ពលរដ្ឋ​ខេត្ត​សៀមរាប​បារម្ភ​ខ្លាច​ខ្សែ​ភ្លើង​ដែល​ត​ម៉ាស់​កប់​ក្នុង​ដី​ឆក់​អ្នក​ភូមិ​និង​សត្វ​គោ​ក្របី

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប មាន​ការ​ភ័យ​ខ្លាច​គ្រោះថ្នាក់ ដែល​បណ្ដាល​មក​ពី​ខ្សែ​ភ្លើង​ឆក់ ថា​អាច​នឹង​កើត​មាន​ដោយសារ​តែ​ផ្នែក​ឯកជន​ដែល​ទទួល​ចែក​ចាយ​អគ្គិសនី​បន្ត​ពី​រដ្ឋ បាន​ប្រើ​បច្ចេកទេស​យក​ម៉ាស់​ខ្សែ​ភ្លើង​ខ្លះ​កប់​ក្នុង​ដី​តាម​ចិញ្ចើម​ផ្លូវ ឬ​ក៏​នៅ​តាម​ប្រឡាយ​ទឹក ជាដើម។

ការ​ភ័យ​ខ្លាច បាន​កើត​មាន​បន្ទាប់​ពី​ម៉ាស់​ខ្សែ​ភ្លើង​មួយ​កន្លែង​ដែល​គេ​ដោត​ចុះ​ទៅ​ក្នុង​ប្រឡាយ​ទឹក បាន​ឆក់​សត្វ​គោ​មួយ​ក្បាល​ងាប់​ភ្លាមៗ នៅ​ពេល​ដែល​សត្វ​គោ​នោះ​ស៊ី​ស្មៅ​តាម​វាល​ស្រែ ហើយ​ចុះ​ទៅ​រក​ផឹក​ទឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ។

អាជ្ញាធរ​ឃុំ​ត្រពាំងធំ នៃ​ស្រុក​ប្រាសាទបាគង ដែល​ស្ថិត​នៅ​ទី​ជនបទ​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​មន្ត្រី​អគ្គិសនី​កម្ពុជា និង​ផ្នែក​ឯកជន ដែល​ទទួល​ចែក​ចាយ​ថាមពល​បន្ត ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​លើ​បច្ចេកទេស​ត​បណ្ដាញ​អគ្គិសនី​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដោយ​ការ​ឆក់​សត្វ​គោ​ក្របី និង​ប្រជាពលរដ្ឋ​នៅ​ពេល​ណា​មួយ។

ជំទប់​ទី​២ ឃុំ​ត្រពាំងធំ គឺ​លោក សយ សីហា។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ថា បច្ចុប្បន្ន លោក​ឃើញ​ផ្នែក​ឯកជន​ដែល​ទទួល​ចែក​ចាយ​ថាមពល​អគ្គិសនី​បន្ត​ពី​រដ្ឋ​នៅ​ក្នុង​ទឹក​ដី​នៃ​ឃុំ​របស់​លោក បាន​ប្រើ​បច្ចេកទេស​ត​ម៉ាស់​ចូល​ទៅ​ក្នុង​ដី​តាម​ប្រឡាយ ឬ​ចិញ្ចើម​ផ្លូវ ដោយ​មិន​មាន​ដាក់​របាំង​ការពារ ឬ​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ពី​កន្លែង​គ្រោះថ្នាក់​ទេ។ លោក សយ សីហា បញ្ជាក់​ថា បញ្ហា​នេះ​លោក​ព្រួយ​បារម្ភ​ចំពោះ​គ្រោះថ្នាក់​ទៅ​លើ​សត្វ​គោ​ក្របី និង​ប្រជាពលរដ្ឋ ដោយសារ​តែ​ខ្សែ​ភ្លើង​ឆក់៖ «នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្ញុំ គឺ​ប្រជាពលរដ្ឋ​មិន​មាន​ចំណេះ​ដឹង​ផ្នែក​អគ្គិសនី​ហ្នឹង​ទេ។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​អគ្គិសនី ឬ​ក៏​អ្នក​ដែល​ទទួល​អាជ្ញាប័ណ្ណ​បន្ត​ពី​រដ្ឋ គួរ​ធ្វើ​យ៉ាង​ម៉េច​ប្រយ័ត្ន​ប្រយែង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ផង»

ការ​អំពាវនាវ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ មាន​សត្វ​គោ​មួយ​ក្បាល​ក្នុង​ចំណោម​គោ​ជាច្រើន​ទៀត​ដែល​ដើរ​ស៊ី​ស្មៅ​តាម​វាល​ស្រែ​ក្បែរ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ប្រចាំ​យោធ​ភូមិ​ភាគ​ទី​៤ ត្រូវ​ខ្សែ​ភ្លើង​ឆក់​ងាប់ នៅ​ពេល​ដែល​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ប្រឡាយ​ដែល​មាន​បង្កប់​ម៉ាស់​របស់​អគ្គិសនី​ទីនោះ។

បុរស​អ្នក​ស៊ី​ឈ្នួល​ឃ្វាល​គោ លោក សឿម ញ៉ន មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ គាត់​តែង​ដេញ​គោ ២០​ក្បាល​មក​ឃ្វាល​នៅ​ទីនេះ ក៏ប៉ុន្តែ​សត្វ​គោ មិន​ដែល​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ប្រឡាយ​នេះ​ទេ។ រូប​លោក​ក៏​មិន​ដឹង​ថា ប្រឡាយ​នេះ​មាន​ខ្សែ​ភ្លើង​បង្កប់​ដែរ ទើប​តែ​គោ​ចុះ​ផឹក​ទឹក​ឆក់​ងាប់ ក៏​ចាប់​ផ្ដើម​ភិតភ័យ​ខ្លាច​ខ្សែ​ភ្លើង​ឆក់​ខ្លួន​ឯង​នៅ​ពេល​ណា​មួយ​ដែរ៖ «ឆក់​នោះ​ខ្ញុំ​មក​ដល់​ឃើញ​គោ​លិច​ទឹក​ទៅ​ហើយ ប៉ុន្តែ​ឮ​សូរ​សំឡេង​ទឺតៗ ដូចជា​សំឡេង​គេ​ឆក់​ត្រី»

លោកស្រី លុយ ទុំ នៅ​ភូមិ​ត្រពាំងថ្នល់ ឃុំ​កន្ទ្រាំង ដែល​ជា​ម្ចាស់​គោ​ត្រូវ​អគ្គិសនី​ឆក់​នោះ ក្រៅ​តែ​ពី​ទារ​សំណង​ថ្លៃ​គោ​ងាប់​ចំនួន ៨០០​ដុល្លារ​អាមេរិក ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​ចែក​ចាយ​ថាមពល​អគ្គិសនី​បន្ត​ពី​រដ្ឋ ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​បច្ចេកទេស​ត​បណ្ដាញ ដើម្បី​ជៀសវាង​ក្រែង​មាន​បញ្ហា​ដល់​មនុស្ស​ទៀត​នៅ​ពេល​ណា​មួយ។

សេវាករ​ដែល​ទទួល​ចែក​ចាយ​ថាមពល​បន្ត​ពី​អគ្គិសនី​កម្ពុជា នៅ​ស្រុក​ប្រាសាទបាគង លោក ប្លោក វណ្ណៈ មាន​ប្រសាសន៍​ថា កន្លែង​ដែល​ឆក់​គោ​ងាប់​នោះ គឺ​លោក​ទើប​តែ​ដំឡើង​បណ្ដាញ​អគ្គិសនី​បាន​ជាង ១០​ថ្ងៃ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ខ្សែ​ភ្លើង​ដែល​លោក​ត​ចេញ​ពី​កាប៊ីន​ចុះ​មក​ប្រឡាយ​ទឹក​នោះ គឺ​គ្រាន់​តែ​ជា​ខ្សែ​ម៉ាស់​ដែល​មាន​កម្លាំង​ជាង ៣​អូម (Ω) សម្រាប់​ការពារ​ភ្លើង​លើស​ប៉ុណ្ណោះ មិន​នឹក​ស្មាន​ថា​វា​អាច​ឆក់​គោ​បណ្ដាល​ឲ្យ​ងាប់​ដូច្នេះ​ទេ។ លោក វណ្ណៈ ទទួល​ស្គាល់​បញ្ហា​គ្រោះថ្នាក់ ហើយ​យល់​ព្រម​ចេញ​សំណង​ទៅ​ឲ្យ​ម្ចាស់​គោ​តាម​ការ​ទាមទារ ព្រម​ទាំង​ធ្វើ​សញ្ញា​ដាក់​ការពារ​គ្រោះថ្នាក់​នៅ​តាម​កន្លែង​ដែល​មាន​ត​ម៉ាស់​ទៅ​ក្នុង​ដី​ទាំង​នោះ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។