អ្នកការទូតបរទេស ចោទសួរថាតើសេចក្ដីព្រាង ច្បាប់រដ្ឋធម្មនុញ្ញថៃអាចការពារ មិនឲ្យមានជម្លោះនយោបាយបាន ដែរឫទេ

បាងកក៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ គណៈកម្មការព្រៀងរដ្ឋធម្មនុញ្ញ ហៅកាត់ថា CDC របស់រដ្ឋាភិបាលថៃ និងមន្រ្តីការទូតបរទេសជាច្រើនរូប បានរៀបចំសន្និសីទឡើង ស្ដីពីសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្ដែត្រូវបានបណ្ដាអ្នកការទូតបរទេសចោទសួរថា តើសេចក្ដីព្រាងច្បាប់នេះ អាចជួយឲ្យប្រទេសជៀសផុតពីការធ្លាក់ចូលក្នុងជម្លោះនយោបាយ បានដែរឫទេ។

ទីភ្នាក់ងារសារព័ត៌មានថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា នៅក្នុងសន្និសីទនេះ មានអ្នកការទូតមកពី ១៦៣ប្រទេសចូលរួម និងអង្គការអន្ដរជាតិចំនួន ១១ ប៉ុន្ដែក្រុមអ្នករាយការណ៍ព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលរួមនោះទេ។

ក្រោយពេលសន្និសីទចប់ អ្នកនាំពាក្យគណៈកម្មការពង្រៀងរដ្ឋធម្មនុញ្ញលោក ណូរ៉ាចិត្ត ស៊ីញ្ញាស៊ីនី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកការទូតបរទេសតម្រូវឲ្យគណៈកម្មការពង្រៀង ស្នើឲ្យគណបក្សនយោបាយនីមួយៗ ផ្ដល់ឈ្មោះបេក្ខជននាយករដ្ឋមន្រ្តីយ៉ាងហោចណស់ ៣រូប មុនពេលបោះឆ្នោត ហើយសភា នឹងធ្វើការជ្រើសរើសនាយករដ្ឋមន្រ្តីក្នុងបញ្ជីឈ្មោះរួមមួយបន្ទាប់ពីការបោះឆ្នោតចប់។

លោកបន្ថែមទៀតថា អ្នកការទូតទាំងអស់ចង់ដឹងថា តើគណៈកម្មការពង្រៀង នឹងដោះស្រាយដោយរបៀបណា ដែលគ្រប់ភាគីតែងតាំងបេក្ខជនដូចគ្នា។ ប៉ុន្ដែលោកបញ្ជាក់ថា គណៈកម្មការពង្រៀងមិនសំដៅលើភាគីណាមួយគាំទ្រលើបេក្ខជនរូបណាក្លាយជានាយករដ្ឋមន្រ្តីនោះទេ ប៉ុន្ដែគណៈកម្មការ ចង់ឲ្យសាធារណៈជន ដឹងទុកជាមុនថា នរណានឹងត្រូវបានជ្រើសរើសក្នុងតំណែតជាបេក្ខជននាយករដ្ឋមន្រ្តី។

លោកបន្ថែមទៀតថា គណបក្សមួយចំនួន អាចគាំទ្របេក្ខជនដូចគ្នា សេចក្ដីព្រាងច្បាប់មិនបានហាមឃាត់ចំពោះចំណុចនេះទេ ប៉ុន្ដែបើមានករណីនេះ មានន័យថា ពួកគេចង់ឲ្យពិភពលោកមើលឃើញថា ពួកគេកំពុងបង្កើតដៃគូនយោបាយហើយ៕

អ្នកការទូតបរទេស ចោទសួរថាតើសេចក្ដីព្រាង ច្បាប់រដ្ឋធម្មនុញ្ញថៃអាចការពារ មិនឲ្យមានជម្លោះនយោបាយបាន ដែរឫទេ