ដំណើរការ​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព ដោយ​ផ្តោត​សំខាន់​លើ​គោលដៅ​ទី​៥

ភ្នំពេញ: អង្គការ​វិទ្យាស្ថាន​បើកទូលាយ និង​អង្គការ UN Women ប្រចាំ​កម្ពុជា បាន​សហការគ្នា រៀបចំ​សន្និសីទ​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី សមភាព​យេនឌ័រ នៅក្នុង​របៀបវារៈ អភិវឌ្ឍ​ថ្មី ដោយ​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នឹងមាន​អ្នកចូលរួម​មកពី​ស្ថាប័ន​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន និង​គ្រឹះស្ថាន​អប់រំ ប្រមាណ​ជា​១៥០​នាក់​។

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គការ​វិទ្យាស្ថាន​បើកទូលាយ និង​អង្គការ UN Women ប្រចាំ​កម្ពុជា បានអោយដឹងថា សន្និសីទ​ថ្នាក់ជាតិ ស្តីអំពី "​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ៖ ការធ្វើអោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព​ដំណើរការ​សម្រាប់​ស្ត្រី និង​ក្មេងស្រី នៅ​ប្រទេស​កម្ពុជា​" នឹង​ពិភាក្សា​អំពី​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី នៅក្នុង​របៀបវារៈ នៃ​ការអភិវឌ្ឍ​ថ្មី​។ សន្និសីទ​នេះ នឹង​រួមចំណែក ដល់​ការធ្វើ​មូលដ្ឋាន​នីយកម្ម ដំណើរការ​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព ដោយ​ផ្តោត​សំខាន់​លើ​គោលដៅ​ទី​៥ ដែលជា​គោលដៅ តែមួយ​សង្កត់ធ្ងន់ លើ​ឧបសគ្គ ជា​រចនាសម្ព័ន្ធ​ក្នុងការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​

​លោកស្រី វេន​នី​គូ​ស៊ូ​ម៉ា តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ UN Women បានអោយដឹងថា ដើម្បី​ទទួលបាន​ពិភពលោក​មួយ ដែលមាន​ភាព យុត្តិធម៌ និង​សមធម៌​ច្រើនជាង​នោះ "​ការផ្តល់​ភាព​អង់អាច​ពេញលេញ​ដល់​ស្ត្រី​គ្រប់ៗ​គ្នា គឺជា​លក្ខ​ខ័​ណ្ឌ​ដំបូង​។ ប្រការនេះ​បាន ស អោយឃើញ​តាម រយៈ ការដាក់បញ្ចូល​ទិដ្ឋភាព​ស៊ីជម្រៅ ស្តីពី​សមភាព​យេនឌ័រ​នៅ​គ្រប់​គោលដៅ​ទាំង​១៧ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​"​។​

​លោកស្រី វេន​នី​គូ​ស៊ូ​ម៉ា បន្តថា ទោះបីជា​មានការ​រីកចម្រើន​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​ត្រូវការ​ផ្លូវ​មួយ​វែងឆ្ងាយ ដើម្បី​ឆ្ពោះទៅរក​សមភាព​យេនឌ័រ​។ នៅក្នុង​រដ្ឋ​ភា មាន​តំណាង​ស្ត្រី​ត្រឹមតែ​២០​ភាគរយ​ប៉ុណ្ណោះ​។ ការសិក្សា​ចុងក្រោយ របស់​អង្គការ UN Women នៅ​កម្ពុជា​ឆ្នាំ​២០១៥ អំពើហិង្សា លើ​ដៃគូ បង្ហាញថា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​៥​នាក់ ក្នុងប្រទេស​កម្ពុជា ទទួលរង​អំពើហិង្សា​លើ​រាងកាយ និង ហិង្សា​ផ្លូវភេទ​ដោយ​ដៃគូ​។ លើសពីនេះ​ទៀត ស្ត្រី​៧០​ភាគរយ ធ្វើ​ការងារ​ដែលមាន​ភា​ព​ងាយ​រងគ្រោះ​។​

​លោកស្រី​បន្តថា ការកំណត់​គោលដៅ​ថ្មី​មាន​លក្ខណៈ​សំខាន់​និង​ទូលំទូលាយ​ជាង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​។ គោលដៅ​ថ្មី បាន​កំណ​ត ចំណុច​ដៅ​ជាក់លាក់ និង​សូចនាករ​ស្តីពី​អំពើហិង្សា​លើ​ស្ត្រី ស្ត្រី សន្តិភាព និង​សន្តិសុខ សុខភាព​បន្ត​ពូជ សិទ្ធមនុស្ស ការងារ​ថែទាំ ឥត​ប្រាក់កម្រៃ និង​ការងារ​តាម​ផ្ទះ​។​

​លោកស្រី​តំណាង អង្គការ UN Women បន្ថែមថា "​គោលដៅ​អភិវឌ្ឃន៍​ប្រកបដោយ​ចីរភាព បានផ្តល់​នូវ​ឪ​កាស​ជា​គន្លឹះ ក្នុងការ​ធ្វើអោយមាន សមភាព​យេនឌ័រ ហើយ​ជា​បញ្ហា​ចម្បង​នៃ​របៀបវារៈ​អភិវឌ្ឍន៍​កម្ពុជា ទាំង​ទស្សនៈវិស័យរ​បស់គោល​ដៅ ហើយក៏​ជា មធ្យោបាយ​ដ៏​មាន សក្តានុពល​ក្នុងការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​"៕​