ដឹង​ដោយ​មន្ត្រី​យោធា​ម្នាក់ កាលពី​អំឡុង​ខែធ្នូ​ ២០១៥ ​កន្លង​ទៅ​ ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើមបណ្ដឹង​ក្នុង​សំណុំរឿង​បទ​ឧ​ក្រិ​ដ្ឋ​​នេះ ​ឈ្មោះ​ឌិន សា​ម៉ុ​ណ្យ​ ហៅ​ខឹ​ម ឈាង ភេទប្រុស ​អាយុ​៥៨​ឆ្នាំ ជា​មន្ត្រី​​យោធា រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។ រីឯ​មន្ត្រី​នគរបាល​​ដែល​រង​ការ​ចោទប្រកាន់ម្នាក់​ឈ្មោះ​​កាយ វណ្ណ​ធី មាន​តួ​​នាទី​ជា​អធិការរង​ក្រុង​​បាត់ដំបង និង​ឈ្មោះ​ម៉​ង់ វី​រ៉ា ជា​មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​ ។

មន្ត្រី​នគរបាល​ទាំង​២​នាក់​​នេះ​ត្រូវ​ជាប់​សង្ស័យ​ថា បាន​ឃាត់ខ្លួន​ជន​រង​គ្រោះ​ខាងលើ ​ដែល​គ្មាន​បទល្មើស​សោះ​ យក​ទៅ​បង្ខាំង​ទុក​ក្នុង​​អធិការ​ដ្ឋាន​ក្រុង ដោយ​ចោទ​ជន​រង​គ្រោះ​ថា បាន​ប្រ​ទូ​ស្ដ​កេរ្តិ៍​​ខ្មាស់​លើ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​​ម្នាក់ ​នៅ​ក្បែរ​ផ្ទះ​ខ្លួន ដែល​ប្រ​ព្រិ​ត្ត​កាលពី​ថ្ងៃ​ទី​១៥​ កុ​ម្ភៈ ​២០១៥​ កន្លង​ទៅ ​នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ ប៉ុន្តែ​សំណុំរឿង​ប្រ​ទូ​ស្ដ​កេ​រ្តិ៍​​ភេទ​នេះ ​គ្មាន​ដើមបណ្ដឹង គ្មាន​ភ​ស្តុ​​តាង និង​សាក្សី​ឡើយ​ ។

មន្ត្រី​នគរបាល​ទាំង​២​នាក់ និង​គូ​កន​មួយ​ចំនួន​ទៀត បាន​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ឆ្លើយ​សារភាព ហើយ​ថែម​ទាំង​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​បង់​ប្រាក់​ចំនួន​៣.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ បើ​តាម​ប្រភព​ពី​តុលាការ​ថា ព្រះរាជអាជ្ញា​អម​​សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកា​កោះហៅ​មន្ត្រី​នគរបាល​ទាំង​២​នាក់​នោះ​រួច​ហើយ ដែល​ទំនង​អាច​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​ស​ប្ដា​ហ៍​​ក្រោយ​នេះ​។

ដោយឡែក​ ជន​រង​គ្រោះ និង​ជាដើម​បណ្ដឹង​​ឈ្មោះ​ឌិន សា​ម៉ុ​ណ្យ ហៅ​ខឹ​ម ឈាង បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ​នេះ​ថា តំណាង​អយ្យការ​ ក៏​បាន​ចេញ​ដីកា​កោះហៅ​រូប​លោក​ឱ្យ​​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ កុម្ភៈ នេះដែរ ​។ លោក​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ទា​សំណង​ជំងឺ​​ចិត្ត​ពី​មន្ត្រី​នគរបាល​ទាំង​២​នាក់​នោះ​​ចំនួន​១០​ម៉ឺន​ដុល្លារ ព្រោះ​មន្ត្រី​នគរបាល​ទាំង​២​នាក់​នោះ និង​ប​ក្ស​​ពួក​មួយ​ចំនួន​​ទៀត បាន​ឃាត់ខ្លួន​លោក​ទៅ​បង្ខាំង​ទុក បង្អត់អាហារ​ហើយ ថែម​ទាំង​ជម្រិត​ទារ​ប្រាក់​ពី​លោក​ចំនួន​៣.០០០​ដុល្លា​ទៀត ដែល​លោក​គ្មាន​កំហុស​អ្វី​សោះ​ ។