ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ​៖ កីឡាករ​ចាន់ រតនៈ មក​ពី​ក្លិប​កងពលធំ​អន្ដរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​បល្ល័ង្ក​ងិ​ន ស​.​ច សាយ​បួរ នៅ​លើ​សង្វៀន​CTN នា​ថ្ងៃ​សៅរ៍ ទី​១៣ កុម្ភៈ  ខណៈ​មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​បល្ល័ង្ក​ថង ស​.​ច សាយ​បួរ ។

កីឡាករ​ថៃ​ប​ល្ល័​ង​ងិ​ន ស​.​ច សាយ​បួរ ដែល​ត្រូវ​ប៉ះ​ជាមួយ ចាន់ រតនៈ លើក​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ។ កីឡាករ​ថៃ​រូប​នេះ​មាន​កម្ពស់​១,៧២​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៧៣​ដង ឈ្នះ​៥០​ដង ចាញ់​២០​ដង ស្មើ​៣​ដង ។ ចំណែក​កីឡាករ​កម្ពុជា​មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៩៣​ដង ឈ្នះ​៦០​ដង ចាញ់​៣១​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដូ​ល​គួ​ប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៥​ដង ។ ទោះបីជា​ចាន់ រតនៈ មាន​ប្រ​វ​តិ្ត​ប្រកួត​លើស​បល្ល័ង្ក​ងិ​ន ស​.​ច សាយ​បួរ បន្តិច​មែន ប៉ុន្ដែ​បើ​ចង់​យកឈ្នះ​ប្រហែលជា​មិន​ងាយ​ឡើយ ។ ចាន់ រតនៈ បើ​តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក អត់​មាន​ស្នៀត​អី​ដែល​ធ្វើ​ឱ្យ​គូប្រកួត​បារម្ភ​ឡើយ ម្យ៉ាងវិញទៀត​កម្លាំង​របស់​គេ​ប្រកួត​បាន​ត្រឹមតែ​ទឹក​ទី​៣-​ទី​៤ គឺ​ទៅ​លែង​រួច​តែ​ម្ដង ។ ចាំ​មើល​ចាន់ រតនៈ អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​ដែល​មិន​ទាន់​ដឹង​ពី​សមត្ថភាព​រូប​នេះ​បាន​ឬ​អត់ ។

មា​ជ សុខ​រ៉ា ដែល​ត្រូវ​មក​ប៉ះ​កីឡាករ​ថៃ​បល្ល័ង្ក​ថង ស​.​ច សាយ​បួរ លើក​នេះ​ក៏​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ដែរ ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដង​កាលពី​ជាង​មួយ​ខែ​មុន ដោយ​យកឈ្នះ​ពិន្ទុ​កីឡាករ​ភិន សុទី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។

យោង​តាម​ប្រវត្តិ មា​ជ សុខ​រ៉ា ធ្លាប់​ប្រកួត​បាន​២៨​ដង ឈ្នះ​១៦​ដង ចាញ់​១២​ដង និង​ធ្លាប់​ផ្ដួល​គួ​ប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​ម្ដង​គត់ ។ ចំណែក​បល្ល័ង្ក​ថង ស​.​ច សាយ​បួរ ធ្លាប់​ប្រកួត​បាន​៦៩​ដង ឈ្នះ​៥០​ដង ចាញ់​១៥​ដង និង​ស្មើ​៤​ដង ។ ដូច្នេះ​ការ​ប្រកួត​លើក​នេះ មា​ជ សុខ​រ៉ា មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ជួប​ប្រកួត​ជាមួយ​កីឡាករ​ទេស ឧត្ដម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ឈាន រស្មី មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី និង​កីឡាករ​រស់ វិបុល មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​កីឡាករ ស្រិល ទ្រី មក​ពី​ក្លិប​គជសារ​កីឡា ៕