ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក Andy Murray កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​២ ពិភពលោក ជនជាតិ​អង់គ្លេស សប្បាយ​រីករាយ​ពេល​ក្លាយ​ខ្លួន​ជា​ឪពុក​ក្រោយ​ពី​នាង​Kim Murray ជា​ប្រពន្ធ​សម្រាល​បានកូន​ស្រី កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ កន្លង​មក ។

លោក Andy Murray អាយុ​២៨​ឆ្នាំ បាន​ធ្វើ​ដំណើរ​មក​ផ្ទះ​ភ្លាម​ៗ​ក្រោយ​ពេល​ចប់​ការ​ប្រកួត Grand Slam Australian Open កាលពី​ចុងខែ​កន្លង​មក ដើម្បី​ថែទាំ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​ភរិយា​ដែល​ពពោះ​ជិត​សម្រាលកូន​ហើយ​ជា​ចុង​ក្រោយ​នេះ ក៏​សម្រាល​បានកូន​ស្រី​មួយ​ដោយ​សុវត្ថិភាព ។

តាម​ប្រភព​ជំនិត​លោក​Andy  Murray បាន​ប្រកាសប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​ថា កូន​ដំបូង​របស់​លោក​Andy និង​នាង​Kim Murray ជា​កូនស្រី​មាន​សុខភាព​ល្អ និង​ត្រៀម​ចាក​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។

លោក Andy Murray ក្រោយ​ពេល​បញ្ចប់​ការ​ថែទាំ​ប្រពន្ធ និង​កូនស្រី​ជាទី​ស្រឡាញ់​របស់​ខ្លួន​ក៏​មានកម្ម​វិធី​ប្រកួត​ជួយ​ចក្រភព​អង់គ្លេស ដើម្បី​ការពារ​ជើងឯក Davis Cup ដោយ​លើក​ដំបូង​ត្រូវ​ជួប​ជប៉ុន​ក្នុង​ទឹកដី​របស់​ខ្លួន​រវាង​ពី​ថ្ងៃ​ទី​៤​ដល់​៦ មីនា ខាង​មុខ ៕