ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ចិន​ត្រូវ​បាន​បញ្ចប់ កីឡាករ​កម្ពុជា​២​រូប គឺ​ឃី​ម ឌី​ម៉ា និង​ចាន់ ស៊ី​ណាត នឹង​ត្រូវ​គេ​កំណត់​ឲ្យ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នា​ល្ងាច​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ហើយ ។ កីឡាករ​កម្ពុជា​ទាំង​ពីរ​ប្រកា​សថាបាន​ត្រៀម​កណ្ដាប់ដៃ និង​ការ​ហ្វឹកហាត់​ម៉ត់ចត់​រួចរាល់​ដោយ​មិន​ប្រហែស​ខ្លួន​សប្បាយ​នឹង​ឱកាស​បុណ្យចូលឆ្នាំ​ចិន រួច​ក៏​ឡើង​មក​ប្រកួត​នោះ​ឡើយ ។

ការ​ប្រកួត​អន្តរជាតិ​បើក​ឆាក​ក្រោយ​ឆ្លង​ចូល​ឆ្នាំវក តាម​ជំនឿ​នៃ​វប្បធម៌​ប្រពៃណី​ចិន​នេះ មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា​នឹង​មាន​អ្នក​ទស្សនា​ចាប់អារម្មណ៍​ដោយសារ​តែ​សមាស​ភាព​កីឡាករ​កម្ពុជា​ក៏​ល្អ ហើយ​ភាគី​ខាង​កីឡាករ​ថៃ​ឯណោះ​វិញ ក៏​ល្អ​មិន​ណ​យ​ដូច​គ្នា ។ ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ វេលា​ម៉ោង​២​រសៀល​នេះ គឺ​កីឡាករ​ឃី​ម ឌី​ម៉ា ដែល​មាន​គេ​ស្គាល់​យូរ​មក​ហើយ​តាំងពី​គេ​មានឱកាស​ឡើង​ទៅ​វាយ​កីឡាករ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​នោះ នឹង​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ប្រា​វីត (Pravit)​ក្នុង​នាម​ជា​គូ​ឯក​នៅ​លើ​សង្វៀន ។

កីឡាករ​ប្រា​វីត មានការ​ទទួលស្គាល់​យូរ​មក​ហើយ​ថា​ជា​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ដោយសារ​តែ​ការ​បង្ហាញខ្លួន​របស់​គេ​នា​ពេល​កន្លង​មក គឺ​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ច្រើន​នាក់​មក​ហើយ​ជាប់​ចិត្តនឹង​កម្រិត​វាយ​ប្រកួត​របស់​គេ​នៅ​លើ​សង្វៀន​។ ដំណើរ​មក​ប្រកួត​នា​ពេល​កន្លង​មក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​ប្រា​វីត បើ​ទោះជា​មាន​លទ្ធផល​ល្អ​ខ្លះ និង​បរាជ័យ​ខ្លះ ប៉ុន្តែ​បើ​និយាយ​ពី​បច្ចេកទេស​ប្រកួត​របស់​គេ គឺ​ល្អ​និង​រស់​រវើក​មិន​ងាយ​ឲ្យ​កីឡាករ​ខ្មែរ​រូប​ណា​វាយ​ស៊ី​ដោយ​ស្រួល​នោះ​ទេ ដោយ​សារ​តែ​កណ្ដាប់ដៃ និង​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​នៅ​តែ​ខ្លាំង ។ កណ្ដាប់ដៃ និង​កែង​របស់​កីឡាករ​ថៃ​រូប​នេះ ត្រូវ​គេ​មើលឃើញ​ថា​មាន​ភាព​រស់​រវើក​មិន​អាច​មើល​ស្រាល​បាន​ទេ ហើយ​បើ​កុំ​តែ​កីឡាករ​រូប​នេះ​រាង​ធ្ងន់ខ្លួន​បន្តិច ក៏​ប្រហែលជា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ក៏​ថា​បាន ។ ឆ្លងកាត់​ការ​ប្រកួត​បាន​៩១​លើក ប្រា​វីត ទើបតែ​ចាញ់​១១​លើក និង​ស្មើ​១​លើក​ប៉ុណ្ណោះ ចំណែក​៧៩​លើក គឺ​ឈ្នះ​ដោយ​ជ័យជម្នះ​របស់​គេ​ត្រូវ​គេ​កត់​សម្គាល់ថា​សុទ្ធតែ​ឈ្នះ​លើ​សមាសភាព​កីឡាករ​ល្អ​ៗ​នោះ​ផង​នា​ពេល​ចុង​ក្រោយ។

លោក ហេង ប៊ុ​ន​ឃី​ម ជា​ឪពុក និង​ជា​គ្រូបង្វឹក​របស់​ឃី​ម ឌី​ម៉ា​បាន​អះអាង​ថា សមត្ថភាព​របស់​កីឡាករ​ប្រា​វីត មិនមែន​ធម្មតា​នោះ​ទេ សម្រាប់​កូនប្រុស​របស់​លោក​ប៉ះ​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍ ។ ទោះបីជា​យ៉ាងណា​លោក​ថា ឃី​ម ឌី​ម៉ា បើ​ទោះជា​ត្រូវ​វក់វី​ដោយ​បរិយាកាស​សប្បាយ​ក្នុង​ឱកាស​ពិធីបុណ្យ​សែន​ចិន និង​បុណ្យចូលឆ្នាំ​ចិន ប៉ុន្តែ​លោក​​ថា ​កីឡាករ​រូប​នេះ មិន​បាន​ទម្លាក់​ដៃ​ចោល ហើយ​មិន​បាន​ហ្វឹកហាត់​ជាប់លាប់​នោះ​ទេ ។ លោក​ថា ឃី​ម ឌី​ម៉ា បាន​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ថែទាំ​សុខភាព​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដែល​មាន​ធ្លាក់​ខ្យល់​នេះ​ណាស់ ហើយ​បើ​និយាយ​ពី​ការ​ហ្វឹកហាត់​ក៏​គេ​ប្រឹងប្រែង​ណាស់​ដែរ ដោយសារ​តែ​គេ​ចង់​ស្ដារ​មុខមាត់​ការ​ប្រកួត​ដែល​បាន​ត្រឹម​ស្មើ​កីឡាករ​ថៃ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ លោក​ថា ការ​ប្រកួត​លើក​នេះ ឃី​ម ឌី​ម៉ា មិន​ត្រូវការ​ចាញ់ ឬ​ស្មើ​ពិន្ទុ​ដូច​ការ​ប្រកួត​ចុង​ក្រោយ​នោះ​ទេ ទើប​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ គេ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ឡើង បើ​ធៀប​នឹង​ការ​ប្រកួត​មុន​ៗ​ដែល​មានការ​ហ្វឹកហាត់​មាន​កម្រិត ។

យ៉ាងណា​ក៏​ដោយ គ្រូបង្វឹក​រូប​នេះ មិន​ហ៊ាន​បញ្ជាក់​ថា​ការ​ប្រកួត​របស់​កូនប្រុស​ត្រូវ​តែ​ឈ្នះ​១០០%​លើ​គូប្រកួត​ជា​កីឡាករ​ថៃ​នោះ​ទេ ដោយ​គ្រាន់តែ​អះអាង​ថា​ឃី​ម ឌី​ម៉ា មានការ​ត្រៀមខ្លួន​ល្អ​ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ សម្រាប់​ថ្ងៃ​សៅរ៍​ខានស្អែក ។ ឃី​ម ឌី​ម៉ា ត្រូវ​គេ​ដឹង​ថា​ធ្លាប់​ប្រកួត​បាន​៧៤​លើក ឈ្នះ​៦១​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក​នៅ​លើ​សង្វៀន ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ​កម្ពុ​ជាមួយ​រូប​ទៀត គឺ​ចាន់ ស៊ី​ណាត ក៏​បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ស្វាគមន៍​ជាមួយ​កីឡាករ​ថៃ​ដូច​គ្នា​ផង​ដែរ ។ ប៉ុន្តែ​គូ​នេះ គេ​ហាក់​មាន​ជំនឿ​លើ​កីឡាករ​ថៃ​ច្រើន​ជាង ដោយសារ​តែ​កីឡាករ​ចាន់ ស៊ី​ណាត ធ្លាក់ដៃ​ខុស​ពី​មុន​ច្រើន ហើយ​បើ​កីឡាករ​ថៃ​វិញ ទាំង​ក្មេង និង​កម្លាំង​ពេញ​គឺ​នាំមុខ ។

កីឡាករ​ថៃ​គឺ​កីឡាករ មឿង ម៉ៃ (Moeurng Mai) ដែល​ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៦​លើក ចាញ់​៨​លើក និង​ស្មើ​៥​លើក​។ កីឡាករ​រូប​នេះ​មិន​ខ្លាំង​តែ​មិន​ខ្សោយ ប៉ុន្តែ​អ្វី​ដែល​​គេ​ជឿជាក់ គឺ​កម្រិត​ប្រែប្រួល​មិនសូវ​ល្អ​របស់​ចាន់ ស៊ី​ណាត នា​ពេល​ចុង​ក្រោយ​។ ឆ្លងកាត់​ការ​ប្រកួត​បាន​ដល់​៧៥​លើក ឈ្នះ​៦៥​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក​ក៏​ពិតមែន ប៉ុន្តែ​កីឡាករ​កម្ពុជា ហាក់​មិនសូវ​នឹង​ដៃ​សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ ជា​ពិសេស​នៅ​ពេល​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​។

យ៉ាងណា​ក៏​ដោយ លោក ឯម ចាន់​សុផល ជា​គ្រូបង្វឹក​បាន​អះអាង​ថា កូនសិស្សលោក​មានការ​ហ្វឹកហាត់​ម៉ត់ចត់​ជាង​មុន ហើយ​លោក​ខ្លួនឯង​ជា​អ្នក​ដាក់​បញ្ជា​ដោយ​ផ្ទាល់​នោះ​ទៅ​ទៀត ទើប​ហ៊ាន​ដាក់​ឈ្មោះ​ឲ្យ​ឡើង​ប្រកួត ដើម្បី​ឲ្យ​បាន​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។ លោក​បាន​អះអាង​ប្រាប់​អ្នក​រៀបចំ​ការ​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថា កីឡាករ​របស់​លោក​ហ្វឹកហាត់​បាន​ល្អ​ជាង​មុន និង​ថា​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​មិន​ធ្លាក់​ដូច​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ទៀត​ទេ ទើប​សម្រេច​ដាក់​ឈ្មោះ​ឲ្យ​ប្រកួត​នេះ​។ ផ្អែក​តាម​ការ​អះអាង គេ​កំពុង​តែ​ចាំ​មើល​ថា​តើ​កីឡាករ​ចាន់ ស៊ី​ណាត នឹង​ជួប​វាសនា​វាយ​ឈ្នះ ឬ​ស្ពាយ​ភាព​អាម៉ាស់​សម្រាប់​ការ​ប្រកួត​ក្រោយ​ចំហាយ​បុណ្យ​ចូលឆ្នាំ​ចិន នៅ​សល់​ប៉ឹម​ៗ​នេះ ៕