ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អ្នក​សាធារណរដ្ឋ​លោក DONALD TRUMP និង​អ្នក​ប្រជាធិបតេយ្យ​លោក BERNIE SANDERS កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ដណ្តើម​បាន​ជ័យជម្នះ​ធំធេង​ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៅ​រដ្ឋ​ញូ​វ​ហាម​ភៀរ ខណៈ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន បែរជា​រង​បរាជ័យ​ធ្ងន់ធ្ងរ​លើក​ដំបូង​ក្នុង​យុទ្ធនាការ​ឃោសនា​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ។

អភិបាល​រដ្ឋ​និយម​កណ្តាល​មួយ​រូប​លោក JOHN KASICH បង្កើត​ការ​ភ្ញាក់ផ្អើល ព្រោះ​ទទួល​បាន​ចំណាត់ថ្នាក់​ទី​២​សម្រាប់​បណ្តា​បេក្ខជន​គណបក្ស​សាធារណរដ្ឋ ។ ព្រឹទ្ធ​សមាជិក​រដ្ឋ​ផ្ល​រី​ដា លោក MARCO RUBIO ធ្លាក់​ដល់​ចំណាត់ថ្នាក់​ទី​៥ ។

ចំណែក​លោក SANDERS ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ អាយុ​៧៤​ឆ្នាំ ដែល​ធ្វើការ​ឃោសនា​ទាំង​មិន​មាន​ប្រាក់ និង​គ្មាន​ការ​គាំទ្រ​កាលពី​៩​ខែ​មុន បែរជា​ដណ្តើម​បាន​សំឡេង​ដល់​៥៩% ទល់​នឹង​៣៩% សម្រាប់​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន ។ អតីតរដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​ទទួលស្គាល់​ថា លោកស្រី​នៅ​មានការ​ងារ​ដែល​ត្រូវធ្វើ ពិសេស​ចំពោះ​ពួក​យុវវ័យ ហើយ​សន្យា​វាយលុក​ឱ្យ​ដណ្តើម​បាន​ជោគជ័យ​ក្នុង​រដ្ឋ​ឯទៀត​ៗ ។

លោកស្រី​ជា​អ្នក​ចាញ់​នៅ​រដ្ឋ​ញូ​វ​ហាម​ភៀរ​ជាប់​ជិតខាង​រដ្ឋ​វ័​រ​ម៉ុង ដែល​លោក SANDERS ជា​ព្រឹទ្ធ​សមាជិក​នៃ​រដ្ឋ​នេះ ក៏​ប៉ុន្តែ​សង្ឃឹមថា បើ​ចាញ់​នៅ​រដ្ឋ​នោះ​មានការ​ខុស​គ្នា​តិចតួច​ប៉ុណ្ណោះ ។

ខាង​គណបក្ស​សាធារណរដ្ឋ​លោក DONALD TRUMP មហាសេដ្ឋី​ខាង​អចលនទ្រព្យ​ដោយ​បរិហារ​ពី​ការ​ខ្វះ​សមត្ថភាព​របស់​បណ្តា​មេដឹកនាំ​នយោបាយ​ទទួល​បាន​សំឡេង​៣៤% នៅ​ញូ​វ​ហាម​ភៀរ ។ លោក JOHN KASICH អភិបាល​រដ្ឋ​អូ​ហៃ​យ៉ូ ជា​អ្នក​និយម​កណ្តាល​នៅ​ញូ​វ​ហាម​ភៀរ ជាប់​លំដាប់​លេខ​២​ខាង​ពួក​សាធារណរដ្ឋ ដោយ​ទទួល​សំឡេង​បាន​១៦%​។ ចំណែក​ព្រឹទ្ធ​សមាជិក​អភិរក្សនិយម​ជ្រុល រដ្ឋ​តិច​សាស់ លោក TED CRUZ ដែល​ឈ្នះ​នៅ​អៃ​យូ​៉​វ៉ា ជាប់​លំដាប់ថ្នាក់​លេខ​៣ ដោយ​ទទួល​បាន​សំលេង​១២% ហើយ​អតីត​អភិបាល​រដ្ឋ​ផ្ល​រី​ដា លោក​ជេ​ប ប៊ូ​ស ជាប់​លំដាប់​លេខ​៤ ។

រដ្ឋ​ញូ​វ​ហាម​ភៀរ​ជា​រដ្ឋ​តូច​មួយ​មាន​ប្រជាជន​១,៣​លាន​នាក់ ជា​រដ្ឋ​មេ​រិ​ក​ទី​២ ដែល​ធ្វើការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​រួច​មុនគេ ។ លោកស្រី​គ្លី​ន​តុ​ន​នៅ​រដ្ឋ​អៃ​យ៉ូ​វ៉ា​ឈ្នះ​លោក SANDERS យ៉ាង​ប្រផិតប្រផើយ​បំផុត រួច​នៅ​រដ្ឋ​នេះ​លោក TRUMP ជាប់​លំដាប់​ទី​២​ខាង​ពួក​សាធារណរដ្ឋ ៕