ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ​ ៖ ​បុរស​​ជា​អ្នកនេសាទ​ត្រី​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ និង​សាច់​ញាតិ​ស​ន្ឋិ​ដ្ឋា​ន​ថា បណ្តាល​​មក​ពី​កើត​ជំងឺ​ឆ្កួត​ជ្រូក​ធ្លាក់ទឹក​​លង់​​​ស្លាប់ ខណៈ​កំពុង​ជិះទូក​បង់សំ​ណាញ់​នៅ​​ទន្លេ ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ​។

ប្រភព​ឱ្យ​ដឹងថា ​សព​​ជន​​រង​គ្រោះឈ្មោះអ៊ា​ន សុខ​​ឃាង អាយុ​២៣​ឆ្នាំ មាន​​ទីលំនៅ​ឃុំ​ជ្រោយ​​បន្ទាយ ស្រុក​ព្រែក​​ប្រសព្វ ត្រូវ​​បាន​អាជ្ញាធរ និង​អ្នក​ភូមិ​ចុះ​មុជ​ស្រង់​​មក​​ពី​ទឹក​ទន្លេ​កាលពី​​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ ក្រោយ​ពី​ជន​​រង​គ្រោះ​កំពុង​ជិះ​បង់សំណាញ់​ហើយ​ត្រូវ​ប្រកាច់​ធ្លាក់​ក្នុង​ទឹក​ ។

តាម​ការ​ឱ្យ​​ដឹង​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​​​​ប្រាប់​​ថា ជន​រង​គ្រោះជា​​មនុស្ស​ឆ្កួត​​ជ្រូក និង​តែងតែ​ប្រកាច់​ជា​ញឹក​ញាប់ ។ នៅ​ថ្ងៃ​កើត​ហេតុ ជន​រង​គ្រោះ​ និង​គ្នីគ្នា​ក្នុង​ភូមិ​២-៣​នាក់ បាន​ជិះទូក​​ចុះ​​ទន្លេ​បង់​សំណាញ់ ។ ហើយ​ពេល​កំពុង​​បង់ ​ជន​រង​គ្រោះ​បាន​ប្រកាច់​ធ្លាក់​​ពីលើ​ទូក​ចូល​​ក្នុង​ទឹកទន្លេ គ្មាន​នរ​ណា​ជួយ​ទាន់​ ។ ក្រោយ​​កើតហេតុ​ សាកសពក៏​​ត្រូវ​បាន​អ្នក​ភូមិ​ចុះ​មុជ​រាវរក​ឃើញ​ ។

អធិការ​នគរបាល​ស្រុក​ព្រែក​​ប្រសព្វ លោក​ចាន់ សុ​ផល្លា បាន​​បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​​ចុះ​ពិនិត្យ​សាកសព​របស់​បុរស​​គ្រោះ គឺ​ស្លាប់​​ដោយសារ​តែ​លង់ទឹក​ ។