ចង់ជោគជ័យ ក្នុងជីវិត កុំរំលង មាគ៌ាទាំង៥នេះ ឲ្យសោះ!

ចង់ជោគជ័យ ក្នុងជីវិត កុំរំលង មាគ៌ាទាំង៥នេះ ឲ្យសោះ!

ភាពជោគជ័យ គឺងាយស្រួលក្នុងការនិយាយ និងងាយស្រួលក្នុងការ ស្រមៃឃើញពីរូបភាព នៃភាពជោគជ័យដែលមនុស្សគ្រប់គ្នា ចង់បាននៅក្នុងជីវិត។ ប៉ុន្តែ ភាពជោគជ័យ មិនមែនមនុស្សគ្រប់គ្នាងាយនឹង អនុវត្តន៍ឲ្យជោគជ័យដូចក្តីស្រមៃនោះឡើយ។ នៅលើលោកនេះមនុស្សដែលជោគជ័យ នៅក្នុងឆាកជីវិតរបស់ពួកគេមានតិចតួចណាស់។ តើមនុស្សជោគជ័យទាំងនោះ បានប្រើយុទ្ធសាស្ត្រអ្វីខ្លះ?

មានគោលដៅក្នុងជីវិត៖ កំណត់គោលដៅជីវិតឲ្យបានជាក់លាក់ ទៅតាមចំណង់ចំណូលចិត្ត ទេព្យកោសល្យ ជំនាញ និងតាមសមត្ថភាពដែលខ្លួនឯងមាន ជាដើម។ ជឿជាក់ខ្លួនឯង៖ ត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងខ្លាំង ហើយជឿជាក់ថាគោលដៅ ដែលខ្លួនបានកំណត់នឹងអាចទទួលបាន ជោគជ័យនៅថ្ងៃណាមួយ។ ជំនឿជាកម្លាំងជំរុញទឹកចិត្តដែលធ្វើឲ្យអ្នកខិតខំព្យាយាមអនុវត្តន៍តាមគោលដៅដែលអ្នកចង់បាន។

រៀបចំផែនការ៖ ត្រូវរៀបចំផែនការសកម្មភាពលម្អិត ជាដំណាក់កាលនីមួយៗឲ្យបានច្បាស់លាស់ ដោយគិតថាសកម្មភាពណាត្រូវធ្វើមុន និងធ្វើក្រោយ។ ជាពិសេសត្រូវគិតពីហានីភ័យដែលអាចនឹងកើតឡើង ហើយរកដំណោះស្រាយ ដើម្បីការពារឧបសគ្គទាំងនោះ។ អនុវត្តន៍សកម្មភាព៖ ចាប់ផ្តើមអនុវត្តន៍ទៅតាមផែនការសកម្មភាពនីមួយៗ ប្រកបដោយសេចក្តីព្យាយាម ខិតខំតស៊ូ ជម្នះលើខ្លួនឯង តាំងចិត្តឲ្យបានមុតមាំដោយមិនរួញរា និងសម្លឹងមើលទៅគោលដៅដែលអ្នកចង់បានជានិច្ច។

ឆ្លុះបញ្ចាំងសកម្មភាព៖ ត្រូវឆ្លុះបញ្ចាំងពីសកម្មភាពនីមួយៗដែលអ្នកបានអនុវត្តន៍ ថាតើសកម្មភាពនោះអាចធ្វើឲ្យអ្នកមានការរីកចម្រើន ឬមានការផ្លាស់ប្តូរជាវិជ្ជមាន ឬក៏អាចធ្វើឲ្យសម្រេចគោលដៅក្នុងជីវិតរបស់អ្នកដែរឬទេ។ ប្រសិនបើមិនអាចសម្រេចគោលដៅទេ ឬជួបនឹងឧបសគ្គ ត្រូវរកដោះស្រាយ និងរកវិធីសាស្ត្រផ្សេងជាដើម៕

ប្រភព៖ www.health.com.kh