សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វិនិយោគទុន អាណិកជន​កម្ពុជា ​(OCIC) ជា​រៀង​រាល់​ឆ្នាំ​តែងតែ​រៀបចំ​ពិធី​ជួបជុំ​ជូនពរ ​និង​ប្រគល់​អំណោយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​រុងរឿង ក្នុង​សង្កាត់​ព្រែក​លៀប​ខណ្ឌ​ជ្រោយចង្វា ជា​តំបន់​អភិវឌ្ឍន៍​ថ្មី របស់​ក្រុមហ៊ុន ។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ កាល​ពី​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ ក្រុមហ៊ុន​ OCIC បាន​ជួបជុំ​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​រុងរឿង និង​មានការ​ចូលរួម​ពី​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​ផង​ដែរ ។

លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា បាន​មាន​ប្រសាសន៍​ថា តំបន់​ដែល​បងប្អូន​រស់នៅ​សព្វ​ថ្ងៃនេះ កាលពីដើម​ឡើយ ជា​តំបន់​ស្ងាត់ មិន​មាន​មនុស្ស​ឆ្លងកាត់​កុះករ មិន​មានទឹក​ភ្លើង សម្រាប់​បងប្អូន​ប្រើប្រាស់​ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ ហើយ​ជា​ដី​កសិកម្ម តែ​ក្រោយ​ពី​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន តំបន់​នេះ​ក្លាយជា​តំបន់​ដែល​មាន​សក្ដានុ​ពល មាន​ហេ​ដ្ឋ​រចនា​សម្ព​ន្ធ័​ល្អ សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​បងប្អូន ។

លោក​បន្ត​ថា ការ​អភិវឌ្ឍន៍​នីមួយ​ៗ​តែង​មានការ​ប៉ះពាល់​ដល់​បងប្អូន តែ​យ៉ាងណា​រាជរដ្ឋាភិបាល និង​ថ្នាក់​ដឹក​មូលដ្ឋាន តែងតែ​ជៀសវាង និង​ផ្ដល់​សំណង​ដល់​បងប្អូន​ឱ្យ​​បាន​សមរម្យ ធ្វើ​យ៉ាងណា​ឱ្យ​ការ​រស់នៅ និង​ជីវភាព​បងប្អូន​បាន​ប្រសើរ ជាក់ស្ដែង​គម្រោង​អភិវឌ្ឍន៍​នេះ​យើង​បាន​ផ្ដល់​ជូន​បងប្អូនឱ្យ​មាន​ភាព​ប្រសើរ​ឡើង មាន​ផ្លូវ​ស្អាត មានផ្ទះ​ស្អាត មិនមែន​ជា​កន្លែង​ស្ងាត់​ដូច​កាលពីមុន ។

អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន អាណិកជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​បុរី​រុងរឿង ដែល​ក្រុមហ៊ុន​បាន​រៀបចំផ្ទះ​ជូន​ដោយសារ​តែ​ការ​ប៉ះពាល់​ក្រោម​ការ​អភិវឌ្ឍន៍  ។ យើង​តែងតែ​គិតគូ​ដល់​បងប្អូន ដោយ​មាន​គណៈកម្មការ​គ្រប់គ្រង​រង់ចាំ​ដោះ​ស្រាយ​ជូន​បងប្អូន​រាល់ពេល​បងប្អូន​មាន​បញ្ហា ។

លោក​បន្ត​ថា​ក្រុមហ៊ុន OCIC នឹង​ធ្វើ​ជា​គំរូ​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ដទៃ​ទៀត ដើម្បី​ជួយ​បងប្អូន​ដែល​មានការ​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍន៍​របស់​ខ្លួន ហើយ​យើង​មិន​ចង់​អភិវឌ្ឍន៍ ដោយ​បងប្អូន​ពលរដ្ឋ​មិន​បាន​សុខ​នោះ​ដែរ ។

លោក​បញ្ជាក់​ថា តាម​គោលការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បាន​ចែង​ថា រាល់​ការ​ដោះ​ដូរ ដោយ​ការ​អភិវឌ្ឍន៍​ធ្វើ​យ៉ាងណា កុំឱ្យ​ពលរដ្ឋ​ទៅ​រស់​កន្លែង​ផ្សេង​ឆ្ងាយ​ពី​កន្លែង​ចាស់​៥​គីឡូ ហើយ​ជីវភាព​ក៏​ត្រូវ​ប្រសើរ​ជាង​មុន​ពេល​ដោះ​ដូរ​ដែរ ។ ដូចនេះ​បុរី​រុងរឿង​ដែល​ជា​កន្លែង​សម្រាប់​ដោះ​ដូរ​ជូន​បងប្អូន​ដែល​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍន៍ គឺ​ស្រប​ទៅ​តាម​ស្តង់ដារ ព្រោះ​យើង​បាន​អភិវឌ្ឍន៍​អោយ​មាន​ផ្សារ មាន​សាលារៀន មាន​ផ្លូវ​ស្អាត មាន​ប្រ​ព័​ន្ធ​ទឹក​ភ្លើង សម្រាប់​ឱ្យ​បងប្អូន​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​មុខរបរ​រាល់​ថ្ងៃជា​ពិសេស​ផ្ទះ​សមរម្យ ។ ម្យ៉ាងទៀត​នៅ​ថ្ងៃ​អនាគត បុរី​រុងរឿង​នេះ នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​មក​រស់នៅ​ទី​នេះ ដោយសារ​ការ​ពង្រីក​ទីក្រុង ដូចនេះ​បងប្អូន​ក្នុង​មូលដ្ឋាន​បុរី​រុងរឿង​នេះ មានមុខ​របរ​ល្អ​សម្រាប់​ប្រកប​អាជីវកម្ម ផ្លាស់​ប្តូរ​ពី​ការ​ដាំ​ត្រកួន មក​ជា​អ្នក​លក់ដូរ​ក្នុង​ផ្សារ ។

គួរ​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​OCIC​ក៏​ទទួល​បាន អំណោយ​ខ្លះ​ដូច​ជា អង្ករ មី ទឹកត្រី មុង សារុង និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​ផង​ដែរ ៕