សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ដើម្បី​ទាក់ទាញ​អាជីវកម្ម​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​បន្ថែម​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន (AEC) នៅ​ក្នុងឆ្នាំនេះ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អីុន​ធឺ​ណេ​ត​ឈានមុខ​គេ​នៅ​កម្ពុជា អីុហ្ស៊ី​ខម​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា សេវាកម្ម​និង​បច្ចេកវិទ្យា​របស់​ខ្លួន​មានការ​រីក​ចម្រើន​ស្រប​តាម​ការ​កើនឡើង​នៃ​អា​ជីរ​កម្ម និង​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​។

លោក​ហែម សុវត្ថិ អគ្គនាយករង​ក្រុមហ៊ុន អីុហ្ស៊ី​ខម ថ្លែង​ថា​៖ «​វា​ច្បាស់​ណាស់​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​កើត​មាន ហើយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អីុនធឺណិត និង​បណ្តាញ​ទំនាក់ទំនង​នឹង​កើនឡើង​ដូច​គ្នា ។ សហគមន៍​ពាណិជ្ជកម្ម​នឹង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ ដើម្បី​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន និង​ទំនាក់ទំនង​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​។ ដូច្នេះ​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​សេវាអីុន​ធឺ​ណែ​ត​ដែល​មាន​ល្បឿន​លឿន និង​ប្រសិទ្ធភាព​បំផុត​ជូន​ដល់​ពួក​គេ​» ។

លោក ហែម សុវត្ថិ ថ្លែង​បន្ត​ទៀត​ថា​៖ «​កម្ពុជា ជា​ប្រទេស​ដ៏​ប្រសើរ​មួយ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ហើយ​ជាមួយនឹង​ដំណើរការ​ឆ្ពោះទៅ​មុខ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា ។ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​។​»

គោលដៅ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​ការ​បង្កើត​ឱ្យ​មាន​ទីផ្សារ​ប្រកួតប្រជែង​តែ​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង​១០​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ កាលពី​ឆ្នាំ​មុន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​អនុម័ត​ផែនការ​សម្រាប់​ឆ្នាំ​២០២៥ ដើម្បី​ប្រាកដ​ថា បណ្តា​ប្រទេស​ទាំងនោះ នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឆ្ពោះទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​នេះ​។

ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ​បណ្តា​ក្រុមហ៊ុន​នានា​បាន​អនុវត្ត​ការងារ​ចាំបាច់​រួច​ហើយ​ដើម្បី​ប្រាកដ​ថា ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​បាន​ទីផ្សារ​ប្រកួតប្រជែង ។

យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រទេស​កម្ពុជា ​មាន​អ្នក​ប្រើប្រាស់​អីុនធឺណេត​ចំនួន​៦,២​លាន​នាក់​ស ក្នុង​នោះ​អ្នក​ប្រើប្រាស់​អីុនធឺណេត​ប្រើ​ខ្សែ​មាន​ចំនួន ៧៧.៣០០​នាក់ ។

លោក ហែម សុវត្ថិ អគ្គនាយករង​ក្រុមហ៊ុន អិុហ្ស៊ី​ខម​បាន​ថ្លែង​ថា​៖ «​យើង​បាន​ត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ការ​ជួយ​ដល់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មក​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ក៏​បាន​អនុវត្ត​ការងារ​មួយ​ចំនួន​ហើយ​ដែរ ដើម្បី​ប្រាកដ​ថា ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​បាន​ទីផ្សារ​ប្រកួតប្រជែង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ដ៏​រឹង​មាំ​មួយ» ។​

យោង​តាម​ក្រុមហ៊ុន​អីុហ្ស៊ី​ខម ចំនួន​អ្នក​ប្រើប្រាស់​អីុនធឺណេត​កើនឡើង ២០%​ជា​រៀង​រាល់​ឆ្នាំ​ហើយ ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ការ​ហូរ​ចូល​សម​ស្រប​ណា​មួយ​ពី​ការ​ធ្វើ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ ។

ក្រុមហ៊ុន អីុ​ហ្ស៉ី​ខម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧ ហើយ​បាន​ប្រែ​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​អីុនធឺណេត​ឈានមុខ​គេ​នៅ​កម្ពុជា ។ ក្រុមហ៊ុន អីុ​ហ្ស៊ី​ខម ផ្តល់​នូវ​សេវា​ខ្សែកាប​អុ​ប​ទិ​ក​, VPN និង​ដំណោះស្រាយ​តាម​អីុនធឺណេត និង​ទូរគមនាគមន៍ ដល់​បណ្តា​ក្រុមហ៊ុន និង​អតិថិជន​ទូ​ទាំង​ប្រទេស​។​ក្រុមហ៊ុន អីុ​ហ្ស៊ីខម បាន​ទិញ​យក​ក្រុម​ហ៊ុន​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​Telcotech​ដែល​ជា​សមាជិក​តែ​មួយ​គត់​នៃ​បណ្តាញ​Asia American gateway នៅ​កម្ពុជា ក្នុង​ការ​ពង្រីក​សេវា​របស់​ខ្លួន​គ្របដណ្តប់​រហូត​ដល់​ទៅ​៩៩% ទូ​ទាំង​ប្រទេស ។ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន អីុ​ហ្ស៊ីខម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ក្នុង​ការ​បង្កើត​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ម៉ា​ឡេ​ស៊ី​-​កម្ពុជា​-​ថៃ  ដែល​នឹង​នាំ​មក​នូវ​សេវា​អីុន​ធឺ​ណេត​ដែល​មាន​ល្បឿន​លឿន និង​ទុកចិត្ត​បំផុត​មក​កាន់​ប្រទេស​កម្ពុជា ៕