អ្នករត់ម៉ូតូឌុបម្នាក់ ប្រាប់វិធីសាស្ត្រ គេចពីការពិន័យ របស់ប៉ូលីសចរាចរណ៍

ភ្នំពេញ៖ ស្ថិតក្នុងទឹកមុខញញឹមពព្រាយ លើកដៃឡើងលើចង្អុលមេឃ គូថជាប់នឹងកែបម៉ូតូ ក្បែរផ្សារទួលទំពូង ដែលជាសញ្ញាមួយ ដែលគេស្គាល់ថា «របៀបហៅម៉ូយរបស់អ្នករត់ម៉ូតូឌុប»  និងភ្ជាប់មកជាមួយនិងមួកពីរសម្រាប់ខ្លួន និងអតិថិជនជាអ្នកជិះ ដែលជាមេរៀនមួយ គួរអ្នកដំណើរផ្សេងទៀតធ្វើត្រាប់តាម ។

អ្នករត់ម៉ូតូឌុបម្នាក់ ក្បែរផ្សារទួលទំពូង រកមួយថ្ងៃ ហូបមួយថ្ងៃ បាននិយាយថា ច្បាប់ចរាចរណ៍ថ្មី ដែលដាក់ឲ្យប្រើប្រាស់ ដោយរាជរដ្ឋាភិបាលកម្ពុជា វាល្អប្រសើរ ដែលជួយកាត់បន្ថយគ្រោះថ្នាក់ នឹងធ្វើឲ្យមនុស្សយល់ដឹង ច្រើនពីច្បាប់ចរាចរណ៍  ។

លោក សូ ឌីណា ដែលជាអ្នករត់ម៉ូតូឌុបខាងលើថ្មីៗនេះ បានប្រាប់អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា «ច្បាប់ថ្មីនេះល្អណាស់ ដែលធ្វើឲ្យខ្ញុំមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ ហើយក៏ធ្វើឲ្យខ្ញុំមានការ យកចិត្តទុកដាក់ពេល បើកបរ ត្រូវពាក់មួកសុវត្ថិភាព» ។

អ្នករត់ម៉ូតូឌុបខាងលើនេះ បានបន្តថា «ដូចបងបានដឹងស្រាប់ហើយ សម្រាប់ខ្ញុំរកចំណូលមួយថ្ងៃ ផ្គត់ផ្គង់គ្រួសារមួយថ្ងៃ បើសិនជាប៉ូលីសចាប់ទៅ មិនដឹងបានលុយ ឯណាផ្គត់ផ្គង់គ្រួសារនោះទេ ចឹងហើយមានតែការប្រុងប្រយ័ត្ន ដោយពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិត និងគេចពីការពិន័យជាទឹកប្រាក់» ។

លោកបានបន្ថែមទៀតថា «វិធីល្អសម្រាប់ខ្ញុំ ជាអ្នករត់ម៉ូតូឌុប គឺមានតែគោរពច្បាប់តែប៉ុណ្ណោះ ដោយមិនភ្លេចនោះទេ ទិញមួកមួយថែមទៀត សម្រាប់អ្នកជិះពីក្រោយ  បើយើងមិនធ្វើចឹងទេ អ្នកដែលអស់លុយគឺយើង ហើយប៉ូលីសចរាចរណ៍មិន ទៅពិន័យអ្នកជិះខាងក្រោយឯណា គឺពិន័យយើងជាអ្នកបើក ដែលមិនក្រើនរំឭក ឲ្យអតិថិជនជិះខាងក្រោយ ពាក់មួកសុវត្ថិភាព»។បញ្ជាក់ផងដែរថា យោងតាមមាត្រា៨ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី អ្នកដែលប្រើប្រាស់ផ្លូវថ្នល់ សាធារណៈ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៕

អ្នករត់ម៉ូតូឌុបម្នាក់ ប្រាប់វិធីសាស្ត្រ គេចពីការពិន័យ របស់ប៉ូលីសចរាចរណ៍