ប្រជាជន​ខ្មែ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ចៀសវាង​ការ​ចំណាយលុយ​ច្រើន​លើ​សុខភាព​?

ប្រជាជន​ខ្មែ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ចៀសវាង​ការ​ចំណាយលុយ​ច្រើន​លើ​សុខភាព​?

​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ​ឬក៏​ធ្វើដំណើរ​តាម​ឡានក្រុង​ទៅ​កាន់​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម គេ​នឹង​ឃើញ​មាន​ប្រជាជន​កម្ពុជា​ជាច្រើន​បាន​ធ្វើដំណើរ​ក្នុង​គោលបំណង​ស្វែងរក​ការព្យាបាល​ឬ​ការពិនិត្យ​សុខភាព​។​

​ពួកគេ​ធ្វើដំណើរ​ទៅ​បរទេស ពីព្រោះ​ពួកគេ​បាន​បាត់បង់​ជំនឿ​ស្ទើរ​ទាំងស្រុង​ទៅលើ​សេវាកម្ម​សុខភាព​នៅ​ក្នុង​ប្រទេស​។ ការបាត់បង់​ជំនឿ​ដោយសារតែ​មាន​គ្រូពេទ្យ​ខ្លះ​បាន​ធ្វើ​ការងារ​មិន​ត្រឹមត្រូវ​តាម​វិជ្ជាជីវ​:​និង​ក្រមសីលធម៌ គួបផ្សំ​នឹង​ការ​បំប៉ោង​បង្ខូច​ដោយ​មនុស្ស​មួយចំនួន​ដ​;m​ផលប្រយោជន៍​ជំនួ​J​ឬក៏​នយោបាយ​របស់​ពួកគេ​។​

​ការស្វែងរក​សេវា​សុខភាព​ដែល​ល្អ​គឺជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​លោក​។ ប៉ុន្តែ​ចំណេះដឹង​និង​ការ​ឆ្លាត​វៃ​នៅក្នុង​ការជ្រើសរើស​សេវា​សុខភាព​នឹង​អាច​ជួយ​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការកាត់បន្ថយ​ការចំណាយ​ទៅលើ​សេវា​សុខភាព​នេះ​។​

​ឧបមា​ថា​បើសិនជា​ត្រូវ​ជ្រើសរើស​យក​ការព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស ប្រជាជន​ត្រូវ​ស្វែង​យល់​អោយបាន​ច្បាស់​អំពី​ការចំណាយ​នៅក្នុង​ប្រទេស​ទាំង​នោះ​ដូចជា តម្លៃ​នៃ​ការធ្វើដំណើរ ការ​ស្នាក់នៅ​និង​ការហូបចុក​និង​ការព្យាបាល នៅក្នុង​ប្រទេស​វៀតណាម ថៃ ម៉ាឡេស៊ី និង សិង្ហបូរី​ជាដើម​។ បន្ទាប់មក​ត្រូវ​រៀបចំ​ឯកសារ​ពិនិត្យ​សុខភាព​ដែល​ខ្លួន​ធ្លាប់​មាន​។ ដូច្នេះ គ្រូពេទ្យ​នៅ​ក្រៅ​ប្រទេស​អាច​នឹង​ប្រើប្រាស់​ឯកសារ​សុខភាព​ទាំងនោះ​ដោយ​មិនចាំបាច់​អោយមាន​ការថត​ឬក៏​ការ​ធ្វើ​តេស្ត​ឡើងវិញ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ចុះ ការជ្រើសរើស​សេវេ​សុខភាព​នៅ​ក្រៅ​ប្រទេស​គួរតែ​ជា​ជម្រើស​ចុងក្រោយ​ដើម្បី​ចៀសវាង​ការចំណាយ​ខ្ពស់​ដែល​មិន​ចាំបាច់​។ ការពិនិត្យ​សុខភាព​ទូទៅ និង​ការពិនិត្យ​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ការពិនិត្យ​ផ្ទៃពោះ ជាដើម គួរតែ​ត្រូវបាន​ធ្វើ​នៅក្នុង​ប្រទេស ពីព្រោះ​វា​មិន​ស្មុគ្រស្មាញ​ទាមទារ​បច្ចេ​កទេស​ខ្ពស់​និង​ទំនើប​អ្វី​ឡើយ​។​

​ទន្ទឹម​នោះ ប្រជាជន​កម្ពុជា​ក៏​គួរតែ​សាកសួរ​មនុស្ស​ដែល​ខ្លួន​ស្គាល់​អំពី​គ្រូពេទ្យ​ឯកទេស​កម្ពុជា​ដែល​ពូកែៗ​និង​មាន​ការគោរព​ក្រមសីលធម៌​ត្រឹមត្រូវ​ដើម្បី​ទទួលបាន​សេវាកម្ម​ពី​ពួកគេ​។ គ្រូពេទ្យ​ឯកទេស​កម្ពុជា​មួយចំនួន​មាន​សមត្ថភាព​មិន​អន់​ជាង​គ្រូពេទ្យ​បរទេស​ឡើយ​។

​ដោយ​ធ្វើ​ការពិចារណា​ជា​ជំហានៗ ប្រជាជន​កម្ពុជា​អាច​ធ្វើ​ការចំណាយ​លើ​សុខភាព​មាន​ប្រសិទ្ឋភាព​ជាង​មុន​ដោយ​អាច​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់​នា​នា​ដែល​បណ្តាល​មកពី​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។​

​វេបសាយ​សុខភាព​រីរា​យ​នឹង​ជួយ​ផ្តល់​យោបល់​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប​អំពី​ជម្រើស​មួយចំនួន​ដូចជា​ថា​តើ​គួរ​ព្យាបាល​នៅក្នុង​ប្រទេស​ឬ​ក៏​ត្រូវ​ទៅ​បរទេស​។ ឬក៏​តើ​គួរ​ជ្រើសរើស​យក​ប្រទេស​ណា​នៅ​ក្នុង​ស្ថានភាព​ជំងឺ​និង​ថវិការ​ដែល​ខ្លួន​មាន​ជាដើម​។​

​លោក វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន នាយក​គ្រប់គ្រង​នៃ​វេបសាយ​សុខភាព www.health.com.kh នឹង​ព្យាយាម​ផ្តល់​យោបល់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​តាម​សមត្ថភាព​និង​ចំណេះដឹង​ដែល​លោក​មាន​ដោយ​មិន​មាន​ការបង់ប្រាក់​ឡើយ​។ លោក អាច​ទំនាក់ទំនង​បាន​តាម​ទូរ​សព្ទ័​លេខ ០១២២៦៧២៧៧៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។